ប្រជាជន​រស់នៅ​ស្រុក​អន្លង់វែង រៀបរាប់​ពីបទ​ពិសោធន៍​ក្នុង​របប​ខ្មែរក្រហម​

(​សម្ភាសន៍​ដោយ​និស្សិត​ស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​)

5644
ចែករម្លែក
  • 53
    Shares

​ដោយៈ អ៊ុន​សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត
​បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ​នៅក្នុង​ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា​មិនទាន់​ទទួលបាន សន្តិភាព​នៅឡើយ​ទេ​។ ក្រុមខ្មែរក្រហម​បាន​ប្រមូលផ្តុំ​នៅ​តំបន់​អន្លង់វែង ដើម្បី​បន្ត​ចលនា​តស៊ូ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​។ អន្លង់វែង គឺជា​អតីត​តំបន់​ដាច់ស្រយាល​ស្ថិតនៅតាម​បណ្តោយ​ជួរ​ភ្នំ ដងរែក និង​គ្រប់គ្រង​យ៉ាងរឹងមាំ​ដោយ​កង​យោ​របស់​ខ្មែរក្រហម​ដែល​ដឹកនាំ​ដោយ តា​ម៉ុក​។ បន្ទាប់ពី​កង​យោធា​របស់​ខ្មែរក្រហម​បានធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​នៅ ដើមឆ្នាំ​១៩៩៩ អតីត​មេដឹកនាំ​ខ្មែរក្រហម​និង​អតីត​កម្មាភិបាល​ខ្មែរក្រហម​ភាគច្រើន​បានសម្រេច​ចិត្ត​បន្ត​រស់នៅ​តំបន់​អន្លង់វែង​ដើម្បី​កសាង​ជីវិត​ថ្មី​របស់ខ្លួន​រហូតដល់​បច្ចុប្បន្ន​។​

​សព្វថ្ងៃនេះ នៅពេលដែល​រំឭក​ដល់​តំបន់​អន្លង់វែង មនុស្ស​ភាគច្រើន​តែងតែ​គិតថា​ជា តំបន់​ដាច់ស្រយាល​រប​ស់​ខ្មែរក្រហម និង​តំបន់​គួរ​ឲ្យ​ភ័យខ្លាច​។ ផ្ទុយស្រឡះ​ពី​ការគិត​ទាំងនេះ ទឹកដី​នៃ​តំបន់​អន្លង់វែង បាន​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ​ពី​ទីជនបទ​ស្ងាត់ជ្រងំ​ទៅជា​កន្លែង​មួយ​ដែល​កំពុង តែ​ទាក់ទាញ​ប្រជាជន​ពី​តំបន់​ផ្សេងៗ​ឲ្យ​ចូលមក​រស់នៅ និង​ប្រកប​របរ​រកស៊ី​ជា​បន្តបន្ទាប់​ដោយសារតែ​ធនធានធម្មជាតិ​ដ៏​សម្បូរបែប​ក្នុង​សហគមន៍​នេះ​។ ក្រៅពី​ធនធាន​ទាំងនេះ អន្លង់វែង ក៏ មាន​ប្រវត្តិសាស្ត្រ​ដ៏​គួរ​ឲ្យ​សង្វេគ​ដែល​ប្រជាជន​បាន​ឆ្លងកាត់​។ ខាងក្រោម​នេះ គឺជា​ការរៀបរាប់ អំពី​បទពិសោធន៍​ជីវិត​របស់​ប្រជាជន​ដែល​កំពុងតែ​រស់នៅក្នុង​សហគមន៍​អន្លង់វែង​សព្វថ្ងៃនេះ​ថា តើ​គាត់​បាន​ឆ្លងកាត់ ប្រឈមមុខ និង​ដោះស្រាយ​បញ្ហា​ដែល​គាត់​បាន​ជួបប្រទះ នូវក្នុង​របប​ខ្មែរ ក្រហម​ដូចម្តេចខ្លះ​៖

១) រឿងរ៉ាវ​របស់ សៅ លីម ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ត្បែង ស្រុក​សន្ទុក ខេត្ដ​កំពង់ធំ​។ សព្វថ្ងៃ លីម និង​ក្រុមគ្រួសារ កំពុង​រស់នៅ​ភូមិ​សន្ដិភាព ឃុំ​ត្រពាំង ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ ៖

​ខ្ញុំ​តែងតែ​រំពឹងទុក​ថា ខ្ញុំ​នឹង​បាន​ត្រឡប់ទៅផ្ទះ​ជួបជុំ​ក្រុមគ្រួសារ និង​សាច់ញាតិ នៅពេលដែល​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ ប៉ុន្តែ​អ្វីៗ​ដែល​បាន​កើតឡើង​បន្ទាប់ពី​របប​ខ្មែរក្រហម​ឡើងកាន់​កាប់​អំណាច គឺ​ផ្ទុយស្រឡះ​ពី​ការរំពឹងទុក​របស់ខ្ញុំ​ទាំងស្រុង​។​

