ប្រជាពលរដ្ឋមកពីខេត្តចំនួនបី រួមគ្នាដាំកូនឈើនៅសួនអនុស្សាវរីយ៍ក្នុងចម្ការមេពូជឈើគ្រញូង

349
ចែករម្លែក

ដោយ:អង្គរតូច/សៀមរាប ៖ ពលរដ្ឋប្រមាណជា៧០នាក់ មកពីខេត្តចំនួនបី រួមមានខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត ខេត្តបាត់ដំបង និងខេត្តសៀមរាប កាលពីថ្ងៃទី២៣ខែកក្កដាម្សិលមិញនេះ បានរួមគ្នាដាំកូនឈើនៅសួនអនុស្សាវរីយ៍ក្នុងចម្ការមេពូជឈើគ្រញូងស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

អ្នកស្រី ស ផាន់ណា តំណាងប្រជាពលរដ្ឋទាំង៣ខេត្តដែលបានចូលរួមដាំកូនឈើនេះ បានឱ្យដឹងថា ការដែលពួកគាត់មកចូលរួមដាំកូនឈើនាពេលនេះ គឺធ្វើឡើងក្នុងបំណងចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងគោលដៅដាំដើមឈើស្តារមកវិញ នូវព្រៃឈើដែលបានបាត់បង់ដោយការទន្ទ្រានយកដីធ្វើចម្ការ និងកាប់ផ្លាញដោយក្រុមពួកឈ្មួញ។ ការដាំស្តារព្រៃឈើឡើងវិញនេះ ក៏នឹងជួយទៅដល់ការធានាបាននូវនិរន្តរភាពនៃបរិស្ថាន។អ្នកស្រីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋជាពិសេសយុវជនសូមឱ្យមានការចាប់អារម្មណ៍ចូលរួមដាំដើមឈើនៅគ្រប់ទីកន្លែង ដើម្បីធ្វើឱ្យកម្ពុជាមានភាពបៃតង និងមាននិរន្តរភាពនៃបរិស្ថានព្រៃឈើ។

លោកស្រីបន្ថែមថា ពួកយើងមានការសោកស្តាយចំពោះព្រៃឈើដែលបាត់បង់ ពិសេស​ឈើប្រភេទគ្រញូង បេង នាងនួន។ល។ ទាំងនេះជាប្រភេទឈើដែលមានតំលៃ ហើយ​ក៍រងការវិនាសមុនគេផងដែរ តាមរយះការកាប់បផ្លាញ ការធ្វើជំនួញក្រុយក្រុមទុច្ចរិត។

លោកស្រីក៍បានបង្ហាញក្តីរំពឹងចុងក្រោយថា ពួកយើងមានជំនឿចិត្តថា ក្រុមសមត្ថកិច្វដែលមានការពាក់ពន្ធ័ និងធ្វើការទប់ស្កាត់ចំពោះព្រៃឈើដែលនៅសេសសល់។ចំណែកក្រុមឈ្មួញ ក៍មានការភ្ញាក់ខ្លួន ក្នុងជំនួញព្រៃឈើដោយបែរមករករបរសុច្ចរិត ក្រោយពេលពួកគាត់ស្វែងពីបណ្តាខេត្តមកចួលរួមដាំកូនឈើឡើវិញនាពេលនេះ។

លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ បានឱ្យដឹងថា ការចូលរួមដាំកូនឈើរបស់ប្រជាពលរដ្ឋនៅថ្ងៃនេះ គឺដោយសារតែពួកគាត់បានយល់ពីតម្លៃនៃព្រៃឈើ និងយល់ពីតម្លៃនៃការបាត់បង់ព្រៃឈើ។លោកបានកោតសរសើរចំពោះសកម្មភាពដាំកូនឈើរបស់ប្រជាពលរដ្ឋទាំង៧០នាក់ មកពីបណ្តាខេត្តទាំង៣នេះ ព្រោះបានចូលរួមជួយដល់សង្គមទាំងអស់គ្នា ជាពិសេសលើវិស័យព្រៃឈើនេះតែម្តង។

លោក សេង លន បានបញ្ជាក់ថា សួនអនុស្សាវរីយ៍ក្នុងចម្ការមេពូជឈើគ្រញូងស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបនេះ បានចាប់ផ្តើមដំណើរការដាំចាប់តាំងពីឆ្នាំ​២០១៥រហូតមកដល់ឆ្នាំ២០១៩នេះ ដាំកូនឈើឡើងវិញបានចំនួន១១៧៣ដើមហើយ និងនៅខែសីហាខាងមុខនេះ ខាងប្រតិបត្តិករទេសចរណ៍ប្រមាណជា៧០០នាក់ គ្រោងនិងមកដាំកូនឈើនៅទីនេះបន្តទៀត៕B/

#