ប្រជាពលរដ្ឋ​ជាង​៣០០​នាក់​ផ្ទុះ​ហិង្សា​ដាក់​នាយក​ជម្រក​សត្វព្រៃ​ព្រះ​រកា រឿង​ចាប់​វ៉ៃខ្នោះ​ពលរដ្ឋ​ដែល​ដឹកឈើ​ធ្វើ​លំនៅដ្ឋាន​

1887
ចែករម្លែក

ព្រះវិហារ​៖ លោក យ៉ាន់ ប៊ុន​សឿង នាយក​ជំរក​សត្វព្រៃ​ព្រះ​រកា ត្រូវបាន​រងរបួស​ធ្ងន់​ចំ​សៀន​ផ្កា និង​ចំរឹង​កូនឈើ ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ជាង​៣០០​នាក់ ឡោមព័ទ្ធ ហើយ​ឈានដល់​ផ្ទុះ​ហិង្សា រឿង​ករណី​ឃាត់​ចាប់​ពលរដ្ឋ​វ៉ៃខ្នោះ​ម្នាក់​រឿង​ដឹកឈើ​ជ្រាយ តាម​គោយន្ត​កន្ត្រៃ យកមក​សាងសង់​លំនៅដ្ឋាន​របស់​ពួកគាត់ ស្ថិតនៅ​ចំងាយ​ប្រហែល​ជាង​២០០​ម៉ែត្រ ពី​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ កាលពី​ម៉ោងជាង​៨​យប់​ថ្ងៃទី​២៨ ខែ​កក្ត​ដា ឆ្នាំ​២០១៧​។​

​ប្រភពពី​ពលរដ្ឋ​ឃុំ​ពោធិ៍​បាន​និយាយ​ផ្សេងៗ​គ្នា​ឲ្យ​កាសែត​រស្មី​កម្ពុជា ដឹងថា មុន​កើតហេតុ​គេ​បានឃើញ​មន្ត្រី​បរិស្ថាន​៤​ទៅ​៥​នាក់ ចុះទៅ​ចំណុច​ខាងលើ បាន​ប្រទះឃើញ​ពលរដ្ឋ​ដឹកឈើ​ជ្រាយ​តាម​គោយន្ត​កន្ត្រៃ​មួយគ្រឿង ខណៈនោះ​មន្ត្រី​បរិស្ថាន​មិនបាន​សួរ​អ្វី​នោះទេ ហើយ​បាន​ឃាត់​ចាប់​វ៉ៃខ្នោះ​តែម្តង ក្រោយពី​ឃាត់​ចាប់បាន​ហើយ​មិនបាន​បញ្ជូនមក​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​នោះទេ សង្ស័យ​ទុក​សម្រួល​យក​លា​បស​ក្ខា​រៈ​តែប៉ុណ្ណោះ​។​

​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា ក្រោយ​ឃាត់​ចាប់​វ៉ៃខ្នោះ​ប្រជាពលរដ្ឋ​តាំងពី​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៨​ខែ​កក្ត​ដា​ឆ្នាំ​២០១៧​រហូតដល់​ម៉ោង​៨​កន្លះ​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល មន្ត្រី​ទាំងនោះ​មិនបាន​បញ្ជូន​មនុស្ស និង​វត្ថុតាង​មក​មន្ទីរ​បរិស្ថាន​ខេត្ត​នោះទេ ហើយ​បាន​ទូរស័ព្ទ​ទៅ​មេ​នាយក​ជំរក​សត្វព្រៃ​ព្រះ​រកា​អោយ​ចុះមក​។ មួយសន្ទុះ​ក្រោយមក​គេ​បានឃើញ​មេ​របស់​ពួកគេ​មកដល់ តែ​ត្រូវបាន​ពលរដ្ឋ​ជាច្រើន​តវ៉ា​មិនអោយ​យក​មនុស្ស​និង​គោយន្ត​កន្ត្រៃ​នោះ​ទៅ​ទេ ក្រោយមក​មន្ត្រី​បរិស្ថាន​ទាំងនោះ ក៏បាន​ដោះលែង​វិញ​ដោយសា​ឃើញ​ប្រជាពលរដ្ឋ​មក​ច្រើនឡើងៗ​។​