​មុន​ពេលដែល​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ ខ្ញុំ​គឺជា​អតីត​យោធា​ខ្មែរក្រហម​បម្រើការ ក្នុង​កងពល​លេខ​២៥០​។ ខ្ញុំ​សង្ឃឹមថា ការជួយ​ដណ្តើម​អំណាច​ឲ្យ​ខ្មែរក្រហម​អាចធ្វើ​ឲ្យ​ប្រទេសជាតិ​ទទួលបាន​សន្តិភាព​ឡើងវិញ ប៉ុន្តែ​នៅពេលដែល​របប​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ នា​ថ្ងៃទី​១៧ មេសា ឆ្នាំ​១៩៧៩ ប្រជាជន​ទាំងអស់​ត្រូវបាន​បង្ខំ​ឲ្យ​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ​ក្នុង​រយៈ ពេល​ប៉ុន្មាន​ម៉ោង​តែប៉ុណ្ណោះ​។ ចំណែក​ខ្ញុំ ត្រូវបាន​ខ្មែរក្រហម​ផ្លាស់​ពី​ភ្នំពេញ​ឲ្យ​ទៅ​ឈរជើង​នៅ ភូមិភាគ​ឦសាន​វិញ​។ មិនយូរប៉ុន្មាន ខ្មែរក្រហម​បានចាប់ផ្តើម​ផ្លាស់ប្តូរ​មេដឹកនាំ​មុនៗ​។ ការ​រស់ នៅ​របស់​ប្រជាជន​ចាប់ផ្តើម​រឹតបន្តឹង និង​មានការ​រំលោភបំពាន​សិទ្ធិសេរីភាព​យ៉ាងខ្លាំង​។ ការ ប្រតិបត្តិ​សាសនា ការសិក្សាអប់រំ ទំនាក់ទំនង​គ្រួសារ និង​សកម្មភាព​ផ្សេងៗ ក៏​ត្រូវបាន​ហាមឃាត់ ទាំងស្រុង​។ ប្រជាជន​ទទួលរង​ការធ្វើ​បាប ការកាប់សម្លាប់ និង​ធ្វើ​ទារុណកម្ម​។ ស្ថានភាព​នៃ​ការ រស់នៅ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​ជួប​ការលំបាក គ្មាន​អាហារ​ហូប​គ្រប់គ្រាន់ និង​មានការ​បែក បាក់​គ្នា​។

​ខ្ញុំ​គិតថា ខ្ញុំ​គឺជា​មនុស្ស​ម្នាក់​ដែលមាន​ភ័ព្វសំណាង​ណាស់​ក្នុងចំណោម​ប្រជាជន​ខ្មែរ​ដែល រងគ្រោះ​ពីរ​បប​ខ្មែរក្រហម​។ នៅពេលដែល​ខ្ញុំ​ឈឺ​ថ្កាត់ ខ្ញុំ​ត្រូវបាន​គ្រូពេទ្យ​មើលថែរក្សា និង​យក ចិត្ត​ទុកដាក់ ចំណែកឯ​ចំណីអាហារ​វិញ ខ្ញុំ​ក៏​ទទួលបាន​គ្រប់គ្រាន់​ដែរ​។ ប៉ុន្តែ ខ្ញុំ​មិន​ធ្លាប់​ដែល​បាន ទំនាក់ទំនង​មក​ក្រុមគ្រួសារ​ទេ​ក្នុងអំឡុង​របប​ខ្មែរក្រហម​។ ដំណឹង​ដំបូង​ដែល​ខ្ញុំ​ទទួលបាន​ពី គ្រួសារ​របស់ខ្ញុំ គឺ​សមាជិក​ក្នុង​ក្រុមគ្រួសារ​របស់ខ្ញុំ​ម្នាក់ ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់​ដោយ សារ​លួច​គាស់​ដំឡូង​របស់​អង្គការ​។

​រហូតមកដល់​ឆ្នាំ​១៩៩៩ ខ្ញុំ នឹង​ក្រុមគ្រួសារ ក៏បាន​ជួបជុំគ្នា​វិញ រួច​ហើយក៏​សម្រេចចិត្ត មិន​ត្រឡប់​ទៅ​ស្រុកកំណើត​នៅក្នុង​ស្រុក​សន្ទុក ខេត្តកំពង់ធំ​វិញ​ទេ ដោយ​សម្រេចចិត្ត​ចាប់ផ្តើម កសាង​ជីវិត​ថ្មី​នៅក្នុង​ភូមិ​សន្តិភាព ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​រហូតដល់ សព្វថ្ងៃនេះ​។

២) រឿងរ៉ាវ​របស់ ជោ សារ៉ាន់ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ភូមិ​សន្តិភាព ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ​។​

​ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ភូមិ​ក្រាំង​ឈើ​នាង ឃុំ​ត្បែង​ទៀន ស្រុក​កណ្ដាលស្ទឹង ខេត្ដ​កណ្ដាល​។ បន្ទាប់ពី​របប​សាធារណរដ្ឋ​ខ្មែរ​បាន​ដួលរលំ ខ្ញុំ​ត្រូវបាន​ខែ្មរ​ក្រហម​ជម្លៀស​ឲ្យ​មករ​ស់ នៅក្នុង​ភូមិ​វាល​កណ្ដាល ឃុំ​បា​គូ ស្រុក​កណ្ដាលស្ទឹង ខេត្ដ​កណ្ដាល​។ នៅពេលនោះ ខ្ញុំ​ទើបតែ មាន​អាយុ​ត្រឹមតែ​៧​ឆ្នាំ​តែប៉ុណ្ណោះ​។ ខ្ញុំ​ត្រូវបាន​បំបែក​ចេញពី​គ្រួសារ និង​ទៅ​រស់នៅក្នុង​កងកុមារ ជាមួយ​កុមារ​ដ៏​ទៃ​ជាច្រើន​នាក់​ទៀត ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​និង​មើលថែ​ពី​មនុស្ស​ចាស់ៗ​ក្នុង​កង​នោះ​។ នៅក្នុង​របប​ខ្មែរក្រហម កុមារ​ក៏ត្រូវ​តែ​ធ្វើការ​ងារ​ដែរ​។ ខ្មែរក្រហម​បាន​បញ្ជា​ឲ្យ​ខ្ញុំ កាប់​អុស កាប់​ដើម​ទន្ទ្រានខែត្រ និង​ដើរ​រើស​អាច​ម៌​គោ​ដើម្បី​ធ្វើជា​ជី​សម្រាប់​ដាក់​ស្រែ​និង​ធ្វើ ការងារ​ផ្សេងៗ​ទៀត​ជាច្រើន​។ ខ្ញុំ​ចាំបាន​ថា ការរស់នៅ​របស់​ប្រជាជន​នៅក្នុង​សម័យ​នោះ គឺ​ពិត ជា​លំបាក​ខ្លាំងណាស់​។ មនុស្ស​វ័យ​ចំណាស់ ត្រូវបាន​ខ្មែរក្រហម​ប្រើ​ឲ្យ​មើល​ក្មេង​តូចៗ​និង ការងារ​ស្រាលៗ​ជាច្រើន​ទៀត​។ ចំណែកឯ​មនុស្ស​ដែលមាន​អាយុ​ចាប់ពី​អាយុ​១៣ ដល់​២៥​ឆ្នាំ ត្រូវបាន​ខ្មែរក្រហម​ជ្រើសរើស​ឲ្យ​ទៅធ្វើ​ការងារ​ធ្ងន់ៗ​ជាច្រើន ដូចជា លើក​ទំនប់ ជីក​ប្រឡាយ និង ធ្វើស្រែ​ចម្ការ​។ ប្រជាជន​ខ្លះទៀត​ត្រូវបាន​ខ្មែរក្រហម​ចាត់​ឲ្យ​ទៅធ្វើជា​កងទ័ព​ដែរ​។ ខ្មែរក្រហម បាន​បញ្ជា​ឲ្យ​ប្រជាជន​ធ្វើ​ការងារ​លើសពី​៨​ម៉ោង​ក្នុង​មួយថ្ងៃ ដោយ​មិន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក ឡើយ ដើម្បី​ឲ្យ​សម្រេចបាន​លទ្ធផល​តាម​គោលការណ៍​ដែល​បាន​ព្រៀងទុក​។ ចំពោះ​អ្នក​ដែល ធ្វើ​ការងារ មិនទាន់​តាម​ផែនការ​កំណត់ ត្រូវ​ក្រុម​ឈ្លប​ខ្មែរក្រហម​បាន​រាយការណ៍​ទៅ​ថ្នាក់លើ និង​យកទៅ​កសាង ឬ​សម្លាប់ចោល​។ ឪពុកម្ដាយ​របស់ខ្ញុំ ត្រូវបាន​ក្រុមខ្មែរក្រហម​យកទៅ​សម្លាប់ ចោល នៅពេល​គាត់​កំពុងតែ​លើក​ទំនប់​។ ខ្មែរក្រហម​បាន​ចោទ​គាត់​ថា​ជា​រនុកក្នុង ព្រោះតែ​ឪពុក ម្ដាយ​របស់ខ្ញុំ​ធ្វើការ​មិន​រួចរាល់​តាម​ការកំណត់រ​បស់​ខ្មែរក្រហម​ដែល​បានកំណត់​ឲ្យ​ធ្វើ​។ បើទោះបីជា​ឪពុកម្ដាយ​របស់ខ្ញុំ បាន​ស្លាប់​ទៅហើយ​ក្ដី ក៏​ខ្ញុំ​នៅតែ​បន្ដ​រស់ក្នុង​មណ្ឌលកុមារ​ដដែល​។​

