ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​ស្លាប់​មិន​ដើរ​ថយក្រោយ​តែ​កំពុង​ជួសជុល​

275

​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង ក្រោយនេះ សភាពការណ៍​នយោបាយ នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការវិវឌ្ឍយ៉ាង​លឿន ស្ទើរតែ​តាម​មិនទាន់ ប៉ុន្តែ​វា បាន​វិវឌ្ឍន៍​ក្នុង​គន្លង​មួយ​ត្រឹមត្រូវ បើទោះបីជា​មានការ​ស្មុគស្មាញ​ត្រង់ ចំណុច​ខ្លះ ។
​ ​
​ដំបូង​ឡើយ គឺ​ការ​លេច​ធ្លាយ វីដេអូ​ឃ្លី​ប​របស់​ទូរទស្សន៍ CBN ដែល លោក កឹម សុខា បានប្រកាស​ខ្លួនឯង រហូត​បែកពពុះមាត់ ដែល​សរុប​ពាក្យ សម្តី​របស់គាត់​ទាំងអស់​មកវិញ មានន័យ ស្មើនឹង​ទោស​ក្បត់ជាតិ ដោយ​ផ្អែក​ទៅ លើ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០០៩ ។ បន្ទាប់មកទៀត គឺ​ការបណ្តេញ អង្គការ​អន្តរជាតិ NDI ចេញពី​កម្ពុជា ដោយសារតែ​អង្គការ នេះ​រំលោភបំពាន​ច្បាប់​របស់​កម្ពុជា ហើយ​ជា​បន្ត គឺ​កាសែត The Cambodia Daily បាន​ព្រាត់ប្រាស​ចោល​កម្ពុជា ដោយ​គេចវេះ​មិន​បង់ពន្ធ បន្ទាប់មក ទៀត​គឺ​វិទ្យុ​អាស៊ីសេរី បាន​បិទតូប វេច​បង្វេច​ចាកចេញ​ពី​កម្ពុជា​ដោយ​ស្ម័គ្រចិត្ត​ឥតមាន​ចាំបាច់​អ្នកណា បណ្តេញ​ទេ គឺ​បានចេញ​ទៅដោយ​ខ្លួនឯង ។ ចុងក្រោយ គឺ​តុលាការ​កំពូល​ចេញ​សាលក្រម​រំលាយចោល គណបក្ស​សង្គ្រោះ​ជាតិ ដែល​គណបក្ស​មួយ​នេះ​បាន ដំណើរការ​ក្រោម​រចនាសម្ព័ន្ធ​នៃ​មេដឹកនាំ​ដែលជា​ជន ក្បត់ជាតិ ដោយ​បូក​រួមទាំង​មនុស្ស​១១៨​នាក់​ទៀត​ជា មេ​គ្រាក់ៗ​នៅក្នុង​គណបក្ស​មិនឱ្យ​ធ្វើ នយោបាយ​៥​ឆ្នាំ ។
​ ​
​ពេលនោះ​មានប្រតិកម្ម​ជា ច្រើន​បានកើត​ឡើង ។ ប្រតិកម្ម​ខ្លះ​រលូត ចេញមក​ទាំង​ទទឹងទិស អត់​ដឹង​ក្បាល អត់​ដឹង​កន្ទុយ​នៅឯណា​ទេ ។ ពួកនេះ ព្រហើន​ណាស់ ហ៊ាន​ប្រើ​សម្តី​ប្រមាថ​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​ដើរ​ថយ ក្រោយ ។ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន ស្លាប់​ហើយ ។ មាន​អា​ជន​ព្រហើន​ម្នាក់ ទៀត​ឈ្មោះ Chairperson Charles ហ៊ាន បោះ​ផ្លែផ្កា​មក​ថាៈ “​តុលាការ​កំពូល​បាន ដំ​ដែកគោល​ចុងក្រោយ បិទ​មឈូស លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​” ។ មិន ទាន់​ចប់​ត្រឹម​ប៉ុណ្ណឹង​ទេ មាន​លោក​ទូត​ខ្លះ ហ៊ាន​អះអាងថា ការបោះឆ្នោត​សភា​ខែ កក្កដា​ឆ្នាំ​២០១៨ នឹង​បាត់បង់​ភាពស្រប ច្បាប់​បើ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម ។ លោក​ទូត​ខ្លះទៀត​បង្ហាញ​ពី អារម្មណ៍​របស់ខ្លួន​ថា ការបោះឆ្នោត លើក​ក្រោយ​មិនអាច​ប្រព្រឹត្តិ​ដោយ​សេរី និង​យុត្តិធម៌​ពិតប្រាកដ​ទេ ។​
​ ​
​ទាំងអស់នេះ គឺជា​ការវិនិច្ឆ័យ ដោយ​មិន​ផ្អែកលើ​ទឡ្ហីករណ៍​បែប ឡូ​ស៊ិ​ក​ទេ ប៉ុន្តែ​គឺ​ផ្អែកលើ​មនោរ​ម្មណ៍ អណ្តែតអណ្តូង​តាមតែ​ខ្លួន​នឹកឃើញ ។ យើង​សូមបញ្ជាក់ថា ទាំង​បច្ចុប្បន្ន និង​ទៅ​អនាគត ប្រជាធិបតេយ្យ នៅ​កម្ពុជា​មិន​ស្លាប់​ទេ ហើយក៏​មិន​ដើរ​ថយក្រោយ​ដែរ ប៉ុន្តែ​ពេលនេះ​កំពុងស្ថិត​នៅក្នុង ដំណាក់កាល​ជួសជុល ។ ស្តាយ​ដែរ វា​ស្ទើរតែ​ហួសពេល​បើ​ជួសជុល​មុននេះ បន្តិច​ប្រហែលជា​ល្អ​ជាង ។ ពាក្យ​ថា​ជួសជុល មកពី​វា​មានការ​ខូចខាត ឬ​រាំងស្ទះ​នៅត្រង់ចំណុច​ណាមួយ​ហើយ ។ តាំងពី​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ តើ​អ្វី ខ្លះ​បានកើត​មាននៅ​កម្ពុជា និង​ធ្វើឱ្យ ប្រជាធិបតេយ្យ​ស្ថិតក្នុង​សភាព​ឃ្លេងឃ្លោង​? មានការ​ធ្វើបាតុកម្ម កុបកម្ម​ការ​ញុះញង់ អុចអាល​ការ​បំផ្លើស​បំភ្លៃ ព័ត៌មាន​សព្វបែបយ៉ាង​ក្នុង​ចង្កោម​ពួក ប្រឆាំង ដែល​ក្នុង នោះ​មាន​ទាំង​គណបក្សនយោបាយ អង្គការ​សង្គម​ស៊ីវិល ជាដើម ។ គេ​លែង​គោរព​រដ្ឋធម្មនុញ្ញ និង​ច្បាប់ គេ​ប្រមាថ​មាក់ងាយ ព្រះមហាក្សត្រ គេ​លែង​គោរព​ស្ថាប័ន​ជាតិ ហើយ​ធ្ងន់ធ្ងរ​ដែរនោះ គឺ​គេ​លែង​គោរព ឆន្ទៈ​ប្រជាជន​ដែលជា​ម្ចាស់ឆ្នោត ដែល​បាន​បោះឆ្នោតឱ្យ​ពួកគេ​ជា​តំណាង នៅក្នុង​រដ្ឋសភា ។ ចុងក្រោយ​បំផុត ទើប លេចឡើង​ឧបាយកល​ពិតប្រាកដ គឺ កឹម​- សុខា ជា​ជន​ក្បត់ជាតិ ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​យក មក​ធ្វើជា​កម្លាំង នយោបាយ​បង្កើត​បដិវត្តន៍​ពណ៌​នៅ កម្ពុជា ក្នុង​គោលដៅ​បំផ្លាញចោល លទ្ធិប្រជាធិបតេយ្យ និង​បង្កើតឱ្យមាន ភាពអនាធិបតេយ្យ​ក្នុងសង្គម​កម្ពុជា ។ ត្រូវ​ទទួលស្គាល់ថា លទ្ធិប្រជាធិបតេយ្យ​បរិសុទ្ធ នៅ​កម្ពុ​ជាមាន​ស្នាម របួស​ដែល​ទាមទារ​ត្រូវ​ព្យាបាល​ជា បន្ទាន់​មាន​កន្លែង​ខូចខាត​ជា​ទម្ងន់​ដែល​ទាមទារ ឱ្យមាន​ការជួសជុល​យ៉ាង រហ័ស បើ​មិន​ដូច្នោះ​ទេវា​នឹង​ស្លាប់ ។ ការចាប់ខ្លួន កឹម សុខា​ការរំលាយចោល គណបក្ស​សង្គ្រោះ​ជាតិ​ការពង្រឹង វិធានការ​ច្បាប់ ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សង្គម ទាំងអស់​នេះហើយ​ជាការ ព្យាបាល​និង​ជាការ​ជួសជុល​របួសស្នាម នៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ។

