ប្រជាជន​កម្ពុ​ជាជាង​៦០​ភាគរយ​ប្រារព្ធ​បុណ្យចូលឆ្នាំ​ចិនៈ គ្រោះថ្នាក់​វប្ប​ធ​ម​ជាតិ ?

168
ចែករម្លែក

ភ្នំពេញៈ​គេ​អាច​នៅចាំ​បាន​ថា​អតីត​រដ្ឋលេខាធិការ និង ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ លោក ថៃ នរ​សត្យា បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ​( Xinhua ) កាលពី​ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៨ ថា ” ប្រជាជន​កម្ពុ​ជាជាង ៦០​ភាគរយ​បាន​ប្រារព្ធ​ពិធី បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន ” ។

​លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ និង ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ

​ទោះយ៉ាងណា ការអះអាង​របស់​អតីត​រដ្ឋលេខាធិការ​រូបនេះ មិនមាន​ទិន្នន័យ​ជាក់លាក់ ឬ ក៏​មិនមាន​ទិន្នន័យ នៃ ការសិក្សា​ណាមួយ​ឡើយ ពោលគឺ​គ្រាន់តែ​ជាការ​វាយតម្លៃ​ជា​លក្ខណៈ ប៉ាន់ប្រមាណ​ផ្ទាល់ខ្លួន​របស់លោក​ប៉ុណ្ណោះ ។​

​ទោះ​បែបនេះ​ក្តី​ក៏​មិនមែន​គ្មាន​ទឡ្ហីករណ៍​ដែរ ដោយហេតុថា នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី ជនជាតិ​ចិន ដែល​ឆ្នាំនេះ​ចាប់ពី​ថ្ងៃទី ២៤-២៧ ខែ មករា នេះ ស្ថាប័ន​ការងារ​មួយចំនួន ជាពិសេស ស្ថាប័នឯកជន បាន​បិទទ្វារ ។ ដង​វិថី​សាធារណៈ​ដែល​ធ្លាប់តែ​មមាញឹក ដោយ​យានជំនិះ​គ្រប់​ប្រភេទ ស្ទើរតែ​រំកិល​ខ្លួន​ទៅមុខ​មិន​រួច ក៏​ប្រែជា​ស្រឡះ ខណៈ​ក្រសួង ស្ថាប័នរដ្ឋ ក៏ដូចជា​សាលារៀន​រដ្ឋ​ខ្លះ ស្ងាត់​មនុស្ស ស្ទើរតែ​គ្មាន​សិស្ស​ចំណែក​ផ្សារ​ធំៗ​នៅ ក្នុង​រាជធានី​ភ្នំពេញ ដែល​មិនមែនជា​ផ្សារ​ទំនើប បាន​បិទទ្វារ ៣-៤ ថ្ងៃ ។​

​ប៉ុន្តែ​បើក​មើល​ទៅតាម​លំនៅឋាន​នានា នៅតាម​ទីប្រជុំជន ជាពិសេស​នៅតាម​រាជធានី និង ខេត្ត គេ​កម្រ​ឃើញ​ផ្ទះ​ណាមួយ​មិន​រៀបចំ​សែនព្រេន​ស្វាគមន៍​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ណាស់ គ្រាន់តែ​ខុសគ្នា​ត្រង់​ថា ពួកគេ​ធ្វើ​លក្ខណៈ​តូចតាច ឬ ធំដុំ ប៉ុណ្ណោះ ។​

​ប្រការនេះ បានធ្វើឱ្យ​ពូក​អ្នក​អភិរក្ស​វប្បធម៌​និយម បារម្ភ​ថា ប្រពៃណី​វប្បធម៌​ចិន​លប់​លើ ប្រពៃណី​វប្បធម៌​ខ្មែរ​ដែលជា​ម្ចាស់​ទឹកដី ដោយសារ​គេ​ឃើញថា អ្នកខ្លះ​បើទោះជា​តាមពិត ពួកគេ មាន​ឈាមជ័រ​ជា​ខ្មែរ​សុទ្ធសាធ​តាំងពី​ដូនតា​មក​ក្តី ក៏​ពួកគេ​ចាប់ផ្តើម​ផ្លាស់​ប្រែ​ពី​ខ្មែរ ទៅ​ប្រព្រឹត្ត​កាន់​ឥរិយាបថ ឬ ធ្វើ​ខ្លួនគេ​ទៅជា​ជនជាតិ ចិន តាមរយៈ​ប្រតិបត្តិ​ប្រពៃណី​វប្បធម៌​ចិន ដែរ ហើយ​ការប្រែប្រួល​បែប​នោះ បន្ទាប់ពី​ពួកគេ​មាន​ជីវភាព​ល្អប្រសើរ​ជាង​មុន​មាន​ឋានៈ បុណ្យស័ក្តិ ឬ កិត្តិយស​ជាង​មុន ( ការ​សែន​ចិន គេ​និយម​ធ្វើ​ឡើងជា​លក្ខណៈ​អធិកអធម គឺ​ត្រូវ​ចំណាយ​ថវិកា​ច្រើន ហើយ​កាលដែល​នៅ​ក្រក្រី​ពួកគេ​គ្មាន​លទ្ធភាព​ទិញ​របស់របរ ច្រើនបែប​នោះ​សម្រាប់​សែន ទើប​ពេល​ធូរធា​ជាង​មុន​ទើប សែន ) ជាដើម ។​

