ប្រគល់​ព្រះវិហារ​កា​តុ​លិ​នៅ​បូកគោ​ឱ្យ​សហគមន៍​គ្រប់គ្រង​ក្នុងន័យ​សុខដុម​សាសនា​និង​បង្កើន​ទេសចរ​

1304

(​កំពត​)៖ មិន​ត្រឹម​តែមាន​ភាពស្ងប់ស្ងាត់​ក្នុង​សហគមន៍​រៀងៗ​ខ្លួន​ប៉ុណ្ណោះ​ទេ គ្រប់​សាសនា​នៅ​កម្ពុជា​បាន និង​កំពុងដំណើរការ​ប្រកប​ដោយ​សុខដុម​នីយកម្ម ព្រមទាំង​ស្និទ្ធស្នាល​រវាង​គ្នា​ទៀតផង​។ នេះ​ជា​ប្រសាសន៍​របស់​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៧​។​

​ក្នុង​ពិធី​ប្រគល់​ព្រះវិហារ​កា​តុ​លិ​នៅលើ​កំពូលភ្នំ​ស្ថិតក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ជូន​ដល់​សហគមន៍​កា​តុ​លិ​កម្ពុជា​ភូមិភាគ​ភ្នំពេញ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថា ជា​មោ​ទ​ភាព​ណាស់​សម្រាប់​កម្ពុជា ដោយ​គ្រប់​សាសនា​ទាំងអស់​មាន​ភាព​សុខដុម និង​ស្និទ្ធស្នាល​រវាង​គ្នា​ដែលជា​ផ្នែក​មួយ​ជួយ​ពង្រឹង​សន្តិភាព ស្ថេរភាព​ឱ្យ​កាន់តែ​រឹងមាំ​។ ដូច្នេះ​បរិស័ទ​នៃ​អន្តរ​សាសនា​ទាំងអស់​ត្រូវ​ចូលរួម​ថែរក្សា​សន្តិភាព តាមរយៈ​បន្ត​ប្រពៃណី​សាមគ្គី និង​បង្កើន​ភាពស្និទ្ធស្នាល​ទ្វេ​ឡើង​ក្នុង​គោលដៅ​តែមួយ គឺ​ក្តី​សុខសាន្ត​សម្រាប់​អនាគត​។

​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់ថា ថ្ងៃនេះ​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងបរិស្ថាន​បានសម្រេច​ប្រគល់​ព្រះវិហារ​កា​តុ​លិ ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ជូន​ដល់​សហគមន៍​កា​តុ​លិ​កម្ពុជា​ភូមិភាគ​ភ្នំពេញ ដើម្បី​គ្រប់គ្រង និង​មាន​ភាពងាយស្រួល​លើ​ការងារ​ជួសជុល ព្រមទាំង​ជា​ប្រយោជន៍​ក្នុង​កិច្ច​ប្រតិបត្តិ​ផ្នែក​សាសនា​នៅ​ទីតាំង នៃ​កំពូលភ្នំ​ដែល​សម្បូរ​ដោយ​ទេសចរ​បរទេស​មក​ក​ម្សា​ន្ត​នោះ​។ កិច្ចការ​នេះ​រាជរដ្ឋាភិបាល​បានគិត​គូរ​ជា​យូរ​មកហើយ តែ​កន្លងមក​ការងារ​លម្អិត​មិនទាន់​ចូល​ឈានដល់​។

​លោក សាយ សំ​អាល់ បាន​មានប្រសាសន៍​ទៀតថា ពីថ្ងៃ​នេះ​ទៅ​សហគមន៍​មាន​ចំណែក​ក្នុងការ​ថែរក្សា​សោភ័ណភាព ជីវៈចម្រុះ និង​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​នៅ​បរិវេណ នៃ​ដែន​ព្រះវិហារ​ទាំងមូល​។ លើសពីនេះ សហគមន៍​ត្រូវ​ឆ្លង​យោបល់​ក្រសួង ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​នានា​មុននឹង​បង្កើត​សមិទ្ធផល ឬ​សាងសង់​សំណង់​សំខាន់ៗ​ណាមួយ​តាម​តម្រូវការ ហើយ​ជំនាញ​រង់ចាំ​សហការ​ជានិច្ច​។​