​នៅក្នុង​របប​ខ្មែរក្រហម ទោះបីជា​ធ្វើការ​ងារ​ធ្ងន់​យ៉ាងណា ប៉ុន្តែ​របប​អាហារ​គឺ​ទទួលបាន ត្រឹមតែ​បបរ​លាយ​ជាមួយ​ដើម​ផ្ទី និង​ពោតក្រហម ដែល​បបរ​នោះ​គឺមាន​អង្ករ​ត្រឹមតែ ២ ទៅ​៣​កំប៉ុង​ប៉ុណ្ណោះ​ក្នុង​មួយ​ខ្ទះត្នោត​។ ការធ្វើការ​ហួសកម្លាំង​និង​ការបរិភោគ​មិន​គ្រប់គ្រាន់​បានធ្វើ​ឲ្យ ប្រជាជន​ជាច្រើន​នាក់​ប្រឈម​នឹង​ការឈឺ​ថ្កាត់ និង​ឈានទៅដល់​ការបាត់​បង់ជីវិត​ជា​បន្ដបន្ទាប់​។
​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ខឹង​រាល់​ពេលដែល​នឹកឃើញ​របប​ខ្មែរក្រហម​ម្តងៗ​។ ខ្មែរក្រហម បាន​រឹបអូស​យក​សម្ភារ ឬ​ទ្រព្យសម្បត្ដិ​ផ្សេងៗ ដាក់​ធ្វើជា​កម្មសិទ្ធិរួម​។ ចំណែកឯ ទិន្នផល​ដែល​ទទួលបាន​ពី​ស្រែចម្ការ ខ្មែរក្រហម​បាន​ប្រមូលយក​ទាំងអស់ រីឯ​អ្នក​បញ្ចេញ​កម្លាំង​ពលកម្ម​និង​ខិតខំ ធ្វើ​នោះ​គឺ​ទទួលបាន​ត្រឹមតែ​ភាព​នឿយហត់​ប៉ុណ្ណោះ​។ កុំថាឡើយ​សូម្បីតែ​ហូប ប៉ុន្តែ​សូម្បីតែ​ការនិយាយស្តី ក៏​យើង​គ្មាន​សិទ្ធិ​និយាយ​ផង​។ ម្យ៉ាងទៀត សម្រាប់​ការជ្រើសរើស​គូស្រករ​វិញ​គឺ អង្គការ​បាន​ចាត់​ឲ្យ​មានការ​រៀបការ​ចាប់ពី​៣០ ទៅ​៥០​គូ ក្នុង​មួយ​លើក ដែល​ភាគី​ទាំងសងខាង សឹងតែ​មិន​ធ្លាប់​ស្គាល់គ្នា​។ យើង​អាច​និយាយបានថា នេះ​ជាការ​រៀបការ​ដោយ​បង្ខំ​។ ក្រោយ​ពិធី រៀបការ ប្រសិនបើ​គូស្នេហ៍​ណា​ដែល​មិន​ចុះសម្រុង​គ្នា ហើយ​ត្រូវ​កងឈ្លប​ស៊ើប​ដឹង គឺ​ត្រូវ​ទទួល ទោស​។ ដូច្នេះហើយ ទើប​មិនមាន​នរណាម្នាក់​ហ៊ាន​ប្រកែក​តវ៉ា ឬ​ហ៊ាន​បង្ហាញ​ពី​ភាពមិន​ពេញ ចិ​ត្ដ​ចំពោះមុខ​អង្គការ​ឡើយ​។​
​ខ្ញុំ​ពិត​រីករាយ​ណាស់​នៅពេលដែល​ប្រទេស​កម្ពុជា​បាន​រួច​ផុតពី​របប​ដ៏​ឃោរឃៅ​នេះ​។ ខ្ញុំ សូម​ផ្ដាំផ្ញើ​ទៅកាន់​អ្នកជំនាន់ក្រោយៗ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ប្រទេសជាតិ​ធ្លាក់ចូល​ទៅក្នុង​ភ្លើងសង្គ្រាម​ដូច​ទៅនឹង​របប​ខ្មែរក្រហម​ទៀត​។​
៣)​រឿងរ៉ាវ​របស់ សាំង សា​វីន ភេទ​ស្រី អាយុ​៥៩​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​អូរ​ក្រពើ ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្ដ​កំពង់ធំ និង​សព្វថ្ងៃ​រស់នៅ​ក្នុងភូមិ​សន្ដិភាព ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ ៖
​ខ្ញុំ​បាន​ចងចាំ​ថា នៅពេលដែល​ខ្មែរក្រហម​វាយ​បាន​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​១៧ មេសា ឆ្នាំ​១៩៧៥ ខ្ញុំ មាន​អាយុ​១៥ ឆ្នាំ​។ ខ្ញុំ និង​ប្រជាជន​ដ៏ទៃទៀត​បាន​ចូលរួម​អបអរសាទរ​និង​សប្បាយ រីករាយ​ខ្លាំងណាស់​ចំពោះ​ជ័យជម្នះ​នេះ ព្រោះ​យើង​សង្ឃឹមថា​សង្គ្រាម​ត្រូវបាន​បញ្ចប់​។ ប៉ុន្តែ​មិន យូរ​ប៉ុន្មាន ខ្ញុំ​និង​ប្រជាជន​ផ្សេងទៀត​ត្រូវបាន​ជម្លៀស​ចេញពី​ទីកន្លែង​ដែល​កំពុងតែ​រស់នៅ​។ ការ ជម្លៀស​នេះ គឺ​ដើម្បី​ធ្វើការ​បង្កបង្កើនផល​និង​ធ្វើ​ការងារ​ដើម្បី​ផ្គត់ផ្គង់​ដល់​វិស័យ​កសិកម្ម​ផ្សេងៗ ដូចជា លើក​ទំនប់ និង​ជីក​ប្រលាយ​ជាដើម​។
​ទោះបីជា​ធ្វើការ​ងារ​ធ្ងន់ធ្ងរ​យ៉ាងណា ខ្ញុំ ទទួលបាន​ត្រឹមតែ​បបរ​រាវ​លាយ​ជាមួយ​បន្លែ​តែ ប៉ុណ្ណោះ​។ ខ្ញុំ​អាច​តស៊ូ​បាន​គ្រប់​ការងារ​ទាំងអស់ ទោះបី​វា​ជាការ​ងារ​ដែល​លំបាក​យ៉ាងណា​ក៏ ដោយ ពីព្រោះ​ខ្ញុំ​ជា​អ្នកធ្វើ​ស្រែចម្ការ​។
​នៅ​ឆ្នាំ​១៩៧៦ ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ខ្មែរក្រហម និង​វៀតណាម កាន់​តែមាន​សភាព ធ្ងន់ធ្ងរ​ទៅៗ ដោយបាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជាច្រើន​នាក់​។ ខ្ញុំ​និង​ក្រុមគ្រួសារ​ភ័យខ្លាច​យ៉ាងខ្លាំង និង​បានសម្រេច​ចិត្ត​រត់​ចូលទៅ​ក្នុងព្រៃ រួចហើយ​បានធ្វើ​ដំណើរ​រហូតមក​ដល់​ទឹកដី​អន្លង់វែង​និង បាន​បន្ដ​ការរស់នៅ​ក្នុង​តំបន់​នេះ​អស់​មួយរយៈ​។ ក្នុងកំឡុងពេល​នៃ​ការ​ស្នាក់នៅ​របស់ខ្ញុំ​នៅ​តំបន់​អន្លង់វែង ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព​វៀតណាម និង​ខ្មែរក្រហម​តែងតែ​កើតមាន ដូច្នេះ​ប្រជាជន ដែល​រស់នៅក្នុង​តំបន់​អន្លង់វែង​ទាំងអស់​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ឲ្យ​ឡើងលើ​ភ្នំ និង​បញ្ជូន​ឲ្យ ទៅ​រស់នៅ​ជំរំ​នៅក្នុង​ទឹកដី​ប្រទេស​ថៃ​។ ជា​អកុសល​នៅតាម​ផ្លូវ​ធ្វើដំណើរ​ទៅកាន់​ជំរំ ប្អូនប្រុស របស់ខ្ញុំ​បាន​ស្លាប់​ដោយសារ​ជាន់មីន​។ ខ្ញុំ និង​ម្ដាយ ព្រមទាំង​ប្អូនៗ​ចំនួន​៣​នាក់​ទៀត​នៅតែ ខិតខំ​ធ្វើដំណើរ​ទៅមុខទៀត​រហូតដល់​ជំរំ​គ​-៧ (​ដងទង់​) ក្នុង​ទឹកដី​នៃ​ប្រទេស​ថៃ ជាមួយ​ប្រជាជន ជាច្រើន​។ ខ្ញុំ​និង​ក្រុមគ្រួសារ​បាន​បន្ដ​រស់នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​អស់​រយៈពេល​៥​ឆ្នាំ​ដោយ​តែង តែ​នឹកគិត និង​ព្រួយបារម្ភ​ជានិច្ច​ចំពោះ​សុវត្ថិភាព​បងស្រី​របស់ខ្ញុំ​ដែល​ធ្វើ​ការងារ​នៅក្នុង​កង​ដឹក ជញ្ជូន​របស់​ខ្មែរក្រហម​នៅតាម​សមរភូមិ​នៅក្នុង​ទឹកដី​ខ្មែរ​។
​នៅក្នុង​ឆ្នាំ​១៩៧៩ ខ្ញុំ​បាន​រៀបការ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ ហេង សា​រិ និង មានកូន​ចំនួន ៣​នាក់​។ នៅក្នុង​កំឡុង​ឆ្នាំ​១៩៨១ ខ្មែរក្រហម​បាន​បញ្ជូន​ប្រជាជន​ដែល​រស់​នៅតាម​ព្រំដែន​និង ជំរំ​ទាំងអស់​ឲ្យ​ត្រឡប់មក​តំបន់​អន្លង់វែង​វិញ​។ ក្នុងកំឡុងពេល​នោះ តំបន់​អន្លង់វែង​បាន​ស្ថិតក្នុង ភាពវឹកវរ​យ៉ាងខ្លាំង ដែល​នេះ​ជា​មូលហេតុ​បណ្តាល​ឲ្យ​ខ្ញុំ​និង​ប្តី​ត្រូវបាន​បែកបាក់​គ្នា​។ ក្រោយមក នៅ​ឆ្នាំ​១៩៨៩ សង្គ្រាម​បាន​បង្ករ​ភាពវឹកវរ​កាន់តែខ្លាំង​ឡើងៗ​នៅ​តំបន់​អន្លង់វែង​។ ប្អូនប្រុស​របស់ ខ្ញុំ ត្រូវបាន​ខ្មែរក្រហម​បញ្ជូន​ឲ្យ​ធ្វើ​កងការពារ​ព្រំដែន ចំណែក​ខ្ញុំ​និង​ក្រុមគ្រួសារ បាន​រត់​ភៀស ខ្លួន​ទៅកាន់​ជំរំ​ជនភៀសខ្លួន​ភូ​ណ​យ​នៅក្នុង​ទឹកដី​ថៃ​ម្តងទៀត ដោយ​ទទួលបាន​ជំនួយ​ឧបត្ថម្ភ​ពី អង្គការសហប្រជាជាតិ​។ ខ្ញុំ​បាន​ត្រឡប់មក​រស់នៅក្នុង​ទឹកដី​អន្លង់វែង​ចាប់​តាំង​ចាប់តាំងពី​ឆ្នាំ ១៩៩៨ រហូតមកដល់​បច្ចុប្បន្ន​។​

