ប្រជាប្រិយភាព​របស់​ប្រធានាធិបតី​បារាំង ធ្លាក់ចុះ​ខណៈដែល​មានការ​តវ៉ា​ខ្លាំង​ឡើង​ប្រឆាំង​ពន្ធ​ប្រេងឥន្ធនៈ​

2087
ចែករម្លែក

ប្រជាប្រិយភាពរបស់ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានធ្លាក់ចុះបន្ថែមទៀតនៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈការតវ៉ាប្រឆាំងពន្ធប្រេងឥន្ធនៈបានកើតមានឡើងនៅទូទាំងប្រទេសបារាំង ដែលជាសញ្ញាចុងក្រោយនៃ ការមិនសប្បាយចិត្តចំពោះកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រធានាធិបតីនេះ។ នេះបើយោងតាមការស្ទង់មតិមួយ កាលពីថ្ងៃអាទិត្យ។

តាមការស្ទង់មតិលើមនុស្សជិត២.០០០នាក់ដែលត្រូវបានចេញផ្សាយដោយកាសែតJDD បានឱ្យដឹងថា មានតែ២៥ភាគរយនៃអ្នកដែលត្រូវបានសួរក្នុងអំឡុងការស្ទង់មតិរវាងថ្ងៃទី៩និង១៧ខែវិច្ឆិកានោះ បាននិយាយថា​ ពួកគេពេញចិត្តនឹងការដឹកនាំរបស់លោក អេម៉ានុយអែល ម៉ាក្រុងដោយធ្លាក់ពីចំនួន២៩ភាគរយ កាលពីខែតុលា ។

លោក ម៉ាក្រុង ដែលបានឡើងកាន់អំណាចអស់រយៈពេល១៨ខែមកហើយដោយប្តេជ្ញាផ្លាស់ប្តូរសេដ្ឋកិច្ចនិងធ្វើកំណែទម្រង់ស្ថាប័ននានានោះ បានដាក់ចេញនូវវិធានការដើម្បីជំរុញការធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ដោយរួមទាំងច្បាប់ស្តីពីការគ្រប់គ្រង ការជួលនិងការបញ្ឈប់បុគ្គលិក។

រដ្ឋាភិបាលរបស់លោកបានដំឡើងពន្ធលើប្រេងឥន្ធនៈដើម្បីលើកទឹកចិត្តដល់អ្នកបើកបរឱ្យប្រកាន់យករថយន្តដែលមិនសូវបំពុលបរិស្ថាន ដោយបានធ្វើពួកអ្នកបោះឆ្នោតនៅតំបន់ជនបទមិនសប្បាយចិត្ត ជាពិសេសដោយសារមានការចំណាយបន្ថែម ដែលបានចាប់ផ្តើមកាលពីខែតុលា នៅពេលដែលតម្លៃប្រេងសកលបានកើនឡើង។

អ្នកបើកម៉ូតូនិងបាតុករដទៃទៀត ដែលបានចោទប្រកាន់លោក ម៉ាក្រុងថាបានធ្វើប៉ះពាល់ដល់ប្រជាជនសាមញ្ញនោះ បានបិទផ្លូវនៅទូទាំងប្រទេសបារាំងកាលពីថ្ងៃសៅរ៍នៅក្នុងយុទ្ធនាតវ៉ាខ្លាំងដែលមានឈ្មោះថា ” អាវកាក់លឿង” ដែលបានទាក់ទាញអ្នកតវ៉ាជិត២៨៨.០០០នាក់។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក គ្រីស្ទូហ្វេ កាស្ទាណេ (Christophe Castaner ) បាននិយាយថាមនុស្សជាង៤០០នាក់ បានរងរបួស ដោយ១៤នាក់ក្នុងចំណោមអ្នកទាំងនេះបានរងរបួសធ្ងន់ នៅក្នុងការតវ៉ានេះ ដោយក្រុមអ្នកបើករថយន្តដែលមានកំហឹងនោះ បានព្យាយាមបើកបំបុករបាំងផ្លូវហើយ មនុស្សយ៉ាងតិចណាស់ចំនួន១៥៧នាក់ ត្រូវបានចាប់ឃុំខ្លួន៕ដោយ៖សុខា/SN

លោក អេម៉ានុយអែល ម៉ាក្រុង

ការតវ៉ាប្រឆាំងពន្ធប្រេងឥន្ធនៈ បានកើតមាន ឡើងនៅទូទាំងប្រទេសបារាំង