ប្រជាជន​សិង្ហ​បុរី​ត្រូវបាន​ណែនាំ​កុំអោយ​ទៅលេង​ម៉ាឡេស៊ី ខណៈ​ប្រទេស​ទាំងពីរ​ប្រមុខ​គ្នា​រឿង​ដែនសមុទ្រ​

1894
ចែករម្លែក

ក្រសួងការបរទេសសិង្ហបុរីកាលពីថ្ងៃសុក្រទី៧ធ្នូបានចេញសេចក្តីណែនាំកុំអោយពលរដ្ឋខ្លួនទៅកម្សាន្តឬធ្វើដំណើរមិនចាំបាច់ទៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនៅមុនការជួបជុំតវ៉ាធំនៅក្នុងរដ្ឋធានីរបស់ម៉ាឡេស៊ីនាថ្ងៃសៅរិ៍។

ក្រសួងបាននិយាយថា«យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ការជួបជុំទ្រង់ទ្រាយធំមួយនឹងត្រូវរៀបចំឡើងនៅទីក្រុងកូឡាឡាំពួរនៅថ្ងៃ៨ធ្នូ។មនុស្សរាប់ម៉ឺននាក់អាចចូលរួមក្នុងព្រឹត្តិការណ៍នេះ។ក៏មានរបាយការណ៍ថា ការជួបជុំធំមួយទៀតនឹងត្រូវធ្វើឡើងនៅក្រុងប៉េតាលីង ចាយ៉ា ក្នុងថ្ងៃតែមួយ»។

ក្រសួងបានបន្ថែមថា«ជាមួយនឹងការជួបជុំមនុស្សច្រើនដូច្នេះ អាចមានលទ្ធភាពនៃការប៉ះទង្គិច ការកកស្ទះនិងការរំខាននានាដល់អ្នកដំណើរ។ប្រជាពលរដ្ឋសិង្ហបុរីសូមកុំធ្វើដំណើរមិនចាំបាច់ទៅកាន់ក្រុងកូឡាឡាំពួរសំរាប់ពេលនេះ»។

ការណែនាំនេះត្រូវបានធ្វើឡើងចំពេលប្រទេសទាំង២ប្រឈមមុខគ្នាអំពីការអះអាងដែនទឹកនិងអាកាសប្រជែងគ្នានិងកើតឡើងចំពេលប្រទេសសិង្ហបុរីបាននិយាយថាខ្លួនបានពង្រីកព្រំដែនកំពង់ផែរបស់ខ្លួនដើម្បីឆ្លើយតបនឹងការជ្រៀតចូលដោយនាវាម៉ាឡេស៊ីក្នុងដែនទឹករបស់ខ្លួន។

កាលពីថ្ងៃ២៥តុលា ម៉ាឡេស៊ីបានប្រកាសពង្រីកព្រំដែនកំពង់ផែចូហ័រ បារូដែលសិង្ហបុរីថាវាចូលក្នុងដែនទឹករបស់ខ្លួននិងចាប់តាំងពីពេលនោះមកនាវាម៉ាឡេស៊ីបានបើកចូលដែនទឹករបស់សិង្ហបុរីចំនួន១៤លើក នេះបើតាមការអះអាងរបស់រដ្ឋមន្រ្តីគមនាគមន៍សិង្ហបុរី ខាវ ប៊ូន វ៉ាន។

រដ្ឋមន្រ្តីសិង្ហបុរីអះអាងថានាវាម៉ាឡេស៊ីបើកចូលដែនទឹកសិង្ហបុរី និងព្រមានចាត់វិធានការ

លោក ខាវ ប៊ូន វ៉ាន បាននិយាយថាសិង្ហបុរី ក៏បានសំរេចពង្រីកព្រំដែនសមុទ្ររបស់ខ្លួន ជាការឆ្លើយតបនឹងអំពើរបស់រដ្ឋាភិបាលក្រុងកូឡាឡាំពួរ តែលោកថាវាស្ថិតក្នុងតំបន់របស់សិង្ហបុរី។

លោករដ្ឋមន្រ្តីបានបន្តថា« បណ្តាទីភ្នាក់ងារសន្តិសុខរបស់យើងបន្តល្បាតតំបន់នេះ និងឆ្លើយតបចំពោះសកម្មភាពគ្មានការអនុញ្ញាត។កន្លងមកយើងអត់ធ្មត់ចំពោះអំពើឈ្លានពានរបស់នាវារដ្ឋាភិបាលម៉ាឡេស៊ី។តែសិង្ហបុរីមិនអាចអនុញ្ញាតអោយគេរំលោភអធិបតេយ្យភាពរបស់យើងបានទេ។ដូច្នេះ បើចាំបាច់យើងមិនស្ទាក់ស្ទើរចាត់វិធានការមាំទាំប្រឆាំងការជ្រៀតចូលនិងសកម្មភាពគ្មានការអនុញ្ញាតនៅក្នុងដែនទឹករបស់យើងទេ»។

កាលពីថ្ងៃពុធ ម៉ាឡេស៊ីបានចេញសេចក្តីថ្លែងការណ៍ព័ត៌មានមួយដែលលើកឡើងថា សិង្ហបុរីមិនអាចអះអាងតំបន់នេះជាដែនទឹករបស់ខ្លួនបានទេ ដោយឈរលើការកំណត់ព្រំដែននៅតំបន់តួសនៅប៉ុន្មានឆ្នាំមកនេះ៕ដោយ៖វាសនា