៤) រឿងរ៉ាវ​របស់ ទិ​ត្យ រើ​ន ភេទ​ស្រី អាយុ​៦០​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ក្នុងភូមិ​សន្ដិភាព ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ ។​
​ខ្ញុំ​គឺជា​កូន​ទី​២​ក្នុងចំណោម​បងប្អូន​៣​នាក់​។ ឪពុក​របស់ខ្ញុំ​ឈ្មោះ មិន ទិ​ត្យ និង​ម្ដាយ​របស់ ខ្ញុំ​ឈ្មោះ យិន សៅ​។ ។ ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ភូមិ​អាង​ខ្ចៅ ឃុំ​កំពែង ស្រុក​គិរីវង្ស ខេត្ដ​តាកែវ​។​
​មុន​ពេលដែល​ខ្មែរក្រហម​ឡើងកាន់​កាប់​អំណាច គ្រួសារ​របស់ខ្ញុំ​គឺជា​គ្រួសារ​កសិករ​មួយ​ដែល មាន​ជីវភាព​មធ្យម​។ នៅ​កំឡុង​ឆ្នាំ​១៩៧០ ពេលដែល​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​ព្រះ​នរោត្តម សីហនុ ចេញពី​តំណែង ខ្ញុំ​មាន​អាយុ​ត្រឹមតែ​១១​ឆ្នាំ​តែប៉ុណ្ណោះ​។ ប្រទេសជាតិ​បានចាប់ផ្តើម​កើត ភាពវឹកវរ ចលាចល ដោយសារតែ​ការដណ្តើម​អំណាច​គ្នា​។ រហូតដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ ១៩៧៥ ខ្ញុំ​បាន​ឮថា​ខ្មែរក្រហម​បាន​ផ្តួលរំលំ​របប លន់ នល់ និង​ឡើង​កាន់កាប់​អំណាច​ទាំងស្រុង នៅក្នុង​ប្រទេស​កម្ពុជា​។ ចំណែកឯ​ទីក្រុង​ភ្នំពេញ ត្រូវបាន​ខ្មែរក្រហម​កាន់កាប់​ទាំងស្រុង​និង​បាន ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ចេញពី​ទីក្រុង​ទាំងអស់​។ ហេតុការណ៍​នៅតាម​ខេត្ត​ផ្សេងៗ​ក៏​មិនសូវ ខុសគ្នា​ពី​ទីក្រុង​ប៉ុន្មាន​ដែរ ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ចេញពី​ទីប្រជុំជន​ឲ្យ​ទៅ​រស់នៅ​ទី កន្លែង​ផ្សេងៗ​តាម​ទីជនបទ​ដាច់ស្រយាល​។ ខ្ញុំ​និង​ក្រុមគ្រួសារ​ពិតជា​សំណាង​ណាស់ ព្រោះ​យើង មិន​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ឲ្យ​ចាក​ចេញពី​ភូមិឋាន​ទេ​។ នៅពេលដែល​ខ្មែរក្រហម​ចូលមក ដល់​កន្លែង​ដែល​ខ្ញុំ​រស់នៅ ខ្ញុំ​មាន​អាយុ​ប្រហែល​១៧​ឆ្នាំ ជា​វ័យ​ដែល​ខ្មែរក្រហម​ចាត់ទុកថា​នៅ ក្នុង​ក្រុមយុវជន ដោយ​ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ​ធ្វើ​ការងារ​ជាច្រើន​ដូចជា ដកសំណាប ស្ទូងស្រូវ និង​លើក​ទំនប់ ដែល​ការងារ​ទាំងអស់នេះ គឺមាន​កម្លាំង​មនុស្ស​ជាច្រើន​នាក់​បាន​ចូលរួម​ធ្វើ​។ ប្រជាជន​ទាំងអស់​ធ្វើការ​ដោយ​មិនមាន​ពេល​សម្រាក​ឡើយ គឺអាច​សម្រាក​បាន​ក្នុងកំឡុងពេល ហូប​អាហារ​តែប៉ុណ្ណោះ​។ ចំពោះ​របប​អាហារ​ក្នុង​របប​ខ្មែរក្រហម ក៏​ប្រជាជន​ទទួលបាន​មិន គ្រប់គ្រាន់​ដែរ ដោយ​ក្នុង​មួយថ្ងៃ ប្រជាជន​អាច​ទទួលបាន​អាហារ​តែ​២​ពេល​ប៉ុណ្ណោះ​ដែល​ក្នុង មួយពេលៗ ទទួលបាន​បបរ​ចំនួន​ពីរ​វែក​តែប៉ុណ្ណោះ​។ ការធ្វើការងារ​ហួសកម្លាំង និង​ការបរិភោគ មិន​គ្រប់គ្រាន់ បានធ្វើ​ឲ្យ​ប្រជាជន​ជាច្រើន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ និង​ស្លាប់​ជា​បន្ដបន្ទាប់​។ ប្អូនស្រី​របស់ខ្ញុំ​ត្រូវបានចាត់តាំង​ចូលធ្វើ​ការងារ​ក្នុង​កងកុមារ ដែល​ពេលនោះ​នាង​បាន​ចូលរៀន​ថ្នាក់​ទី ១​។ គ្រូ​បាន​ឲ្យ​នាង​សូត្រ​ព្យញ្ជនៈ​ខ្មែរ និង​រៀន​ច្រៀង​បទ​ចម្រៀង “១៧ មេសា មហា​ជោគជ័យ​” ជាប្រចាំ​ថ្ងៃ​។ ក្រៅពី​ការងារ​រៀនសូត្រ ខ្មែរក្រហម​បាន​បញ្ជា​ឲ្យ​ប្អូនស្រី​របស់ខ្ញុំ និង​កុមារ​ដ៏ទៃទៀត កាប់​ដើម ទន្ទ្រានខែត្រ រើស​អាច​ម៌​គោ និង​ដើម​ស្មៅ ដើម្បី​ធ្វើជា​ជី​សម្រាប់​ដាក់​ស្រែ​។​
​ថ្ងៃមួយ ខ្ញុំ និង​សមាជិកគ្រួសារ​ទាំងអស់ ត្រូវបាន​អង្គការ​ចោទប្រកាន់ថា​ជា​ខ្មាំង ព្រោះ អង្គការ​គិតថា​ឪពុក​របស់ខ្ញុំ​ធ្លាប់​ប្រកបរ​បរជា​អ្នកលក់ដូរ​។ ជា​សំណាងល្អ ប្រធាន​ឃុំ​ឈ្មោះ សំ ដែល​ស្គាល់គ្នា​ជាមួយ​ឪពុក​របស់ខ្ញុំ​បាន​និយាយប្រាប់​កងឈ្លប​ខ្មែរក្រហម​ថា ឪពុក​របស់ខ្ញុំ​មិន មែន​ជា​នាយទុន​រកស៊ី​អ្វី​ទេ​។ បន្ទាប់មក​កងឈ្លប​ទាំងអស់​ក៏បាន​ធ្វើដំណើរ​ចាក​ចេញទៅ​។

