ប្រជាពលរដ្ឋ​ឃុំកោះស្តេច១៨៤ គ្រួសារ ត្រូវបានដោះស្រាយវិវាទដីធ្លី រួចរាល់ហើយ

1513
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ ក្រោយពីបានទទួលរងប៉ះពាល់ជាមួយក្រុមហ៊ុនចិន គឺក្រុមហ៊ុន ញូ ញៀន កាលពីឆ្នាំ​៤ឆ្នាំ​មុន នៅពេលនេះប្រជាពលរដ្ឋជាង១៨៤គ្រួសារ រស់នៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ បានទទួលប័ណ្ណសម្គាល់កម្មសិទ្ធិដីធ្លីពីរាជរដ្ឋាភិបាលកម្ពុជា អន្តរក្រសួង និងអាជ្ញាធរជំនាញ​ខេត្ត​កោះ​កុង។

ប្រជាពលរដ្ឋភូមិព្រែកស្មាច់ យ៉ាងហោចណាស់ ក្នុង១គ្រួសារទទួលបានដី១ហិចតា តបតាម​គោល​នយោ​បាយដោះស្រាយបន្ថែមរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងចំណោមក្បាលដីឡូតិ៍ជាង២៩០ហិចតា ស្ថិត​នៅចំណុចដំណាក់ក្របី ឃុំកោះស្តេច។ បន្ទាប់បានឯកភាពព្រមព្រៀងគ្នាជ្រើសរើសយក​តាម​ការ​ចាប់ឆ្នោតយកក្បាលដីឡូតិ៍ កាលពីថ្ងៃទី១២ ខែឧសភា កន្លងទៅ។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ២០១៩ថា ដំណោះស្រាយជូនពលរដ្ឋនៅពេលនេះ គឺជាឆន្ទះពិតប្រាកដរាជ​រដ្ឋាភិបាល ព្រមទាំងអន្តរក្រសួង និងអាជ្ញាធរជំនាញ ក្នុងគោលបំនងដើម្បីបញ្ចប់ទំនាស់វិវាទដីធ្លី​មិនអោយកើតមានតទៅទៀត គ្រា​ដែល​ពលរដ្ឋរង់ចាំជាង៤ឆ្នាំមកហើយ។ ពិសេស វិធានការជៀសវាងមានបញ្ហា ឬការទន្រ្ទាន​យក​ដីរដ្ឋធ្វើ​​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ខុស​ច្បាប់បន្តទៀត។

នៅចំពោះមុខពលរដ្ឋដែលទទួលបានសំណងជាដីធ្លី អភិបាលស្រ្តីនៅខេត្តកោះកុង សង្កត់ធ្ងន់ថា ករណី​​បើ​មាន​សកម្មភាព​កាប់​រុករាន​ដី​បម្រុង​ទុក​ឬ​ដី​ក្នុង​តំបន់​ការពារ​ណាមួយបន្ត​នោះ អាជ្ញាធរ​នឹង​ស៊ើប​អង្កេត​ប្តឹងទៅ​តុលាការ​។ ពីព្រោះ​មាន​ការកំណត់ជនដែល​សញ្ញា​​មួយចំនួន​ក្នុង​ដៃ​ស្រេចហើយ​។​ ចំពោះពលរដ្ឋដែលទទួលដីរួចរាល់ហើយ ត្រូវបង្កបង្កើន​ផលដំណាំ​កសិកម្ម​យ៉ាងហោចណាស់៥ឆ្នាំ ទើបអាចមានសិទ្ឋិលក់ដូរបានទេ។

ទន្ទឹមនោះដែរ លោក សុខ សុទ្ធី អភិបាលរងខេត្ត ក៏ព្រមានដល់អភិបាលស្រុក មន្រ្តី​ការិយាល័យ​ដែនដី មេឃុំ និងមេភូមិ ដាច់ខាតមិនត្រូវចុះហត្ថលេខាលើទិញលក់ដីពលរដ្ឋខាងលើនោះទេ ប្រសិន​ពល​រដ្ឋមិន​បាន​ដំដុះ​ផលកសិកម្មតាមការកំណត់​។

ដោយឡែក លោក ហាង ប៊ុនថៃ និងអ្នកស្រី ហ៊ុន ហួង ជាប្រជាពលរដ្ឋ​រស់នៅភូមិព្រែកស្មាច់ ដែល​ទទួលបានក្បាលដីឡូតិ៍បន្ថែមពីគោលនយោបាយរដ្ឋាភិបាល បង្ហាញការពេញចិត្ត និង​ឯកភាព​យក​រដ្ឋាភិបាល ដោយសន្យាក្តីសង្ឃឹមទៅអនាគតថា ពួកគាត់នឹងបង្កបង្កើនផលដំដាំកសិកម្ម ដើម្បីលើក​កម្ពស់ជីវ​ភាព​រស់​នៅ​ក្នុង​គ្រួសារ និងជាកេរ្តិ៍ដំណែលទុកជូនកូនចៅអាស្រ័យផលបន្ត ខណៈ​មាន​ដោះស្រាយដីធ្លី​ពិត​ប្រាកដ។

កុ្រមប្រជាពលរដ្ឋដដែល សូមអរគុណយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលដែល​ដឹកនាំ​ដោយសម្តេចតេជោ ក្រសួងដែនដី ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកោះកុងទាំងអស់ លើយន្ត​​ការដោះស្រាយវិបត្តិដីធ្លី ជាមួយក្រុមហ៊ុន ញូ ញៀន តាំងពីឆ្នាំ២០១៦មក។

គួររម្លឹកថា អាជ្ញាធរខេត្តកោះកុង បានដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋជាច្រើនគ្រួសារ​និង​ជា​បន្ត​បន្ទាប់ រាល់ចាប់​ពី​ស្រុក​ស្រែអំបិល ស្រុកបុទុមសាគរ និងស្រុកគិរីសាគរ ដោយមិន​ទុកឱ្យ​បញ្ហា​នេះ​កើតមានទៀតនោះទេក្នុងតំបន់សមរភូមិក្តៅរឿងរ៉ាវដីធ្លី។

តែអាជ្ញាធរ ស្នើសុំយ៉ាងទទូចដល់ពលរដ្ឋដែលបានព្រមព្រៀង​ទទួលយក​ដីជា​គោលនយោបាយ​ដោះ​​ស្រាយ​​​បន្ថែមពី​រាជរដ្ឋាភិបាល​កម្ពុជា បញ្ឈប់ជឿតាមការញុះញុង់ពី​បុគ្គលប្រឆាំងមួយចំនួន​នាំ​ឱ្យ​មាន​ការ​​យល់​​ច្រឡំ​មកលើរដ្ឋាភិបាល។ ហើយប្រមូលផ្តុំគ្នាឡើ​ងទៅតវ៉ានៅរាជធា​នីភ្នំពេញ​ទាំង​បំពាន ក្រោយ​ទទួលបានសំណងរួចរាល់នោះ៕B/