​ប្រភពពី​ពលរដ្ឋ​បាន​អោយដឹងទៀតថា មន្ត្រី​បរិស្ថាន​ទាំង​នោះបាន​ត្រឡប់មកវិញ ខណៈ​មកដល់​ពាក់កណ្តាល​ភូមិ​បាន​ប្រទះ​ជាមួយ​ប្រជាពលរដ្ឋ​យ៉ាងច្រើន ហើយ​បាន​ទាស់​ពាក្យសំដី​គ្នា​រហូតដល់​ប្រជាពលរដ្ឋ​លោម​ព័ទ្ធ ហើយ​ប្រើ​ហិង្សា​យក​ចំរឹង​កូនឈើ​បុក​ចំ​សៀតផ្កា​លោកនាយក​ជំរក​សត្វព្រៃ​ព្រះ​រកា បណ្តាល​ធ្វើអោយ​ហូរឈាម​របួស​យ៉ាង​ធ្ងន់ ហើយ​មន្ត្រី​ទាំងនោះ​បាន​ដឹក​តាម​រថយន្ត​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​១៦​មករា ខេត្តព្រះវិហារ​ភ្លាមៗ​ផងដែរ​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើងថា លោក​វុន​ធឿន​នាយក​ជំរក​សត្វព្រៃ​ព្រះ​រកា មុន​មានការ​យល់យោគ​ដឹង​ទុក្ខ​ធុ​រ​:​ដល់​ប្រជាពលរដ្ឋ​ច្រើន តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ក្រសួងបរិស្ថាន​បាន​ផ្លាស់ប្តូ​រលោក​យ៉ាន់​ប៊ុន​សឿង​មកកាន់​ជានា​យក​ជំរក​សត្វព្រៃ​ព្រះ​រកា​ថ្មី ធ្វើអោយ​ពលរដ្ឋ​ថ្នាំងថ្នាក់​ច្រើនឡើងៗ​។ ពលរដ្ឋ​បានលើកឡើង​ទៀតថា ខណៈដែល​ប្រជា​ពល​ដ្ឋ​ខ្វះខាត​ឈើ​ធ្វើ​លំនៅដ្ឋាន​ទៅសុំ​មន្ត្រី​បរិស្ថាន​ម្នាក់​អ្នកយក​លុយ ហើយ​មន្ត្រី​បរិ​ស្ថាប​ម្នាក់​ផ្សេង​ទៅ​ចាប់​ទៀត​ទៅវិញ​ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​គំនុំ​យ៉ាងខ្លាំង​។ ពេលខ្លះទៀត​បាន​រិះគន់ថា ពេល​ចាប់​ឈើ​ប្រជាពលរដ្ឋ​យកមក​មន្ទីរ​បរិស្ថាន​ខេត្ត​ម្តងៗ បើ​ពិន័យ​ឈើ​នោះ​ប្រហែល​ជាមួយ​លាន​រៀល​មន្ត្រី​ទាំងនោះ​ថា ដល់​ទៅ​៤​លាន​រៀល​ឯណោះ ធ្វើអោយ​ពលរដ្ឋ​មានការ​ភ័យខ្លាច​ហើយ​សុំ​សម្រួល​នៅត្រឹម​១​លាន​រៀល​វិញ ហើយ​មន្ត្រី​បរិស្ថាន​ទាំងនោះ​បែរជា​ព្រម​ហើយ​យកលុយ​នោះ​មិនមាន​វិក្ក​យ​ប័ត្រ​នោះ​ទៀតផង​។

​ទាក់ទិន​នឹង​ករណី​ប្រជាពលរដ្ឋ​លោក​ព័ទ្ធ​ឈានដល់​កើត​អំពើហិង្សា​ខាងលើ​នោះ អ្នកយកព័ត៌មាន​យើង​មិនទាន់​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក អ៊ា សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​បាន​នៅឡើយ​នោះទេ​៕ ដោយ​៖ សៅ​វ៉ាន់ឌី​
​ ​