​មាន​អ្នកសិក្សា​សង្គម​ខ្លះ​បាន​អះអាង​ប្រហាក់ប្រហែលគ្នា​ថា ប្រការ​ដែលនាំឱ្យ​ជនជាតិ ខ្មែរ​មួយចំនួន​ប្រារព្ធ​ពិធីសែនព្រេន ពោលគឺ​ធ្វើខ្លួន​ហាក់ដូចជា​ជនជាតិ ចិន ដោយសារតែ មូលហេតុ ពីរ យ៉ាង​ចម្បងៗ​។​គឺ ទីមួយ​. ចង់ឱ្យ​ខ្លួនគេ និង គ្រួសារ​គេ ( ខ្មែរ​ដែលជា​អ្នក​សែន ចិន ) ឆ្លាត​ដូច​កូនចៅ​ចិន ( ព្រោះ​នៅក្នុង​សង្គម​ខ្មែរ ត្រូវបាន​គេ​ច្រើនតែ​គិតថា កូនចៅ​ចិន ភាគច្រើនបំផុត គឺ​ឆ្លាត ជាពិសេស​ខាង​រកស៊ី ហើយ​កម្រ​មាន​អ្នក​ចោលម្សៀត​ណាស់ ) និង ទី ពីរ​. គឺ​ដើម្បីឱ្យ​ធូរធា​ដូច​គ្រួសារ​ចិន ( ព្រោះ​នៅក្នុង​សង្គម​ខ្មែរ ត្រូវបាន​គេ​មើលឃើញថា អ្នកមានៗ ភាគច្រើន​គឺ​កូនចៅ​ចិន ) ។​

​តាម​ការសាកសួរ​កន្ល​ង​មក អ្នកខ្លះ​បាន​ឆ្លើយ​ដោយ​ងាយ​យល់ថា ពួកគេ​សែនព្រេន​បែប​ជន ជាតិចិន នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន នោះ គឺ​ពួកគេ​ដឹងថា​ខ្លួនគេ​មិនមែនជា​ជនជាតិ​ចិន ទាំង​មិន​ជាប់ ស្រ​ឡាយ​ចិន​ឡើយ ហើយក៏​មិនមែន​ចង់​ធ្វើជា ចិន ដែរ រឹតតែ​មិន​ចង់​លើកតម្កើង​ប្រពៃណី​ចិន ដែរ ប៉ុន្តែ​ដោយហេតុថា បើ​មិន​សែន​ទេ គ្រួសារ នឹង​មិនមាន​អាហារ​ឆ្ងាញ់ៗ​សម្រាប់​បរិភោគ ខណៈ​នៅ​ថ្ងៃ​សែន​ចិន អ្នកជិតខាង​សុទ្ធ​តែមាន​ម្ហូ​អាហារ​នំចំណី​សម្បូរពោពាស​ដែល​ប្រការ នេះ គេ​ធ្លាប់​និយាយ​លេង​តៗ​គ្នា​ថា ” សែន​ចិន កុំឱ្យ​ដូនតា (​គ្រួសារ​) មើល​មាត់​គេ ! ( សែន ដើម្បី បាន​ផឹកស៊ី ) ” ។​

​ខាងលើនេះ​គឺជា​អ្វីដែល​ត្រូវបាន​និយាយ​លេង​ផង មែន​ផង និង ច្រើន​បំផុត ។ ទោះយ៉ាងណា បើ​គិត​បន្តិច​ទៅ​ឃើញថា ចម្លើយ​នេះ​មិន​សម​ហេតុផល​ទេ ព្រោះថា បើ​គ្រាន់តែ​ចង់បាន អាហារ​ឆ្ងាញ់ៗ​សម្រាប់​បរិភោគ គេ​មិនចាំបាច់​សែនព្រេន ដូចជា​ជនជាតិ ចិន ឬ អ្នក​ជាប់ ស្រ​ឡាយ ចិន ទេ គឺ​គេ​គ្រាន់តែ​ទិញ​អាហារ​ចំណី​មក​បរិភោគ​ជួបជុំគ្នា​ក៏​គឺជា​ការ​ស្រេច ដែល​របៀបនេះ ត្រូវបាន​គេ​ធ្វើ​មួយឆ្នាំ​ទល់​មួយឆ្នាំ​រួចទៅហើយ ។​

