ប្រជាពលរដ្ឋ​ជាង​១៤៦​គ្រួសារ​នៅ​ខេត្តកោះកុង រង​ផលប៉ះពាល់​ដោយ​ឥទ្ធិពល​ព្យុះភ្លៀង​

218
ចែករម្លែក

ដោយ​: សុ​ផានី​តា​
​កោះកុង​:
ខេត្តកោះកុង បាន​ទទួលរង​ឥទ្ធិពល​ព្យុះភ្លៀង​រយៈពេល​៤​ថ្ងៃ​មកហើយ ចាប់ពី​ថ្ងៃ​៤​ដល់​៧​ខែសីហា ឆ្នាំ​២០១៩ ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ បានធ្វើឱ្យ​លំ​ដៅ​ឋាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​១៤៦​គ្រួសារ ក្នុង​ក្រុង​ខេមរភូមិន្ទ និង​ស្រុក​ចំនួន​៤​ទៀត រង​ផលប៉ះពាល់ គ្រា​ភ្លៀង​បន្ត​ធ្លាក់​ពី​តូច​ទៅ​មធ្យម​។​

​ដំណក់ភ្លៀង​បន្ត​ស្ទើរតែ​មិន​ដាច់​គ្រាប់​នោះទេ ពោលគឺ​ចាប់ពី​ម៉ោង​៣​ទៀបភ្លឺ​រហូតដល់​ម៉ោង​២​រសៀល​ថ្ងៃទី​៧ ខែសីហា​នេះ ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ​ឥទ្ធិពល​ព្យុះភ្លៀង និង​ខ្យល់ក​ន្ត្រា​ប់ ពុំបាន​ធ្វើឱ្យមាន​ពលរ​ដ្ឋ​ណា​ម្នាក់​ស្លាប់ ឬ​រងគ្រោះថ្នាក់ ដោយ​គ្រាន់តែ​លំនៅឋាន​ពលរដ្ឋ​ជាង​១៤៦​គ្រួសារ​របើក​ដំបូង រីឯ​ដំណាំ​ចេក​ជាង​៧០០​ដើម​ដួល​បាក់​នៅ​ស្រុក​ថ្មបាំង​។​

​លោក ឈួន យ៉ា​ដា នាយក​សាខា​កាកបាទក្រហម​ខេត្តកោះកុង បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​៧ ខែសីហា ថា ក្រោយ​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​រង​ផលប៉ះពាល់​ភ្លាមៗ អាជ្ញាធរខេត្ត ក្រុង ស្រុក និង​មន្ត្រី​កាកបាទក្រហម បាន​ចុះ​សួរ​ទុក​សួរ​ដោយ​នាំយក​នូវ​គ្រឿង​បរិភោគ ឧបភោគ ថវិកា អាវ​ភ្លៀង តង់​កៅស៊ូ និង​ស​ង្ក័​សី​ជាច្រើន​សន្លឹក​ទៅ​ចែកជូន​ពលរដ្ឋ​រងគ្រោះ ដើម្បី​ដោះស្រាយ​ការលំបាក​ជា​បណ្តុះ​អាសន្ន​សិន​។ លោក​បន្តថា មូលដ្ឋាន​ពលរដ្ឋ​រង​គ្រោះ​ដោយសារ ខ្យល់​កន្ត្រាក់ មាន​ក្រុង​ខេ​ម​ភូមិន្ទ ស្រុក​មណ្ឌលសីមា ស្រុក​ថ្មបាំង ស្រុកស្រែ​អំបិល និង​ស្រុក​កោះកុង​។​