​នៅ​ឆ្នាំ​១៩៧៧ ខ្ញុំ​បាន​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ ដោយ​អង្គការ​បាន​ផ្លាស់ប្ដូរ​ទីកន្លែង​ធ្វើ ការងារ​របស់ខ្ញុំ​ទៅកាន់​ភូមិ​ផ្សេងទៀត​ក្នុង​ខេត្ដ​តាកែវ ដែល​គ្រប់គ្រង​ដោយ​មេក្រុម​ឈ្មោះ ផា​ច​។ ការងារ​ចម្បង​នៅ​ក្នុងភូមិ​របស់ខ្ញុំ គឺ​ការដក​ស្ទូង និង​ជីក​ប្រឡាយ ដោយ​ក្នុង​មួយក្រុម​មាន​សមាជិក​ចំនួន​១២​នាក់ ដែល​ក្នុង​មួយក្រុម​ត្រូវ​ស្ទូង​ឲ្យ​បាន​ចំនួន​៥​ហិច​តា​ក្នុង​រយៈពេល​២៥​ថ្ងៃ​។ ខ្ញុំ បាន​ខិតខំ​បំពេញការងារ​ដែល​អង្គ​ការ​បាន​ចាត់តាំង​រហូត​ស្គម​សល់​តែ​ស្បែក​គ្របដណ្តប់​ឆ្អឹង និង បន្ទាប់មក​ខ្ញុំ​បាន​ធ្លាក់ខ្លួន​ឈឺ​។ ខ្ញុំ​ត្រូវបាន ផា​ច ដែលជា​មេក្រុម​បង្ខំ​ឲ្យ​ទៅធ្វើ​ការងារ​បន្តទៀត ពេល​ខ្ញុំ​កំពុង​ឈឺ​។ ក្នុង​ថ្ងៃនោះ នៅពេល​ចុះទៅ​ដល់​ក្នុង​វាលស្រែ ខ្ញុំ​បាន​ងងឹតមុខ​ដួល​កប់​ភក់ ប៉ុន្តែ​សំណាងល្អ​បាន​សម​មិត្ត តេង និង​សម​មិត្ត សោម ដែលជា​អ្នកធ្វើការ​ជាមួយគ្នា​រត់​មកជួយ លើក​និង​លុបមុខ​លាងខ្លួន​ឲ្យ​ខ្ញុំ​។ នៅ​ព្រឹក​បន្ទាប់ ខ្ញុំ​បានដឹងខ្លួន​ឡើងវិញ ហើយ​ត្រូវ​បានទទួល ការស្តីបន្ទោស​ពី​មេក្រុម​យ៉ាងខ្លាំង​ថា ”​មិត្តឯង​ខ្ជិល​ខ្លាំងណាស់ ធ្វើ​ពុត​ជា​ឈឺ​បែបនេះ ប្រយ័ត្ន​កង់​ប្រវត្តិសាស្ត្រ​កិន​បែកក្បាល​”​។ ទោះបីជា​ត្រូវ​ទទួល​ការស្តីបន្ទោស ខ្ញុំ​នៅតែ​សម្រាក​ព្យាបាល​ព្រោះ​មិនអាច​ទៅធ្វើ​ការងារ​បាន​។ ខ្ញុំ​បាន​លេបថ្នាំ​ម្យ៉ាង​ដែលមាន​រូបរាង​ដូច​អាចម៍​ទន្សាយ និង​បានជា​សះស្បើយ​បន្ទាប់ពី​សម្រាក​ព្យាបាល​រយៈពេល​៣​ថ្ងៃ​។