​ពេល​និយាយ​ដល់​ចំណុច​នេះ អ្នកខ្លះ​បកស្រាយ​ថា គោលបំណង​សំខាន់​គឺ​ទិញ​អាហារ​មកជួប ជុំ​បរិភោគ​សប្បាយ​នោះឯង​ពិតមែន គ្រាន់តែ​ថា មុននឹង​បរិភោគ ក៏​រៀបចំ​សែនព្រេន​សិន​ទៅ ព្រោះ​ខ្មែរ​ក៏មាន​ប្រពៃណី​សែនព្រេន​ដែរ គឺថា​ទុក​ថា​ជាការ​រំឭក​ដឹងគុណ​ដូនតា មុន ទើប​បរិភោគ​តាម​ក្រោយ ។

​ការបកស្រាយ​បែបនេះ ក៏​មិនទាន់​អាច​ទទួលយក​បានដែរ ព្រោះថា បើទោះជា​ដូច​អ្វីដែល លើកឡើង​មកនេះ​ក្តី ក៏​ប្រពៃណី​សែនព្រេន​ខ្មែរ មិន​ដុត​ក្រដាស​មាស ក្រដាសប្រាក់ ឡើយ ។ ប៉ុន្តែ​ឃើញថា​ពួក​អ្នកបកស្រាយ​ខាងលើនេះ សែនព្រេន​ក្នុង​ថ្ងៃ​ចូលឆ្នាំ ចិន​ដោយមាន​ដុត ក្រដាស​មាស ក្រដាសប្រាក់​ជាដើម ពោល​គឺមាន​រូបភាព​ដូចជា​ពិធីសែនព្រេន​របស់​ជន​ជាតិ ចិន ។​

​កម្ពុជា​បើកចំហរ​ការជ្រើសរើស​ជំនឿ និង ប្រតិបត្តិ​ប្រពៃណី​ទំនៀមទម្លាប់ ដែល​បានសេចក្តីថា មិនមាន​កំហុស​ចំពោះ​ច្បាប់​ឡើយ ប្រសិនបើ​បុគ្គល​ណា​ម្នាក់​ប្រតិបត្តិ​ប្រពៃណី​បរទេស ដូចជា​សែន ចិន ជាដើម​នេះ បើ​ទោះ​ជន​នោះ ជា ចិន ឬ មិនមែន ចិន ក៏ដោយ ។ អ្វី​ដែលជា ចំណោទ គឺពាក់ព័ន្ធ​ទៅនឹង​វប្បធម៌​ជាតិ ពោល​គឺជា​ភារកិច្ច​របស់​មនុស្សម្នា​ក់​ចំពោះ​ប្រពៃណី វប្បធម៌​ជាតិ​របស់ខ្លួន​តែប៉ុណ្ណោះ ។​

​លោក សាស្ត្រាចារ្យ សំបូរ ម៉ាន់​ណា​រ៉ា អ្នកជំនាញ​ខាង​ប្រវត្តិសាស្ត្រ​បានលើកឡើង​ថា មិនមាន​អ្វី​គួរឱ្យ​បារម្ភ​ឡើយ ព្រោះ​ប្រពៃណី​វប្បធម៌​ខ្មែរ និង ប្រពៃណី​វប្បធម៌​ចិន​មាន​លក្ខណៈ ប្រហាក់ប្រហែល​គ្នាច្រើន​អន្លើ ហើយ​ប្រពៃណី​វប្បធម៌ នៃ ជាតិ​សាសន៍​ទាំងពីរ​(​ខ្មែរ និង ចិន ) បានធ្វើ​សុខដុម​នីយកម្ម​នឹង​គ្នា​បាន​យ៉ាង​ល្អ ដែល​ចំណុច​ខ្លះ​ស្ទើរតែ​លែង​នៅ​ជា​ប្រពៃណី វប្បធម៌ ចិន ពោលគឺ​ស្ទើរតែ​បានក្លាយ​ទៅជា​ប្រពៃណី​វប្បធម៌​ខ្មែរ​ទៅហើយ ។​

