ប្រជាជន​អ៊ីរ៉ាក់​ផ្អាក​បាតុកម្ម​បង្ហូរឈាម​ដើម្បី​បាញ់​កាំជ្រួច​អបអរ​ជម្រើសជាតិ​ខ្លួន​យកឈ្នះ​លើ​គូសត្រូវ​ចាស់ អ៊ីរ៉ង់ ២-១ ក្នុងការ​ប្រកួត​ជម្រុះ​វើ​ល​ខាប់​

232
ចែករម្លែក

ប្រជាជន​អ៊ីរ៉ាក់​ដ៏​សែន​រីករាយ​បាន​អបអរ​ជ័យជម្នះ​បាល់ទាត់​លើ​គូសត្រូវ​ចាស់​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​វិច្ឆិកា ដោយ​បំភ្លឺ​ផ្ទៃមេឃ​ជាមួយ​កាំជ្រួច​និង​ឡាស៊ែរ​។​

​ការប្រកួត​ដែល​គេ​ទន្ទឹង​ចាំមើល​បំផុត​នេះ ដែល​ចប់​ទៅដោយ​អ៊ីរ៉ាក់​ឈ្នះ​អ៊ីរ៉ង់ ២-១ បានកត់សម្គាល់​នូវ​ល្ងាច​ដ៏​រំភើប​បំផុត​មួយ បន្ទាប់ពី​ចាប់ផ្តើម​ពី​ព្រលឹម​ភ្លាម​បាតុករ ៤ នាក់​ត្រូវបាន​សម្លាប់​ភ្លែត នៅពេលដែល​ពួកគេ​ត្រូវបាន​វាយប្រហារ​ដោយ​បំពង់​ឧស្ម័ន​បង្ហូរទឹកភ្នែក​នៅ​ទីក្រុង​បា​កដាដ​។​

​អ្នកគាំទ្រ​ជា​ជនរួមជាតិ​អ៊ីរ៉ាក់​ភាគច្រើន ដែល​ចូលទៅក្នុង​កីឡដ្ឋាន​បាល់ទាត់​មួយ​ក្នុង​រដ្ឋធានី​អា​ម៉ាន​របស់​ហ្ស៊​កដា​នី បាន​ស្លៀកពាក់​ខ្មៅ​ដើម្បី​គោរព​ដល់​បាតុករ​ដែល​បាន​ស្លាប់​ឬ​ពាក់​ម៉ាស​មុខ​ពេទ្យ ដែល​ក្រុមបាតុករ​ពាក់​ដើម្បី​ការពារ​ពួកគេ​ពី​ឧស្ម័ន​បង្ហូរទឹកភ្នែក​។​

​នៅ​ទីលាន​ថា​រៀ (​ទីលាន​រំដោះ​) នៃ​ក្រុង​បា​កដាដ​ឯណេះ​វិញ ដែលជា​ទីកន្លែង​ស្នូល​នៃ​បាតុកម្ម​រយៈពេល​ពេញ​មួយខែ​ដែល​សម្លាប់​ជីវិត​មនុស្ស​ជាង ៣៣០ នាក់ ពួក​សកម្មជន​បាន​មើល​ការប្រកួត​ជម្រុះ​វើ​ល​ខាប់​នៅលើ​អេក្រង់​យក្ស​មួយ​បន្ទាប់ពី​ការប៉ះទង្គិច​ជាមួយ​ប៉ូលិស​ប្រឆាំង​កុបកម្ម​។​

​ការប្រកួត​នេះ​គឺជា​ការលើកទឹកចិត្ត​ដ៏​ចាំបាច់​សម្រាប់​ក្រុមអ្នកតវ៉ា​ដែល​បាន​ប្រមូល​ផ្តុំគ្នា​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុង​បា​កដាដ​និង​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​ដែលជា​អ្នកគាំទ្រ​រដ្ឋបាល​អ៊ីរ៉ាក់​។​

​នៅពេល​ភ្លេងជាតិ​អ៊ីរ៉ង់​បាន​បន្លឺឡើង​មុន​ការប្រកួត ពួកគេ​បាន​ស្រែក​ចម្អក​ថា “​អ៊ីរ៉ង់​ចាកចេញ​ទៅ បា​កដាដ​នឹងមាន​សេរីភាព​” អម​ជាមួយ​ការ​វាយ​ស្គរ​លាន់​ទ្រហឹង​។

​ហើយ​នៅពេល​ក្រុម​អ៊ីរ៉ាក់​ស៊ុត​ចូល​គ្រាប់​ទីមួយ​នៅ​នាទី​ទី​១០ ប្រជាជន​អ៊ីរ៉ាក់​ទាំង​នៅ​ហ្ស៊​កដា​នី​និង​អ៊ីរ៉ាក់​បាន​ស្រែក​អបអរ​យ៉ាងខ្លាំង ខណៈ​នៅ​ក្រុង​បា​កដាដ​មាន​ការបាញ់​កាំជ្រួច​និង​ឡាស៊ែរ​លម្អ​ផ្ទៃមេឃ​ផងដែរ​។

​អ៊ីរ៉ង់​និង​អ៊ីរ៉ាក់​បាន​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​ឆ្នាំ​១៩៨០-១៩៨៨ និង​ធ្លាប់ជា​គូសត្រូវ​នឹង​គ្នា​ក្រោម​ការដឹកនាំ​របស់លោក​សា​ដាម ហ៊ូ​សេន ប៉ុន្តែ​ប្រទេស​កាន់​និកាយ​ស៊ី​អ៊ី​ត​ភាគច្រើន​ទាំងពីរ​នេះ​កាន់​តែមាន​ភាពជិតស្និទ្ធ​នឹង​គ្នា បន្ទាប់ពី​លោក​ហ៊ូ​សេន​ធ្លាក់​ពី​តំណែង​ក្នុងការ​ឈ្លានពាន​ដឹកនាំ​ដោយ​អាម៉េរិក​ក្នុង​ឆ្នាំ ២០០៣៕ ដោយ៖ កញ្ញាដាលីស