ក្រុមហ៊ុនមួយនៅប្រទេសកូរ៉េខាងត្បូង កំពុងផ្ដល់សេវារៀបចំពិធីបុណ្យសពឥតគិតថ្លៃ ប៉ុន្តែមិនមែនសម្រាប់អ្នក ស្លាប់ទេ គឺសម្រាប់តែអ្នករស់ប៉ុណ្ណោះ។
រហូតមកទល់ពេលនេះ មនុស្សដល់ទៅជាង ២៥.០០០ នាក់បានចូលរួមក្នុងពិធី “បុណ្យសពមនុស្សរស់” (living funeral) នៅក្រុមហ៊ុនរៀបចំពិធីបុណ្យសព Hyowon Healing Centre ចាប់តាំងពីបើកដំណើរការក្នុងឆ្នាំ២០១២ មក ដោយសង្ឃឹមថា វានឹងផ្តល់ឱកាសឱ្យអ្នកចូលរួមបានរៀនសូត្រពីមេរៀនជីវិត និងខំធ្វើសេចក្ដីល្អ។
អ្នកស្រី ចូ ជែហ៊ី (Cho Jae-hee) វ័យ ៧៥ ឆ្នាំដែលបានចូលរួមក្នុងពិធីបុណ្យសពមនុស្សរស់ ក្នុងកម្មវិធីមួយផ្ដួច ផ្ដើមឡើងដោយមណ្ឌលសុខុមាលភាពចាស់ជរានិយាយថា “ពេលអ្នកដឹងពីការស្លាប់ ហើយឆ្លងកាត់វាដោយផ្ទាល់ អ្នកនឹងទទួលបានមេរៀនថ្មីក្នុងជីវិត”។
អ្នកចូលរួមក្នុងពិធីនេះត្រូវថតរូបមួយកំណាត់ខ្លួនដាក់មុខមឈូស សរសេរពាក្យបណ្ដាំចុងក្រោយនិងដេកពិចារណា នៅក្នុងមឈូសបិទជិតរយៈពេលប្រមាណ ១០ នាទី។
និស្សិតវ័យ ២៨ ឆ្នាំឈ្មោះ ឆយ ជីនគ្យូ (Choi Jin-kyu) និយាយថា ការដេកពិចារណាក្នុងមឈូសធ្វើឱ្យគាត់នឹក ឃើញដល់ការស្លាប់ដែលគ្មានអ្នកណាម្នាក់អាចចៀសផុត ដូច្នេះពេលនៅរស់មិនគួរធ្វើអំពើអាក្រក់ឡើយហើយគួរ តែព្យាយាមធ្វើសេចក្ដីល្អឱ្យបានច្រើន។
សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង ជាប់ចំណាត់ថ្នាក់លេខ ៣៣ ក្នុងចំណោម ៤០ប្រទេសដែលត្រូវបានស្ទង់ មតិនៅក្នុង “សន្ទស្សន៍ជីវិតល្អប្រសើរ” (Better Life Index) នៃអង្គការដើម្បីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ សេដ្ឋកិច្ច (Organisation for Economic Cooperation and Development) ឬហៅកាត់ PECD។
ពលរដ្ឋកូរ៉េ វ័យក្មេងភាគច្រើនមានក្ដីសង្ឃឹមខ្ពស់លើការសិក្សារៀនសូត្រ និងការងារ ប៉ុន្តែក្ដីសង្ឃឹមនេះត្រូវរលាយ ដោយសារសេដ្ឋកិច្ចធ្លាក់ចុះ និងកំណើនគ្មានការងារធ្វើ។
ដោយសាររងការវាយប្រហារផ្លូវចិត្តពីកត្តាទាំងនេះ នៅក្នុងឆ្នាំ២០១៦ អត្រាធ្វើអត្តឃាតមាន ២០,២% ក្នុង ចំណោមរាល់ពលរដ្ឋ ១០០.០០០ នាក់។ អត្រានេះបង្ហាញថា វាស្ទើរតែស្មើទ្វេដងបើធៀបនឹងអត្រាជាមធ្យម ១០,៥៣% នៅទូទាំងពិភពលោក នេះបើយោងតាមអង្គការសុខភាពពិភពលោក WHO៕ ប្រែសម្រួលៈខុម