ប្រជាជន​កូរ៉េខាងត្បូង​ធ្វើដំណើរ​ទៅ​កូរ៉េខាងជើង​ដើម្បី​ជួបជុំ​គ្រួសារ​ជា​លើកដំបូង បន្ទាប់ពី​បែក​គ្នា​ជាច្រើន​ទសវត្សរ៍​

676
ចែករម្លែក
  • 67
    Shares

ពលរដ្ឋ​វ័យ​ចំណាស់​និង​ជន​ចាស់ជរា​កូរ៉េខាងត្បូង​រាប់សិប​នាក់​បានចេញ​ដំណើរ​ទៅ​កូរ៉េខាងជើង​នៅ​ថ្ងៃ​ចន្ទ​ទី​២០​សីហា​នេះ​ដើម្បី​ជួបជុំ​សាច់ញាតិ​ជា​លើកដំបូង​ចាប់តាំងពី​ពួកគេ​បាន​បែក​គ្នា​ជិត​៧​ទសវត្សរ៍ ដោយសារ​សង្គ្រាម​បែងចែក​ឧបទ្វីប​កូរ៉េ​និង​គ្រួសារ​របស់​ពួកគេ​។​

​ការជួប​ជុំគ្នា​រយៈពេល​៣​ថ្ងៃនេះ​នឹង​ប្រព្រឹត្តទៅ​នៅ​រមណីយដ្ឋាន​ភ្នំ​គុម​កាង នៅ​ប្រទេស​កូរ៉េខាងជើង បន្ទាប់ពី​មាន​ភាព​ធូរស្រាល​ខ្លាំង​ខាង​ការទូត​រវាង​ប្រទេសជិតខាង​នេះ​។​

​មនុស្ស​រាប់លាន​នាក់​ត្រូវបាន​បំបែកចេញ​ពីគ្នា​ដោយ​សង្គ្រាម​កូរ៉េ​ឆ្នាំ ១៩៥០-៥៣ ដែល​បែងចែក​បងប្អូន​ប្រុស​ស្រី​ឪពុក​ម្ដាយកូនៗ​និង​ប្ដី​ប្រពន្ធ ហើយ​បានបញ្ចប់​ទៅដោយ​ការ​ពុះ​ឧបទ្វីប​កូរ៉េ​ជា​២​នៅត្រឹម​តំបន់​គ្មាន​កងទ័ព​។​

​ពលរដ្ឋ​កូរ៉េខាងត្បូង​វ័យ​ចំណាស់​ចំនួន ៨៩ នាក់ ស្លៀកពាក់​ឈុត​ធំ​ដ៏​ស្អាត​អង្គុយ​នៅលើ​កៅអី​រុញ បាន​ឡើង​ជិះ​រថយន្តក្រុង​ទេសចរណ៍ ១៤ គ្រឿង​នៅ​ទីក្រុង​សុក​កូ ដោយ​ខ្លះ​មាន​ទឹកមុខ​រំភើប​រីករាយ និង​ខ្លះទៀត​ហាក់​មិន​ជឿ​នឹង​ភ្នែក​ដែល​បានធ្វើ​ដំណើរ​ទៅ​កូរ៉េខាងជើង មុនពេល​ក្បួន​រថយន្ត​នេះ​ចេញដំណើរ​ជាមួយ​ក្បួន​រថយន្ត​ប៉ូលិស​បើក​អម​។​

​ក្នុងចំណោម​ពួកគេ​គឺមាន​លោកយាយ លី គឹម​សឹម បច្ចុប្បន្ន​អាយុ ៩២ ឆ្នាំ​ដែល​កំពុង​រង់ចាំ​ជួប​កូនប្រុស​របស់គាត់​ជា​លើកដំបូង ចាប់តាំងពី​គាត់​បាន​ចាកចោល​កូនប្រុស បន្ទាប់ពី​ភាពចលាចល​នៃ​សង្គ្រាម​។​

​លោកយាយ​បាន​បាត់​ប្ដី​និង​កូនប្រុស​អាយុ ៤ ឆ្នាំ នៅពេលដែល​គ្រួសារ​របស់លោក​យាយ​បាន​ភៀសខ្លួន និង​ឡើង​ជិះ​សាឡាង​ទៅកាន់​ភាគខាងត្បូង​ជាមួយ​ទារិកា​តែមួយគត់​របស់គាត់ ដែល​ឥឡូវ​កំពុង​អមដំណើរ​លោកយាយ​ទៅ​ជួបជុំគ្នា​ដែរ​។​

​កូនប្រុស​ឥឡូវនេះ​មាន​អាយុ ៧១ ឆ្នាំ ហើយ​លោកយាយ​លី​ត្រូវបាន​កូនប្រុស​ប្រាប់ថា​នឹង​នាំ​កូនប្រសារ​មកជា​មួយ​ផងដែរ​ក្នុងការ​ជួបជុំ​នេះ​៕ ដោយ៖ កញ្ញាដាលីស

ប្រជាជន​វ័យ​ចំណាស់​កូរ៉េខាងត្បូង ៨៩ នាក់​ចេញដំណើរ​ទៅ​ជួបជុំ​សាច់ញាតិ​នៅ​កូរ៉េខាងជើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