ប្រជាពលរដ្ឋឃុំគោកដូងស្រុកអង្គរជុំបិទផ្លូវមិនអោយឡានធំៗដឹកថ្ម​ឆ្លងកាត់ជាថ្មីទៀតហើយ

199
ចែករម្លែក

ដោយ:បាយ័ន/សៀមរាប ៖ ប្រជាពលរដ្ឋដែលរស់នៅឃុំគោកដូង ស្រុកអង្គរជុំ បាននាំគ្នាបិទផ្លូវតវ៉ាដោយមិនអោយរដយន្តធំៗដឹកថ្មបើកបរឆ្លងកាត់ ដោយសារតែហុយខ្លាំង។ករណីដែលប្រជាពលរដ្ឋនាំគ្នាតវ៉ាបិទផ្លូវខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ។

ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់បាននាំគ្នាបិទផ្លូវតវ៉ាជាថ្មីដោយសារហុយខ្លាំង នៅពេលដែលរថយន្តធំៗដឹកថ្មឆ្លងកាត់ ហើយមិនបានធ្វើការស្រោចទឹកជាប្រចាំឡើយ។ប្រជាពលរដ្ឋបានបន្តថា កន្លងមកក្រុមហ៊ុនដែលរកស៊ីដឹកថ្ម បានសន្យាស្រោចទឹកលើផ្លូវដើម្បីកុំអោយហុយ តែក្រុមហ៊ុនបានស្រោចទឹកលើផ្លូវតែបន្តិចប៉ុណ្ណោះក៏បាត់ទៅវិញ ទុកអោយហុយវិញដដែល។

ប្រជាពលរដ្ឋបានបន្តទៀតថា ផ្លូវដែលពួកគាត់នាំគ្នាបិទនោះកាលពីដើមឡើយជាផ្លូវក្រាលកៅស៊ូ តែបច្ចុប្បន្នបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយមិនទាន់ឃើញមានការជួសជុលនៅឡើយទេ។ការដែលប្រជាពលរដ្ឋនាំគ្នាតវ៉ាបិទផ្លូវនេះគឺជាលើកទី៣ហើយ ដោយប្រជាពលរដ្ឋមិនបានទាមទារអ្វីច្រើនឡើយ ដោយសុំឲ្យខាងក្រុមហ៊ុនមេត្តាស្រោចទឹកលើផ្លូវកុំអោយហុយ ដែលប៉ះពាល់ដល់បរិស្ថាននិងការរស់នៅរបស់ពួកគាត់។

ផ្លូវដែលប្រជាពលរដ្ឋនាំគ្នាតវ៉ាបិទផ្លូវខាងលើ ខាងក្រុមហ៊ុនបានសន្យថានឹងស្រោចទឹកលើផ្លូវជាប្រចាំ កុំអោយហុយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ខាងប្រជាពលរដ្ឋក៏បានបើកផ្លូវអោយដំណើរការជាប្រក្រតីឡើងវិញ៕B/