ប្រជាពលរដ្ឋ​ចោទ​ក្រុមហ៊ុន​អាយ​អិន​ជី​រំលោភ​យក​ដី​បឹង​ជី​ភោ​

1260
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល ជាមួយ​ក្រុមហ៊ុន អាយ អិន ជី ហូ​ឌី​ង ដែល​បានអូសបន្លាយ​ពេល​ជាង​២​ឆ្នាំ​មកហើយ រហូតមកដល់​ពេលនេះ នៅ​មិនទាន់​ដោះស្រាយ​ចប់​នៅឡើយ​ទេ​។ ដោយសារតែ​មិនមាន​ដំណោះស្រាយ​ប្រជាពលរដ្ឋ​បាន​ផ្ទុះ​ការតវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្តកណ្តាល និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍ ជាពិសេស​ប្រជាពលរដ្ឋ​សុំ​ឲ្យ​អភិបាលខេត្ត​កណ្តាល ធ្វើការ​បំភ្លឺ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​អំពី​ករណីនេះ​។​

​ដី​សហគមន៍​ជាង​៧​ហិកតា នៅ​ចំណុច​បឹង​ជី​ភោ ស្ថិតនៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ (​ខាងកើត​ជាប់​មហាវិថី​សម្ដេច​ហ៊ុនសែន ៦០​ម៉ែត្រ​) មាន​ប្រជាពលរដ្ឋ​៣៥០​គ្រួសារ បាន​កាន់កាប់​និង​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៨០ ដោយ​ប្រជាពលរដ្ឋ​បាន​ដាំ​ដុះ ព្រលឹត ត្រកួន កញ្ឆែត និង​នេសាទ ត្រី នៅ​ទីនោះ​ជា​លក្ខណៈ​គ្រួសារ​។​

​ប្រជាពលរដ្ឋ​បាន​អះអាងថា ដី​សហគមន៍​នេះ ប្រជាជន​មិនបាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន អាយ អិន ជី ហូ​ឌី​ង នៅឡើយ​ទ​។ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​បាន​រំលោភ​យក​ដី​បឹង​ជី​ភោ របស់​សហគមន៍​នៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

​ប្រភព​ដដែល​បាន​បន្តថា ក្រុមហ៊ុន អាយ អិន ជី ហូ​ឌី​ង បាន​ប្រមូល​ទិញ​ដី​ប្រជាជន​ដែល​កាន់កាប់​ស្របច្បាប់ នៅ​ជិត​ដី​មានទំនាស់​នោះបាន​មួយចំនួន ហើយ​បន្ទាប់មកទៀត​ក៏បាន​បោះ​ព្រំ​ព័ទ្ធ រំលោភ​យក​ដី​បឹង​ជី​ភោ របស់​សហគមន៍​នៅ​ភូមិ​ស្ទឹង​ជ្រៅ​។ ក្រុមហ៊ុន​ថែមទាំង​បានធ្វើការ​ហាមឃាត់ មិន​ឲ្យ​ប្រជាជន​ចូលទៅ​នេសាទ ដាំ​ដំណាំ នៅ​លើដី​នោះទេ និង​បាន​គំរាមកំហែង​រក​បាញ់​ប្រជាជន ថែមទៀត​បើ​ហ៊ាន​ចូលទៅ​ដី​នោះ​។ បន្ទាប់ពី​មានការ​គំរាមកំហែង និង​រំលោភ​យក​ដី​ប្រជាជន​បាននាំគ្នា ប្ដឹងតវ៉ា ជា​បន្តបន្ទាប់​ទៅ​អាជ្ញាធរខេត្ត រហូតដល់​ក្រសួង​រៀបចំ​ដែនដី នគររូបនីយ៍កម្ម និង​សំណង់ តែ មិន​ទួលបាន​ដំណោះស្រាយ​។​

​ទាក់ទង​ករណីនេះ ក្រុមហ៊ុន អាយ អិន ជី ហូ​ឌី​ង មិនអាច​សុំ​ការបំភ្លឺ​បានទេ​។ ចំណែក​លោក​សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏​មិនអាច​សុំ​ការអត្ថាធិប្បាយ​បានដែរ ដោយ​លោក​ថា ជាប់រវល់​។ យ៉ាងណាក៏ដោយ រស្មី​កម្ពុជា​រង់ចាំ​ទទួល​នូវ​ការបំភ្លឺ​របស់​ក្រុមហ៊ុន អាយ អិន ជី ហូ​ឌី​ង​៕