​លោក ឈេ​ង សុវណ្ណ​ដា អភិបាលក្រុង​ខេ​ម​ភូមិន្ទ ថ្លែងថា ចំពោះ​ប្រព័ន្ធ​គមនាគមន៍​ផ្លូវថ្នល់​វិញ មិន​លិចលង់​ដូច​មុន​ពេលមុនៗ​ឡើយ ដោយ​អាជ្ញាធរ​សង្កាត់ និង​ក្រុង បាន​ស្តារ​ប្រឡាយ​លូ​ដែល​ហ៊ុ​ព័ទ្ធ​ដោយសារ​សំរាម និង​ស្មៅ​កំ​បោក បើកផ្លូវ​ទឹក​ហូរ​ចេញ​ទៅតាម​ដងព្រែក​អូរ​នានា​ដូច​ធម្មតា​។ បើ​ធៀប​ប៉ុន្មាន​សប្តាហ៍​មុន​មានផ្ទះ​ស​ប្បែង និង​ថ្នល់​ជន់​លិច រីឯ​ប្រជា​នេសាទ​លក្ខណៈ​ខ្នាតតូច ក៏​មិន​ចេញ​នេសាទ​នៅ​នាយ​សមុទ្រ ក្រោយពី​ស្តាប់​ព័ត៌មាន​ការ​ព្យា​ការណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​បងប្អូន​ប្រជា​នេសាទ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​បាតុភូត​ខ្យល់​កន្ត្រាក់ ផ្គរ រន្ទះ រលក សមុទ្រ​ធំៗ​ខ្ពស់ៗ​។ ប្រជាពលរដ្ឋ​ត្រូវ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ ជាពិសេស​ទៅលើ​កុមារ​តូចៗ ត្រូវ​ស្លៀក​ខោអាវ​វែង និង​គេង​នៅក្នុង​មុង​ជ្រលក់​ថ្នាំ ដើម្បី​ការពារ​ជំងឺគ្រុនឈាម​ដែល​កំពុង​រីក​រាលដាល​។ ប្រសិនបើ​មាន​បញ្ហា​អ្វី ប្រញាប់​រាយការណ៍​មក​មេភូមិ និង​ចៅសង្កាត់ មេឃុំ តាមរយៈ​លេខ​ទូរស័ព្ទ​Hot Line គឺ 015 92 91 91​ដើម្បី​ចុះជួយ​សង្គ្រោះបាន​ទាន់ពេលវេលា​ផងដែរ​។​

​លោក បិ​ុ​ច ពេជ្រ​ស៊ី​យុន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកោះកុង សុំ​ការអនុគ្រោះ​ពី​ប្រជាពលរដ្ឋ​ផងដែរ ចំពោះ​ភាពរអាក់រអួល​លើ​ការផ្គត់ផ្គង់​ជូន ព្រោះ​ដើមឈើ​តូចធំ​បាន​កាត់​លើ​ខ្សែបណ្តាញ​អគ្គិសនី អំឡុងពេល​មាន​ខ្យល់​ខ្លាំង ដែល​ចាំបាច់​ជួសជុល​ប្រព័ន្ធ​បច្ចេកទេស​។ តែ​គិត​មកដល់​ម៉ោង​នេះ ការងារ​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​បាន​ផ្គង់​ផ្គង់​គ្រប់​ក្រុង និង​ស្រុក​រួចរាល់​ហើយ​ដែរ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​៤ ខែសីហា ថ្មីៗ បង្ហាញ​ពី​ការប្រែប្រួល​អាកាសធាតុ​ថា ប្រទេស​កម្ពុជា កំពុង​រង​នូវ​ឥទ្ធិពល​សម្ពាធ​ទាប​នៃ​ព្យុះ​ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​១០ ខែសីហា ដែល​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់ ពិសេស​ខេត្ត​ជាប់​សមុទ្រ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ចំនួន​២ គឺ​ខេត្តកោះកុង និង​ព្រះ​សីហ​ន​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​។​

​ឥទ្ធិពល​សម្ពាធ​ទាប (ITCZ ) លាតសន្ធឹង​ក្នុង​ទឹកដី​ថៃ ឡាវ និង​វៀតណាម ភ្ជាប់​នឹង​ព្យុះ​ទី​៧ ដែល​បាន​រលាយខ្លួន​នៅ​ថ្ងៃទី​៤ ខែសីហា​។ ព្យុះ​ទី​៨ ឈ្មោះ ហ្វ្រ​ង់​ស៊ី​ស​កូ ដែល​ស្ថិត​ឆ្ងាយ​ក្នុង​មហាសមុទ្រ​នៅឡើយ​។ ព្យុះ​នេះ មិនមាន​ឥទ្ធិពល​មកលើ​កម្ពុជា​នោះទេ ដោយ​នឹងមាន​ឥទ្ធិពល​លើ​ឧបទ្វីប​កូរ៉េ​។ ប៉ុន្តែ​នៅ​ភាគ​ខាងកើត​ហ្វីលីពីន នឹង​កើត​ព្យុះ​មួយទៀត​ទី​៩​ឈ្មោះ​(​ឡេ​គី​ម៉ា​)​នឹងមាន​ឥទ្ធិពល​មកលើ​កម្ពុជា​។

​បន្ថែម​លើ​នេះដែរ ក្រសួង​ធនធានទឹក នៅតែ​អំពាវនាវ​ឲ្យ​សាធារណជន​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ ឥទ្ធិពល​នៃ​ល្បឿន​ខ្យល់​ខ្លាំង​ក្នុង​កម្រិត​ពី​១៥-២០ ម៉ែត្រ​ក្នុង​មួយ​វិនាទី និង​រលក​សមុទ្រ​ធំ មាន​កម្ពស់​ពី​១-២​ម៉ែត្រ​៕ ល​