ប្រជាជន​ឥណ្ឌា​នឹង​ទស្សនា​រឿង Padmaavat ដ៏​ចម្រូងចម្រាស់ បន្ទាប់ពី​តុលា​ការធ្វើអន្តរាគមន៍​

159

​រឿង​ដ៏​ចម្រូងចម្រាស់​បំផុត​មួយ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ឥណ្ឌា​ថ្មីៗ​នេះ គឺ​រឿង Padmaavat គ្រោង​នឹងដាក់​បញ្ចាំង​តាម​រោងកុន​ទូទាំងប្រទេស​ឥណ្ឌា បន្ទាប់ពី​តុលាការ​កំពូល​របស់​ប្រទេស​នេះ​ឈាន​ជើង​ចូលធ្វើ​អន្តរាគមន៍ ដោយ​បន្ត​រក្សាទុក​បម្រាម ដែល​ដាក់ចេញ​ដោយ​រដ្ឋ​ចំនួន ៦ (​តែ​មិន​ដាច់ខាត​ទាំងស្រុង​ទេ មានន័យថា​ចង់​មើល​ឬ​មិន​ចង់ គឺ​តាមចិត្ត​)​។

​ដោយ​ស្តាប់​បណ្តឹង​លើកឡើង​ក្រុម​អ្នក​ផលិត​កុន តុលាការ​កំពូល​ឥណ្ឌា​បាន​បង្គាប់​ឱ្យ​រដ្ឋ​ទាំងអស់​ប្រកាន់ខ្ជាប់​តាម​រដ្ឋធម្មនុញ្ញ​ដើម្បី​ធានា​សុវត្ថិភាព​របស់​ពលរ​ដ្ឋ និង ទ្រព្យសម្បត្តិ​សាធារណៈ អំឡុង​ការដាក់​បញ្ចាំងភាពយន្ត​នេះ​។​

​ទន្ទឹមនេះដែរ ក្រុម​ហិណ្ឌូ​មួយ​ឈ្មោះថា កា​នី សេណា (Karni Sena) បាន​ព្រមាន​ថា តុលាការ​កំពូល​នឹងត្រូវ​ចេញមុខ​ទទួលខុសត្រូវ​សម្រាប់​អំពើហិង្សា ដែល​អាច​នឹង​ផ្ទុះឡើង​ពេល​ដាក់​បញ្ចាំងភាពយន្ត​នេះ​។

​លោក ជីវ៉ា​ន់ ស៊ី​ង សូ​ឡាន់​គី លេខាធិការ​ជាតិ​នៃ​ក្រុម​កា​នី​សេណា បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស្ពុ​ត​និក ថា “​យើង​នឹងមិន​អនុញ្ញាតឱ្យ​បញ្ចាំង​រឿង Padmaavat នោះឡើយ ទោះ​ក្នុងករណី​ណាក៏ដោយ​។ យើង​នឹង​ដុត​រោងកុន ប្រសិនបើ​រឿង Padmaavat ដាក់​បញ្ចាំង​នៅ​ទីនោះ​”​។​

​ផ្អែក​តាម​សៀវភៅ​កំណាព្យ​របស់លោក មាលី​គ មូ​ហាំ​ម៉ាត់ ចា​យ៉ា​ស៊ី ដែលមាន​ចំណងជើង​ដូច​រឿង​ខាងលើ ភាពយន្ត Padmaavat គឺជា​សាច់រឿង​និយាយ​អំពី​ព្រះ​ចៅ​អធិរាជ​នៃ​នគរ មូ​ហ្គា​ល់ (Mughal) ព្រះនាម អា​លូដ​ឌី​ន ខាល់​ជី (Alauddin Khalji) និង ស្តេច​ស្រី​នៃ​កុលសម្ព័ន្ធ​រ៉ា​ច​ពុត (Rajput) ព្រះនាម ប៉ាត់​ម៉ា​វ៉ា​ទី (Padmavati) ក្នុង​នគរ រ៉ា​ចា​ស្ថាន​។ ភាពយន្ត​នេះ​មាន​បញ្ហា​តាំងពី​ដើមទី នៅពេល​រឿងនេះ​ចាប់ផ្តើម​ថត​ពីដំបូង​មកម្ល៉េះ​។ ពួក​អ្នកតំណាង​របស់​ក្រុម​កុលសម្ព័ន្ធ​រ៉ា​ច់​ពុត​ហិណ្ឌូ ដឹកនាំ​ដោយ​ក្រុម​កា​នី​សេណា បាននាំគ្នា​បំផ្លាញ​ទីតាំង​ថត​រឿងនេះ​នៅ​រដ្ឋ​រ៉ា​ចា​ស្ថាន និង​ចេញ​ការ​គំរាម​សម្លាប់​ផលិតករ លោក សាន​ចៃ លី​ឡា បាន​សាលី និង តារា​ស្រី នាង ឌី​ពី​កា ប៉ា​ឌូ​កូ​ណេ (Deepika Padukone) ដែល​សម្តែង​ជា​តួឯក​៕ ដោយ៖ កញ្ញាដាលីស