ប្រជាជន​សិង្ហ​បុរី​ភ្ញាក់ផ្អើល ពេល​ឃើញ​គីម ជុង​អ៊ុន មកដល់​ទឹកដី​ខ្លួន​មុន​កំណត់​

1197
ចែករម្លែក
  • 2.1K
    Shares

​ជនជាតិ​សិង្ហ​បុរី​ពោរពេញ​ដោយ​ការភ្ញាក់ផ្អើល​បាន​តាម​ប្រមាញ់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន កាលពី​ថ្ងៃអាទិត្យ​ទី​២៧​ឧសភា មុនពេល​ដឹងថា បុរស​សក់ខ្មៅ​រលើបរ​លោង​នៅក្បែរ​សណ្ឋាគារ Marina Bay Sands គឺជា​អ្នក​តុបតែង​ខ្លួន​ឱ្យ​ដូច​គីម ជុង​អ៊ុន សោះ​។​

​លោក សា​ហ្គា អាដ​ម៉ាត់ ដែល​ទើប​មកពី​ទីក្រុង​បុ​ម​បៃ ប្រទេស​ឥណ្ឌា បន្ទាប់ពី​ថតរូប​ស៊ែ​ល​ហ្វី​ជាមួយ​គីម ជុង​អ៊ុន ក្លែងក្លាយ​នៅ​ពីមុខ​សណ្ឋាគារ​នេះ បាន​និយាយថា “​មើលទៅ​គាត់​ដូចជា គីម ជុង​អ៊ុន ពិតប្រាកដ ប៉ុន្តែ​ក្រោយមក ទើប​ខ្ញុំ​ដឹងថា នោះ​មិនមែនជា​ពិត​ទេ​។ នៅពេលដែល​អ្នក​បានឃើញ​គាត់​ផ្ទាល់ វា​គឺ​ពិតជា​ពិបាក​ក្នុងការ​បែងចែក​ថា​មួយណា​ពិត​ឬ​ក្លែងក្លាយ​ណាស់​”​។​

​បុរស​កូនកាត់​ចិន​អូស្ត្រាលី​តែងខ្លួន​ជា​គីម ជុង​អ៊ុន រូបនេះ បាន​ហៅ​ខ្លួនឯង​ថា ហូ​វ៉ាដ អ៊ិ​ច (Howard X) ហើយ​និយាយថា គាត់​កំពុង​បន់​ឱ្យ​ជោគជ័យ​ក្នុងជំនួប​កំពូល​រវាង​លោក​គីម និង​ប្រធានាធិបតី​ត្រាំ ដើម្បី​ចរចា​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​លោក ហូ​វ៉ាដ អ៊ិ​ច ក៏​ធ្លាប់បាន​បង្ហាញមុខ​ក្នុងនាម​ជា គីម ជុង​អ៊ុន ក្លែងក្លាយ នៅឯ​កីឡា​អូឡាំពិក​រដូវរងា​ក្នុង​ទីក្រុង​កាង​នឿ​ង ក្នុងប្រទេស​កូរ៉េខាងត្បូង​ផងដែរ កាលពី​ខែកុម្ភៈ ដែល​ធ្វើឱ្យ​អ្នករាំ​គាំទ្រ​ក្រុម​កូរ៉េខាងជើង​ភ្ញាក់ផ្អើល​ជាខ្លាំង ដែល​ស្មានថា មេដឹកនាំ​របស់​ពួកគេ​បាន​ដើរចូល​ទៅក្នុង​ពហុកីឡាដ្ឋាន​សម្រាប់​ការប្រកួត​ហក់​ឃី​។​

​គីម​ក្លែងក្លាយ​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា “​ខ្ញុំ​គិតថា មេដឹកនាំ​ទាំង​២​នឹង​អង្គុយ​ចុះ ហើយ​ពួកគេ​នឹងមាន​ពេលវេលា​ដ៏​អស្ចារ្យ ព្រោះ​ពួកគេ​មាន​បុគ្គលិកលក្ខណៈ​ដូចគ្នា​។ ពួកគេ​នឹង​ក្លាយជា​មិត្ត​ល្អ​បំផុត បន្ទាប់ពី​កិច្ចប្រជុំ​នេះ​”​។​

​លោក​ត្រាំ​បាន​ព្រលយ​ថា ការរៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​ថ្ងៃទី ១២ មិថុនា​ជាមួយ​លោក​គីម អាច​នឹង​បន្ត​ទៅមុខ​ដដែល ទោះបីជា​បាន​លុបចោល​កាលពី​សប្តាហ៍​មុន​ក៏ដោយ ហើយ​ក្រុមការងារ​សេត​វិមាន​គ្រោង​នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហ​បុរី​នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​រៀបចំ​សម្រាប់​លទ្ធភាព​កិច្ចប្រជុំ​កំពូល​នេះ​៕ ដោយ៖ កញ្ញាដាលីស

គីម ជុង​អ៊ុន ក្លែងក្លាយ ឈរ​ថត​នៅក្បែរ​សណ្ឋាគារ Marina Bay Sands កាលពី​ថ្ងៃអាទិត្យ