​លោក​សាស្ត្រាចារ្យ សំបូរ ម៉ា​ណា​រ៉ា ពន្យល់ថា វត្តមាន​របស់​ជនជាតិ​ចិន​ក៏ដូចជា​ការអនុវត្ត ប្រពៃណី​វប្បធម៌ ចិន នៅលើ​ទឹកដី​ខ្មែរ ដូចជា សែន​ក្បាលទឹក សែន​ផ្នូ សែន​ព្រះ​ខែ និង ចូលឆ្នាំថ្មី ចិន ជាដើម មិន​ត្រឹមតែ​មិន​ធ្វើឱ្យប៉ះពាល់​អវិជ្ជមាន​ដល់​ប្រពៃណី​វប្បធម៌​ខ្មែរ ប៉ុណ្ណោះ​ទេ ក៏​ថែមទាំង​នាំមក​នូវ​ផលចំណេញ និង រួមចំណែក​ផ្នែក​សេដ្ឋកិច្ច​ក្នុងសង្គម​ខ្មែរ និង ធ្វើឱ្យ​សង្គម​ខ្មែរ​ស្គាល់ និង យល់ដឹង​ពី​តម្លៃ នៃ វប្បធម៌​ផ្សេងគ្នា ។ អ្វីដែល​សំខាន់ គឺ​ខ្មែរ​ត្រូវ ពង្រឹង​ការអនុវត្ត​ច្បាប់​របស់​ប្រទេស និង ពង្រឹង​អត្តសញ្ញាណ​ប្រពៃណី​វប្បធម៌​ជាតិ​ខ្លួន ។​

ការ​មាន​ពិធី​ចូលឆ្នាំ ចិន នៅ​ស្រុក​ខ្មែរ​
​តាម​ឯកសារ​ប្រវត្តិសាស្ត្រ ខ្មែរ និង ចិន មាន​ទំនាក់ទំនង​ការទូត​នឹង​គ្នា យ៉ាងហោច ណាស់ ក៏​អស់​រយៈពេល​ពីរពាន់​ឆ្នាំ​មកហើយ​ដែរ ។ ប៉ុន្តែ​ការដែល​មាន​ជនជាតិ​ចិន មក​តាំង​លំនៅ អចិន្ត្រៃយ៍​នៅ​ប្រទេស​កម្ពុជា នា​សម័យ​មហានគរ ដែល​គេ​អាច​ដឹង​រឿងនេះ​បាន​តាមរយៈ កំណត់ហេតុ​របស់លោក ជីវ តាក្វាន់ បេស​ក​ទូត ចិន​ដែល​បានមក​ស្នាក់​នៅក្នុង​ចក្រភព អង្គរ​ពី​ឆ្នាំ ១២៩២ ដល់​ឆ្នាំ ១២៩៧ ( ឯកសារ​ខ្លះ​ថា ពី​ឆ្នាំ ១៣២៦ គឺជា​ឆ្នាំ​ដែល នាយ​ចាយ ឬ នាយ ត្រសក់ផ្អែម ឡើង​សោយរាជ្យ បន្ទាប់ពី​បាន​ជ្រែករាជ្យ​នៅ​ឆ្នាំ ១៣២៣ ) ។ ប៉ុន្តែ​ពុំមាន ឯកសារ​ណាមួយ ដោយ​រួមទាំង​កំណត់ហេតុ​របស់លោក ជីវ តាក្វាន់ ផង អះអាងថា​មាន ការរៀបចំ​ចូលឆ្នាំថ្មី ចិន នៅលើ​ទឹកដី​ខ្មែរ​ទេ ។

​អាហារ​ចំណី​សម្បូរពោរពាស គឺជា​មូលហេតុ​ដ៏​សំខាន់​មួយ ដែល​អាច​ទាកទាញ​ជនជាតិខ្មែរ មួយចំនួន​ឱ្យ​រៀបចំ​សែន​ចិន

