ប្រជាពលរដ្ឋ​ជាង​២​ពាន់​ក្នុងស្រុក​សន្ទុក ទទួល​ការពិនិត្យ​និង​ព្យាបាល​ជំងឺ​មិន​គិតថ្លៃ​ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​

895
ចែករម្លែក

ដោយ​: រស្មី​កម្ពុជា / សន្ទុក​: នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ យ៉ាងហោចណាស់​ក៏មាន​ប្រជាពលរដ្ឋ​ជាង​២​ពាន់​នាក់​ដែរ ដែល​បានមក​ទទួល​សេវា​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ភ្នែក ត្រចៀក ច្រមុះ និង​បំពង់ក មិន​គិតថ្លៃ​ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ដែលជា​កិច្ចសហការ​រវាង​ធនាគារជាតិ នៃ​កម្ពុជា សមាគម​ចក្ខុ​ខ្មែរ និង អង្គការ​ក្ដីសង្ឃឹម​កម្ពុជា​។​

​សកម្មភាព​មនុស្ស​ធ៌​ម​នេះ បានរៀបចំ​ផ្ដល់​ការពិនិត្យ​និង ព្យាបាល​ជំងឺ នៅក្នុង​ប​វិ​វេណ​វត្ត​ជី​និ​តា​រាម ស្ថិតនៅ​ឃុំ​កំពង់ថ្ម ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ជា ចាន់តូ សមាជិក​អចិន្ត្រៃយ៍​គណៈ​ក​ម្មា​
​ធិ​ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​សន្ទុក និង​លោកស្រី ខៀវ ស៊ីណា អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ​។​

លោក ជា ចាន់តូ និង​លោកស្រី​មានប្រសាសន៍ថា នេះ​គឺជា​សកម្មភាព​មនុស្ស​ធ៌​ម​ពិតៗ ដែលជា​កិច្ចខិតខំ​មួយ​របស់​យើង ដើម្បី​លើកកម្ពស់​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ ហើយក៏​ជា​ផ្នែក​មួយ​សម្រាប់​ជួយ​សម្រួល​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ស្វែងរក​សេវា​ផងដែរ​។​

​លោក​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ទឹកចិត្ត​សប្បុរស​ធ៌​ម​និង​កាយវិការ​ដ៏​ល្អ​ប្រពៃ​របស់​ក្រុមគ្រូពេទ្យ​នាពេលនេះ បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការ រួមចំណែក​មួយ​ចំពោះ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក​ម្ដុ​ជា ដែល​តែងតែ​គិតគូរ​គ្រប់ពេលវេលា ចំពោះ​សុខភាព​របស់​ប្រជាពលរដ្ឋ ទន្ទឹមនឹង​ទទួលបាន​សុខភាព​ល្អ​ខាង​ផ្លូវចិត្ត​ក៏ដោយ ក៏ត្រូវ​ទទួលបាន​សុខភាព​ល្អ​និង​រឹងមាំ​ផ្នែក​ផ្លូវកាយ​បន្ថែមទៀត​ដែរ​។​

​លោក វ៉ី​ច​ទ័​រ (victor) ជនជាតិ​កាណាដា ដែល​អ្នកដឹកនាំ​ក្រុមគ្រូពេទ្យ​របស់​សមាគម​ចក្ខុ​ខ្មែរ បាន​ឲ្យ​ដឹងថា ការងារ​មនុស្ស​ធ៌​ម​នៅពេលនេះ ក្រៅពី​ផ្ដល់​ការពិនិត្យ​និង ព្យាបាល​នោះ​ក៏មាន​ផ្ដល់​វ៉ែនតា និង របៀប​នៃ​ការថែរក្សា​ការពារ​ភ្នែក​ទៀតផង​។ ក្នុងករណី​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​អ្នកជំងឺ​នឹង​នាំទៅ​ធ្វើការ​វះកាត់​នៅ​ភ្នំពេញ ដោយ​មិន​គិតថ្លៃ​ផងដែរ ដូចជា​ជំងឺ​ឡើង​បា​ជាដើម​។​

​ដោយឡែក​លោកស្រី​វេជ្ជបណ្ឌិត កែប ចន្ទ​សា​មា ប្រធាន​អង្គការ​ក្ដីសង្ឃឹម​កម្ពុជា (HOPE Cambodia) ជំនាញ​ខាង​ព្យា​ល​បាល​ជំងឺ​ត្រចៀក ច្រមុះ និង​បំពង់ក នោះបាន​អះអាងថា ក្រុម​លោកស្រី​ពិតជា​មានការ​រីករាយ និង​ពេញចិត្ត​ណាស់​ពេល​ឃើញ​មាន​ប្រជាពលរដ្ឋ​ច្រើន​បានមក​ទទួលយក​សេវា​ពិនិត្យ និង​ព្យាបាល ហើយ​ទោះបី​ត្រូវ​ពេល​ប្រើពេល​ប៉ុន្មាន​ក៏ដោយ ត្រូវតែ​ពិនិត្យ​និង​ព្យា​ល​បាល​ជូន​ឲ្យ​បាន​គ្រប់គ្នា​ទាំងអស់​។​

​សូមបញ្ជាក់ថា​៖​ប្រជាពលរដ្ឋ​ជាង​២​ពាន់​នាក់​ដែល​មក​ពិនិត្យ​និង ព្យា​ល​បាល​ជំងឺ​នាពេលនេះ ក៏​ទទួលបាន​ការសម្របសម្រួល និង​ទទួល​ប​នា​អាហារសម្រន់​ពី​ក្រុមការងារ​របស់​ធនាគា​រ​ជាតិ នៃ​កម្ពុជា​ផងដែរ​៕ ល​