ប្រជាពលរដ្ឋរស់នៅលើដីឯកជនរបស់រដ្ឋក្រោមអង់តែនវិទ្យុជាតិចំនួន១៥៦៥ក្បាលដី,នៅសង្កាត់ស្ទឹងមានជ័យបានទទួលកម្មសិទ្ធិស្របច្បាប់

720
ចែករម្លែក

 

ដោយ៖រ៉ាម៉ន

ភ្នំពេញ៖ មកដល់ពេលនេះដីដែលជាដីកម្មសិទ្ធិឯកជនរបស់រដ្ឋចំនួន១៥៦៥ក្បាលដី នៅភូមិតំណាក់ធំ១ ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចកាត់ និងប្រទានកម្ម ជូនប្រជាពលរដ្ឋ និងត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ​បិទផ្សាយទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីឲ្យបងប្អូនមកពិនិត្យមើល ជៀសវាង ខុសអក្ខរាវិរុទ្ធ ខុសឈ្មោះឬ​បាត់ទំហំដីជាដើម ។

ពិធីបិទផ្សាយទិន្នន័យជាសាធារណៈនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តនន្ទមុនី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធ និងមានការចូលរួម ពីប្រជាពលរដ្ឋរាប់រយនាក់ ។

ក្នុងពិធីនោះលោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីសំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការងារដឹកនាំ របស់សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានចំណាយដីឯកជនរបស់រដ្ឋជិត១០០ហិកតា ជូនប្រជាពលរដ្ឋ មានសិទ្ធិកាន់កាប់ស្របច្បាប់ ។ ជាក់ស្តែងនៅពេលនេះ សម្តេចបានសម្រេចប្រគល់ដីចំនួន ៩០៥ ក្បាលដីនៅភូមិតំណាក់ធំ និង៦៦០ក្បាលដីនៅភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលសរុបទាំងអស់ចំនួន១៥៦៥​ក្បាលដី។លោក បានបន្តថា “នេះជាដំណាក់កាលចុងក្រោយ មុនយកទៅបោះពុម្ពជាប័ណ្ណកម្មសិទ្ធិ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ។ ការបិទផ្សាយក្បាលដីនេះ មានរយៈពេល១៥ថ្ងៃ ដូច្នេះទេ សូមបងប្អូនមកពិនិត្យមើល ក្បាលដីរបស់ខ្លួន ឲ្យបានច្បាស់លាស់ ចៀសវាង ខុសអក្ខរាវិរុទ្ធ កម្មសិទ្ធិរួម ជាប្តី ជារបស់ប្រពន្ធ ជាដើម ឬការបាត់ទំហំដីជាដើម ដើម្បីឲ្យមន្ត្រីជំនាញរបស់យើង ត្រូវចុះពិនិត្យ និងកែសម្រួលឡើងវិញ ឲ្យមានតម្លាភាព” ។ លោកក៏បានបញ្ជាក់ថា ក្បាលដីជានឹងប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនេះ ជាអតីតដីរបស់វិទ្យុជាតិ នៃក្រសួងព័ត៌មាន ហើយ ការងារនេះនៅក្រោយការបោះឆ្នោត នឹងប្រគល់ជូនបងប្អូន មិនមែនសន្យាខ្យល់នោះទេ។

ក្នុងឱកាសនោះលោក ឃួង ស្រេង អភិបាលរាជធានីបានមានប្រសាសន៍ថា៖ ប្រជាពលរដ្ឋរស់នៅលើដី ឯកជនរបស់រដ្ឋក្រោមអង់តែនរបស់វិទ្យុជាតិ នៃក្រសួងព័ត៌មាននេះ កន្លងមកនេះ ពិតជារស់នៅដោយការភ័យព្រួយ ដោយសារតែបងប្អូនរស់ នៅលើដីឯក​ជនរបស់រដ្ឋ មិនដឹងថា ថ្ងៃណាត្រូវគេដេញចេញនោះទេ។ ប៉ុន្តែនៅពេលនេះមិនត្រឹមតែមិនដេញចេញប៉ុណ្ណោះទេ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៅបានប្រគល់ជូនជាកម្មសិទ្ធិស្របច្បាប់ថែមទៀត ។ នេះជាការយកចិត្តទុកដាក់របស់សម្តេច ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលតែងតែគិតគូរជានិច្ច ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោកអភិបាលរាជធានី ក៏បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មកពិនិត្យក្បាលដីរបស់ខ្លួន ឲ្យបានច្បាស់លាស់ ចៀសវាង ខុសអក្ខរាវិរុទ្ធ កម្មសិទ្ធិ ឬបាត់ទំហំដីជា ដើម្បីឲ្យមន្ត្រីរបស់យើងពិនិត្យនិងកែសម្រួលឡើងវិញ ឲ្យមានតម្លាភាព ៕