​ប្រសិនបើ​លោក ជីវ តាក្វាន់ បាន​ប្រទះឃើញ​ប្រពៃណី​វប្បធម៌ នៃ ជាតិ​សាសន៍ ចិន របស់គាត់ ត្រូវបាន​អនុវត្ត​នៅលើ​ទឹកដី​បរទេស គឺ​នៅ​នគរ​ខ្មែរ នា​គ្រានោះ​គាត់​ប្រាកដជា​បាន​សរសេរ មិនខានឡើយ ។ ហេតុនេះ គេ​អាច​បកស្រាយ​បាន​ថា គិត​ត្រឹម​ចុង​សតវត្សរ៍​ទី ១៣ នៃ គ្រិស្តសករាជ ប្រពៃណី​វប្បធម៌ ចិន មិនទាន់​ត្រូវបាន​អនុវត្ត​នៅលើ​ទឹកដី​ខ្មែរ​នៅឡើយ ហើយ​បើទោះជា​មាន ក៏មាន​ត្រឹមតែ​ជា​លក្ខណៈ​បុគ្គល ឬ ត្រឹមតែ​តិចតួច​បំផុត ទើប​រយៈពេល ប្រមាណ​ជា​ប្រាំ ទៅ ប្រាំមួយ​ឆ្នាំ ដែល​លោក ជីវ តាក្វាន់​បំពេញបេសកកម្ម​ការទូត​នៅលើ​ទឹកដី ខ្មែរ មិនបាន​ប្រទះឃើញ ។​

​អ្នកតាមដាន​ប្រវត្តិសាស្ត្រ​ខ្មែរ អះអាងថា ពិធី​ចូលឆ្នាំ ចិន ត្រូវបានធ្វើ​នៅ​ប្រទេស​ខ្មែរ​នៅក្នុង រជ្ជកាល​របស់​ព្រះបាទ អង្គ ឌួង ( ១៨៤៨ ដល់ ១៨៦០ នៃ គ្រិស្តសករាជ ) គឺ​ពួកគេ​ចាប់ផ្តើម​កត់ សម្គាល់​ឃើញថា ប្រពៃណី​វប្បធម៌ ចិន​ត្រូវបាន​អនុវត្ត​នៅលើ​ទឹកដី​ខ្មែរ​នៅ​អំឡុង​សម័យកាល នេះ ជាក់ស្តែង​នៅក្នុង​ស្នាដៃ​អក្សរសិល្ប៍​រឿង ផ្កា​ស្រពោន របស់​កវី នូ ហាច ( បោះពុម្ព​នៅ​ឆ្នាំ ១៩៤៩ ) ក៏មាន​និយាយ​ដល់​បុណ្យចូលឆ្នាំ ចិន ដែរ ។​

​ហេតុនេះ​គេ​អាច​សន្និដ្ឋានបានថា ប្រពៃណី​វប្បធម៌ ចិន យ៉ាងហោចណាស់ ក៏​ពិធីបុណ្យ​ចូលឆ្នាំ ចិន ត្រូវបាន​អនុវត្ត​នៅលើ​ទឹកដី​ខ្មែរ នៅ​អំឡុង​រជ្ជកាល​ព្រះ​ករុណ​អង្គឌួង គឺ​ពី​ចន្លោះ​ឆ្នាំ ១៨៤៨ ដល់ ១៨៦០ ហើយក៏​ប្រហែលជា​មិន​ត្រូវបាន​អនុវត្ត​មុននេះ​យូរ​ប៉ុន្មាន​ដែរ ព្រោះ​មុន​រជ្ជកាល នោះ ប្រទេស​កម្ពុជា ត្រូវបាន​ញាំញី​ដោយ​សង្គ្រាម ។​

​គួរ​កត់សម្គាល់ថា ប្រពៃណី​ជ​វប្បធម៌ ចិន ជាពិសេស​ពិធីបុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​របស់​ពួកគេ មិនមែន​ធ្វើ​តែ​នៅក្នុង​ប្រទេស ចិន និង នៅ​ប្រទេស​កម្ពុជា​ឡើយ គឺ​ត្រូវបានធ្វើ​នៅ​ស្ទើរតែ​គ្រប់ ប្រទេស​ទូទាំង​ពិភពលោក ពោលគឺ​ឱ្យតែ​ទីណា​មាន​ជនជាតិ ចិន រស់នៅ​ពួកគេ​តែងតែ​នាំ យក​ប្រពៃណី​វប្បធម៌​របស់​ពួកគេ​ទៅ​អនុត្ត​ដល់ទី​នោះៗ ៕ ដោយៈ មេសា​

​អាហារ​ចំណី​សម្បូរពោរពាស គឺជា​មូលហេតុ​ដ៏​សំខាន់​មួយ ដែល​អាច​ទាកទាញ​ជនជាតិខ្មែរ មួយចំនួន​ឱ្យ​រៀបចំ​សែន​ចិន
​អាហារ​ចំណី​សម្បូរពោរពាស គឺជា​មូលហេតុ​ដ៏​សំខាន់​មួយ ដែល​អាច​ទាកទាញ​ជនជាតិខ្មែរ មួយចំនួន​ឱ្យ​រៀបចំ​សែន​ចិន