​ថ្ងៃមួយ ខ្ញុំ​បាន​ទៅសួរសុខទុក្ខ​ក្រុមគ្រួសារ​របស់ខ្ញុំ និង​ត្រូវបាន​កងឈ្លប​ចោទថា ជា​ខ្មាំង​គេចវេះ​ពី​ការងារ ហើយ​បាន​ចាប់ខ្លួន​និង​បញ្ជូន​ខ្ញុំ​ទៅ​ភូមិ​អាង​ខ្ចៅ ដែលជា​ភូមិកំណើត​របស់ខ្ញុំ វិញ​។ បន្ទាប់ពី​ធ្វើការ​ងារ​ដក​ស្ទូង​រួច ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​បញ្ជូន​ទៅកាន់​កង​នារី​ដឹកជញ្ជូន​ស្បៀងអាហារ និង​សព្វាវុធ​ឲ្យ​យោធា​ខ្មែរក្រហម​ដែល​ប្រយុទ្ធ​នៅ​សមរភូមិ​។
​នៅក្នុង​ឆ្នាំ​១៩៧៨ ខ្ញុំ​បាន​ត្រឡប់មក​រស់នៅ​ស្រុកកំណើត​វិញ ប៉ុន្តែ​បងប្រុស​របស់ខ្ញុំ​បាន ស្លាប់​ដោយសារតែ​ជំងឺគ្រុនចាញ់ និង​គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​។
​នៅពេលដែល​របប​ខ្មែរក្រហម​បាន​ដួលរលំ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ដោយសារ កងកម្លាំង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​កងទ័ព​របស់​វៀ​ត​ណា​ម ខ្ញុំ​និង​ក្រុមគ្រួសារ បាន​ត្រឡប់មក​រស់នៅ​ស្រុកកំណើត​វិញ រហូតដល់​ឆ្នាំ​១៩៩៩​។ បន្ទាប់មក ខ្ញុំ​និង​ក្រុមគ្រួសារ ក៏បាន​សម្រេចចិត្ត​មក​រស់នៅ​ទឹកដី​អន្លង់វែង​វិញ ដោយ​យល់ឃើញថា​តំបន់​នេះ​មាន​ដីធ្លី​ធំ ទូលាយ​ដែល​អាច​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​បាន​។​

៥) រឿងរ៉ាវ​របស់ ជុំ វង់ ភេទ​ប្រុស អាយុ​៧១​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ខេត្តកំពត និង​សព្វថ្ងៃ​រស់នៅ​ក្នុងភូមិ​អូ​រុន ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។
​ខ្ញុំ មាន​អាយុ​ប្រហែល​២៤​ឆ្នាំ នៅពេលដែល​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​ទាំងស្រុង នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​បញ្ជូនមក​ធ្វើជា​កងទ័ព​។ ដំបូង​ខ្មែរ ក្រហម​បាន​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅធ្វើ​ការហ្វឹកហាត់ លត់​ដំ និង​បន្ទាប់មក​ក៏​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​ប្រយុទ្ធ​នៅ សមរភូមិ​តែម្តង​។ ខ្ញុំ​បាន​ហ្វឹកហាត់​តាំងពី​ព្រលឹម​រហូតដល់​ថ្ងៃរសៀល​ជាមួយ​កងទ័ព​ដ៏ទៃទៀត ទើប​មេទ័ព​ខ្មែរក្រហម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ឈប់សម្រាក​ហូបបាយ និង​បន្ត​ការហ្វឹកហាត់​ដល់​ល្ងាច​ទើប អាច​ឈប់សម្រាក​ហូបបាយ​ល្ងាច​ម្តងទៀត​។ ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​ដែល​ខ្ញុំ​បានរស់នៅ ត្រូវបាន​ខ្មែរក្រហម​បែង​ចែកជា​៣​ក្រុម គឺ​ក្រុម​កុមារ ក្រុម​វ័យ​ជំទង់ និង​ក្រុមមនុស្ស​ចាស់ជរា​។ ប្រជាជន​ទាំងអស់​នៅតាម​សហករណ៍ ត្រូវបាន​អង្គការ​បញ្ជា​ឲ្យ​លើក​ទំនប់ ជីក​ប្រឡាយ​និង​បង្ក បង្កើន​ផល​។ ចំណែកឯ ពេលវេលា​ធ្វើការ​ងារ​គឺ​ចាប់ផ្តើម​ពី​ម៉ោង​៧​ព្រឹក រហូតដល់​ម៉ោង​១១​ថ្ងៃ ត្រង់​ទើប​អាច​ឈប់សម្រាក​ដើម្បី​បរិភោគ​អាហារ​។ បន្ទាប់មក ប្រជាជន​ត្រូវ​ចាប់​ចុះ​ធ្វើ​ការងារ​បន្ដ រហូតដល់​ម៉ោង​៥​ល្ងាច​។ ចំពោះ​របប​អាហារ​វិញ ពេលខ្លះ​ប្រជាជន​បរិភោគ​បាយ​និង​ពេលខ្លះ ទៀត ប្រជាជន​ត្រូវ​ហូប​បបរ​រាវ​ស្ទើរតែ​គ្មាន​គ្រាប់​អង្ករ​។ ប៉ុន្ដែ​ខ្ញុំ​ដែលជា​កងទ័ព ការបរិភោគ​មាន គ្រប់គ្រាន់ ហើយ​រៀងរាល់​ពីរ​សប្ដាហ៍​ម្តង ចុងភៅ​តែងតែ​ធ្វើ​បង្អែម​សម្រាប់​ឲ្យ​ក្រុម​កងទ័ព បរិភោគ​។​

