ប្រជាពលរដ្ឋ​ជាង​៥​ពាន់​នាក់​នៅ​ខេត្តកំពង់ឆ្នាំង ទទួល​ការពិនិត្យ​ព្យាបាល​ជំងឺ​ពី TYDA

1446
ចែករម្លែក

ដោយៈ មុនី​រ័ត្ន / ភ្នំពេញ​៖ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​ជោ (TYDA) បាន​ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ច្រេស ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៨​។ ដោយ​ធ្វើការ​ពិនិត្យ​ព្យា​ល​ប្រជាពលរដ្ឋ​សរុប​ចំនួន​៥,៣៣៣​នាក់ និង​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ចំនួន​៧០​នាក់ ដែល​សកម្មភាព​មនុស្ស​ធម៌​នេះ​ក្រោម​ការសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ អង្គ​ការឈឺ​ជី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សមាគម​សិស្ស​និស្សិត​អាហារូបករណ៍​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត​។​

​លោក​វេជ្ជបណ្ឌិត ចន្ទ សុភា​ស់ បានអោយដឹងថា គោលបំណង​សំខាន់​របស់​សមាគម​គឺ​ផ្តល់​ការព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ ឬ​សាសនា​អ្វី​ទាំ​អស់ គឺ​ប្រមូល​កម្លាំង​ស្ម័គ្រចិត្ត​ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌ ដើម្បី​បង្ខិត​សេវា​សុខាភិបាល​និង​សកម្មភាព​មនុស្សធម៌​ឱ្យ​គៀក​និង​ប្រជាពលរដ្ឋ​ដើម្បី ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​លោក​បន្តថា បេសកកម្ម​នេះ​មានការ​ចូលរួម​ដោយ​ក្រុមគ្រូពេទ្យ​ជា​សមាជិក​នៃ​សមាគម ដែល​មកពី​តាម​មន្ទី​ពេទ្យ​រដ្ឋ និង​ឯកជន​នានា ជាងនេះទៀត​មានការ​ចូលរួម​ដោយ​គ្រូពេទ្យ​មកពី​ប្រទេស តៃវ៉ាន់ សាំង​ហ្គា​ពួរ ម៉ាឡេស៊ី វៀតណាម និង​គ្រូពេទ្យ​មកពី​រដ្ឋ​ឡូ​ស​អេ​ន​ជឺ​ឡេស​នៃ​សហរដ្ឋអាមេរិក​ផងដែរ ដោយ​ធ្វើការ​ពិនិត្យ​លើ​ប្រភេទ​ជំងឺ​ផ្សេងៗ​ជាច្រើន​ដូចជា ជំងឺ​ទូទៅ ជំងឺ​បេះដូង ជំងឺ​ត្រចៀក​ច្រមុះ​បំពង់ក ជំងឺ​ភ្នែក ជំងឺ​សន្លាក់ ជំងឺ​មាត់​ធ្មេញ ផ្នែក​អេកូ និង​រោគ​ស្ត្រី ជំងឺ​ឫសដូងបាត ផ្នែក​វះកាត់​តូច ជំងឺ​សើរ​ស្បែក និង​ពិនិត្យ​ឈាម​ផងដែរ​។

​ចំណែក​លោក Huong Si Cheng ប្រធាន​អង្គ​ការឈឺ​ជី បានអោយដឹងថា លោក​ជាមួយនឹង​ក្រុមការងារ​ពិតជា​រីករាយ​ដែល​បាន​មកដល់​ប្រទេស​កម្ពុជា ជាពិសេស​បាន​សហការ​ជា​ដៃគូរ​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) ធ្វើការ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅថ្ងៃនេះ​ផងដែរ ហើយ​លោក​ថា​រូបលោក​នឹង​ក្រុមការងារ នឹង​បន្ត​សហការ​ជាមួយ​(TYDA) ដើម្បី​ជួយ​ដល់​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា​បន្តទៀត​។​

​រីឯ​ប្រជាពលរដ្ឋ​ដែល​បានទទួល​កា​ព្យាបាល​ដោយ​ឥតគិតថ្លៃ​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន លោក ហ៊ុន ម៉ា​ណែ​ត និង​ក្រុមគ្រូពេទ្យ​ដែល​បាន​ពិនិត្យ​ព្យាបាល ជូន​ពួកគាត់​យ៉ាង​យកចិត្តទុកដាក់​និង​មិន​គិតថ្លៃ និង​បាន​សំណូមពរ​អោយ​សមាគម​ចុះមក​ធ្វើ​សកម្មភាព​មនុស្សធម៌​នេះ​អោយបាន​កានតែច្រើន​ថែមទៀត​។​

​គួរ​បញ្ជាក់ថា គិត​មកដល់ពេលនេះ សមាគម​បានធ្វើ​សកម្មភាព​មនុស្សធម៌ ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ សរុប​ចំនួន ២៥០,៧៥០​នាក់ និង​បញ្ជូនបន្ត​មក​ព្យាបាល នៅតាម​មន្ទី​ពេទ្យ និង​អង្គការ​ជា​ដៃគូរ ក្នុង​រាជធានី​ភ្នំពេញ ចំនួន​៣,១៦០​នាក់ ដែល​ការចំណាយ​ផ្សេងៗ​ជា​បន្ទុក​របស់​សមាគម​ទាំងស្រុង​៕L​