​ហេតុនេះ ដើម្បី​ជួយ​រួមចំណែក​ជាមួយ​ប្រជាជន​កម្ពុជា ថែរក្សា​ឱ្យបាន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឬ​បើ​បេះដូង​របស់​ពួកគេ​ជា​អ្នកប្រជាធិបតេយ្យ​បរិសុទ្ធ ស្មោះត្រង់​មែន​នោះ គេ​គួរ​កុំ​ប្រតិកម្ម ឬ​ធ្វើ​បុរេវិនិច្ឆ័យ បែប​អវិជ្ជមាន​មកលើ​កម្ពុជា ។ សូម​ចូលរួមចំណែក​ជា មួយ​កម្ពុជា ដោយ​ការបន្ត​ផ្តល់ជំនួយ​សម្រាប់​ការ បោះឆ្នោត ការបន្ត​ទិញ ទំនិញ​ពី​កម្ពុជា​តាមរយៈ​សំណើសុំ​ពី សហជីព​ធំៗ​នៅ​កម្ពុជា ហើយ​សំខាន់​ជាងគេ បំផុត​ត្រូវ​ធ្វើការ​ថ្កោលទោស​ជា សាធារណៈ​ក្រុម​ជន​ក្បត់ជាតិ កឹម សុខា និង​ជួយ​សាទរ​ការរំលាយចោល គណបក្ស​សង្គ្រោះ​ជាតិ ។ ជាមួយគ្នានេះ ក៏​សូម​ចូលរួម​សប្បាយរីករាយ​ជាមួយ​ប្រជាជន​កម្ពុជា ដែលមាន មហា​ភ័ព្វ វាសនា​ដ៏​ខ្ពង់ខ្ពស់​រកឃើញ​ទាន់ពេល វេលា​ការឃុបឃិត​ជា​ប្រព័ន្ធ ដើម្បី​បង្កើតឱ្យមាន​សោកនាដកម្ម នៅ​កម្ពុជា កុំ​អី​ម៉ោង​នេះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នឹង​ស្លាប់បាត់​ដោយសារ​ព្យុះ​នៃ​បដិវត្តន៍ ពណ៌ ដោយ​មិនអាច​ជួសជុល​ទាន់​ឡើយ ៕ ដោយ​: លី ទួង​