​លោក អូ​លី​យ៉េ​មី​ឆែ​ល ម៉ា​រី ជ្មី​ត​ហ​ស្លេ អភិបាល​ព្រះ​សហគមន៍​កា​តុ​លិ​កម្ពុជា​ភូមិភាគ​ភ្នំពេញ បាន​មានប្រសាសន៍ថា នេះ​ជា​កាដូ​ដ៏​ឧត្តុង្គឧត្តម​របស់​ក្រសួងបរិស្ថាន ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​នៃ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ប្រទាន​ព្រះវិហារ​មានតម្លៃ​មហាសាល​ចំ​ថ្ងៃ​នៃ​ពិធីបុណ្យ​ទិវា​កំណើត​ព្រះ​យេស៊ូ​។ គុណបំណាច់​ដ៏​ថ្លៃថ្លា​នេះ បរិស័ទ​នៃ​សហគមន៍​កា​តុ​លិ​កម្ពុជា​នឹង​ចងចាំ​ជានិច្ច ហើយ​ប្តេជ្ញា​បន្ត​រក្សា​ភក្តីភាព​ក្នុង​អន្តរ​សាសនា​នៅ​កម្ពុជា ដើម្បី​សន្តិភាព​ស្របតាម​ប្រសាសន៍​ផ្តាំផ្ញើ​របស់លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។

លោក​អភិបាល​សហគមន៍ បាន​បញ្ជាក់ថា ម្យ៉ាងទៀត​សហគមន៍​សន្យាថា ការ​បានមក​គ្រប់គ្រង​នៅទីនេះ សហគមន៍​នឹង​ខិតខំ​ប្រឹងប្រែង​បង្កើន​សោភ័ណភាព ដែលជា​ចំណែក​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​មក​កម្សាន្ត នៅលើ​កំពូលភ្នំ​ប្រៀបបាន​នឹង​ឋានសួគ៌​មួយ​នោះ​។​

​សូមបញ្ជាក់ថា​ព្រះវិហារ​កា​តុ​លិ​មាន​ទីតាំង​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​សាងសង់​ក្នុង​ឆ្នាំ​១៩៣០ គ្រា​ដែល​កម្ពុជា​ស្ថិតក្រោម​របប​អាណានិគមនិយម​បារាំង ហើយ​ព្រះមហាក្សត្រ​នៃ​រជ្ជកាល​នោះបាន​រាជានុញ្ញាត​ឱ្យ​សាងសង់ឡើង​ដើម្បី​បំពេញតម្រូវការ​សម្រាប់​ភ្ញៀវទេសចរ​ភាគច្រើន​ជា​ជនបរទេស​ប្រតិបត្តិ​ផ្នែក​សាសនា​។ ដោយសារ​សង្គ្រាម​អូសបន្លាយ​អស់​រយៈពេល​យូរអង្វែង​បានធ្វើឱ្យ​ព្រះវិហារ​នេះ​ស្ថិតក្នុង​ស្ថានភាព​នៃ​ការបោះបង់​ដូច​បណ្តា​សំណង់​អគារ​នានា​ដែរ​។ ទោះបី​មកដល់​ឆ្នាំ​១៩៩៨ ដែល​ប្រទេសជាតិ​មាន​សន្តិភាព​ទៅហើយ​ក្តី ទាំង​ទីតាំង​ព្រះវិហារ ទាំង​កន្លែង​សមិទ្ធផល​ប្រវត្តិសាស្ត្រ​នានា​លើ​កំពូលភ្នំ​បូកគោ​នេះ​នៅតែ​ហាក់បីដូច​ជាទី​ស្មសាន​ដដែល​។ ក្រោយពី​មានការ​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​សុខាអូតែល ជាមួយនឹង​ការអភិវឌ្ឍ​លើ​គ្រប់ផ្នែក ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​បានធ្វើឱ្យ​ភ្ញៀវ​បរទេស​សម្រុក​មក​កម្សាន្ត​នៅលើ​កំពូលភ្នំ​បូកគោ ហើយ​ពួកគេ​តែង​ចូល​គយគន់ និង​រៀបចំ​ពិធី​ប្រតិបត្តិ​ទោះ​មិនមាន​សហគមន៍ ឬ​មេសា​សនា​គ្រប់គ្រង​ក៏ដោយ​៕​L ដោយ៖ បូកគោ