ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កំពុង​ស្វែងរក​ប្រភពទឹក ខណៈ​ការ​ដាច់​ភ្លើង​ជាថ្មី​វាយប្រហារ​ទូទាំងប្រទេស​

277
ចែករម្លែក

​ការ​ដាច់​ភ្លើង​ថែមទៀត​បាន​វាយប្រហារ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កាលពី​ថ្ងៃ​ពុធ​ទី​២៧​មីនា​បន្ទាប់ពី​ការ​ដាច់​ភ្លើង​ដ៏​អាក្រក់​បំផុត​របស់​ប្រទេស​នេះ​កាលពី​ដើមខែ​នេះ​បាន​កាត់ផ្ដាច់​ម៉ាស៊ីនបូមទឹក​និង​បង្ខំ​អ្នកស្រុក​មួយចំនួន​ចំណាយពេល​រាប់​ម៉ោង​ស្វែងរក​ទឹកដប​នៅតាម​ហាង​តូចៗ​មួយចំនួន​ដែល​បើកទ្វារ​លក់ដូរ​ឬ​ទៅ​បំពេញ​ទឹក​ក្នុង​ប៊ីដុង​នៅឯ​ប្រភពទឹក​នៅតាម​កូនភ្នំ​ក្នុង​ទីក្រុង​។​

​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​ពោរពេញ​ដោយ​ការខកចិត្ត​កំពុង​ឆ្ងល់​ថា​តើ​ពួកគេ​នឹងត្រូវ​ស៊ូទ្រាំ​នឹង​ការ​ដាច់​ចរន្តអគ្គិសនី​ថ្មី​នេះ​រហូតដល់​ពេលណា ដែល​វា​បានចាប់ផ្តើម​ដាច់​កាលពី​ថ្ងៃ​ចន្ទ និង​នាំឱ្យ​បិទទ្វារ​សាលារៀន​ការិយាល័យ​និង​រោងចក្រ​នៅក្នុង​ប្រទេសមួយ​ដែល​សេដ្ឋកិច្ច​ធ្លាក់ចុះ​ដុនដាប​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ទោះបីជា​មានទ្រព្យ​សម្បត្តិ​ប្រេងកាត​ដ៏​មហាសាល​ក៏ដោយ​។ វិបត្តិ​ថាមពល​នេះ​បាន​បង្កើន​ការតស៊ូ​ផ្នែក​នយោបាយ​រវាង​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ និង​មេដឹកនាំ​បក្សប្រឆាំង​ហ្វ័​ន ក្វា​យ​ដូ ដែល​បាន​ជំរុញ​អ្នកគាំទ្រ​ឱ្យធ្វើ​ការតវ៉ា​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​យ៉ាប់យ៉ឺន​។​

​លោក​ក្វា​យ​ដូ ដែល​បានប្រកាស​ពី​យុទ្ធនា​ការតវ៉ា​មួយ​ហៅថា “​ប្រតិបត្តិការ​សេរីភាព​” ដែល​រួមមាន​ការធ្វើ​បាតុកម្ម​ដែល​គ្រោងទុក​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃទី ៦ ខែមេសា បាន​និយាយថា “​យើង​មិនអាច​អសកម្ម​បានឡើយ​”​។​

​យោងតាម​អង្គការ Netblocks ដែល​ឃ្លាំមើល​ការ​រឹតបន្តឹង​តាម​អ៊ី​ន​ធឺ​ណេ​ត​បានឱ្យដឹងថា កាលពី​ព្រឹក​ថ្ងៃ​ពុធ ការរំខាន​ថ្មី​ទៅលើ​បណ្តាញ​អគ្គិសនី​បានធ្វើឱ្យ ៩១ ភាគរយ​នៃ​ប្រទេស​ទាំងមូល​ដាច់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​។ នៅពេល​រសៀល​ថ្ងៃ​ដដែល​លំហូរ​ថាមពល​នៅតែ​មិន​ប្រក្រតី ដែល​វិល​ត្រឡប់មកវិញ​ក្នុង​តំបន់​ខ្លះ​តែ​បែរជា​ដាច់​ភ្លើង​ទៅវិញ​ភ្លាម ដែល​ឥឡូវ​ក្លាយជា​ទម្លាប់​ទៅហើយ​។​

​អ្នក​ដុត​នំ​ឈ្មោះ​ល្វី​ស ចូ​សេ វ៉ា​ហ្គាស អាយុ ៤៨ ឆ្នាំ​ដែល​កាន់​ធុង​សម្រាប់​ដងទឹក​តាម​ជ្រលង​ដងអូ​បាន​និយាយថា “​ភ្លើង​មាន​ហើយ​ដាច់​ទៅវិញ​។ យប់មិញ​ម៉ោង​១០​ភ្លើង​បានមក​វិញ តែ​ព្រឹក​ឡើង​ម៉ោង​៥​ភ្លើង​ក៏​ដាច់​ទៅវិញ​។ ចំពោះ​បណ្តាញទឹក ក៏​ដាច់​ចុះឡើង​ដូច​ភ្លើង​ដែរ​”៕ ដោយ៖ កញ្ញាដាលីស

ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កំពុង​នាំគ្នា​ស្វែងរក​ប្រភពទឹក ដោយសារតែ​ការ​ដាច់​ភ្លើង​ទូទាំងប្រទេស​ចាប់ផ្តើម​វាយប្រហារ​ម្តងទៀត