​នៅ​កំឡុង​ឆ្នាំ​១៩៧៦ ខ្ញុំ ត្រូវបាន​អង្គការ​របស់​ខ្មែរក្រហម​ផ្សំផ្គុំ​ឲ្យ​រៀបការ​ជាមួយ​នារី​ម្នាក់​។ ការផ្សំផ្គុំ​រៀប​អាពាហ៍ពិពាហ៍​នេះ កើតឡើង​ដោយ​ការរៀប​ជា​គូ ដែលមាន​ចាប់ពី​១០​គូរ​ហូត ដល់​១០០​គូ​។ ក្រោយពី​រៀបការ​ហើយ អង្គការ​បានអនុញ្ញាត​ឲ្យ​ខ្ញុំ​និង​គូ​ផ្សេងទៀត​រស់នៅ​ជុំ​ប្ដី ប្រពន្ធ រយៈពេល​ត្រឹមតែ​៣​ថ្ងៃ​ប៉ុណ្ណោះ​។ បន្ទាប់ពី​រួមរស់​ជាមួយ​ប្រពន្ធ​របស់ខ្ញុំ​អស់​រយៈពេល ៣ ថ្ងៃ យើង​បាន​បែកផ្លូវ​គ្នា ដើម្បី​ទៅ​បម្រើ​ការងារ​រៀងៗ​ខ្លួន​។ មួយរយៈ​ក្រោយមក ខ្ញុំ​បាន​ធ្លាក់ខ្លួន ឈឺ ហើយ​ត្រូវបាន​ពេទ្យ​ខ្មែរក្រហម​មក​ព្យាបាល​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់ និង​ត្រូវបាន​ខ្មែរក្រហម​ឲ្យ ពេល​ឈប់សម្រាក​ពី​ការងារ​ហ្វឹកហាត់​រហូតដល់​ជាសះស្បើយ​។

​នៅ​ឆ្នាំ​១៩៧៧ កងកម្លាំង​របស់​ខ្មែរក្រហម​បាន​ប៉ះទង្គិច​ជាមួយ​កងទ័ព​វៀតណាម​នៅ តាម​បណ្តោយ​ព្រំដែន​ជា​ញឹកញាប់​។ នៅ​ថ្ងៃទី​៧ ខែមករា​ឆ្នាំ ១៩៧៩ របប​ខ្មែរក្រហម​ត្រូវបាន ផ្ដួលរ​លំដោយ​កងកម្លាំង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​និង​កងទ័ព​របស់​វៀតណាម។ លុះមកដល់​ឆ្នាំ​១៩៨១ ខ្ញុំ និង​ប្រជាជន​ជាច្រើន​នាក់​ទៀត​ត្រូវបាន​អំណាច​បញ្ជូន​ឲ្យ​ត្រឡប់មក​ស្រុក កំណើត​វិញ​។ បើទោះជា ប្រទេសជាតិ​បាន​រំដោះ​ទៅហើយ​ក្ដី ក៏​យោធា​ខ្មែរក្រហម​ដែល​នៅ​សេស សល់ នៅតែ​បន្ដ​អុកឡុក និង​ប្រមូលផ្ដុំ​បង្កើតជា​ចលនា​តស៊ូ​ជា​បន្ដបន្ទាប់​។ នៅ​ឆ្នាំ​១៩៨៩ ខ្ញុំ​បាន នាំ​ក្រុមគ្រួសារ​មកកាន់​តំបន់​អន្លង់វែង ប៉ុន្តែ​ក្នុងខណៈ​ពេលនោះ ទឹកដី​អន្លង់វែង​កំពុងស្ថិត​ក្នុង ស្ថានភាព​វឹកវរ​យ៉ាង​ខ្លាំង​។ ខ្ញុំ និង​ក្រុមគ្រួសារ​ត្រូវបាន​កម្លាំង​ខ្មែរក្រហម​ជម្លៀស​ឲ្យ​ទៅ​រស់នៅក្នុង ជំរំ​ក្នុង​ទឹកដី​ប្រទេស​ថៃ​។ ប្រជាជន​ទាំងអស់​ដែល​រស់ក្នុង​ទឹកដី​ថៃ ត្រូវបាន​ផ្គត់ផ្គង់ និង​ទំនុកបម្រុង គ្រឿងឧបភោគ បរិភោគ​ដោយ​អង្គការសហប្រជាជាតិ​។ នៅ​ឆ្នាំ​១៩៩០ ឪពុកម្ដាយ​របស់ខ្ញុំ បាន ស្លាប់បាត់​បង់ជីវិត​។​នៅ​ឆ្នាំ​១៩៩៨ ខ្ញុំ​ក៏បាន​ត្រឡប់​មកពី​ប្រទេស​ថៃ​មក​រស់នៅក្នុង​ទឹកដី អន្លង់វែង​រហូតដល់​សព្វថ្ងៃនេះ​៕ ល​