ប្រជាពលរដ្ឋ​ជា​សម្បទា​និក នៃ ភូមិ អូរ​គគីរ កំពុង​រីករាយ​នឹង​ជីវភាព​ថ្មី​

336
ចែករម្លែក

ដោយៈ មេសា​/ក្រចេះ ៖ ភូមិ អូរ​គគីរ ស្ថិតនៅក្នុង ឃុំ ដារ ស្រុក ចិត្រ​បុរី ខេត្ត ក្រចេះ គឺជា​ភូមិ​ថ្មី ១ ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០១១ តាមរយៈ​គម្រោង​បែងចែក​ដី​សម្បទាន​សង្គម​កិច្ច របស់​រាជរដ្ឋាភិបាល​ជំ​ហ៊ាន​ទី ១ ឬ ដែល​ហៅថា គម្រោង LASED I ។ រាល់​គ្រួសារ​ទាំងអស់ នៃ ភូមិ​នេះ គឺជា​អតីត​ប្រជាពលរដ្ឋ​ក្រីក្រ​បំផុត ដែល​ត្រូវបាន​ជ្រើសរើស​មកពី​ភូមិ​ផ្សេងៗ ។​


​ដោយ​ទទួលបាន​ជំនួយ​ថវិកា​ពី​ធនាគារពិភពលោក គម្រោង LASED I ( និង LASED II ) មិន​គ្រាន់តែ​បែងចែក​ដី​លំនៅឋាន និង ដី​កសិកម្ម​ជូន​ប្រជាពលរដ្ឋ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ថែមទាំង​ជួយ​សាងសង់​ផ្ទះសំបែង ឬ ក៏​ផ្តល់​សម្ភារ​សម្រាប់​សាងសង់​ផ្ទះ និង សម្ភារ​សម្រាប់​ប្រើប្រាស់​ចាំបាច់​ប្រចាំថ្ងៃ ដូចជា​ចាន ឆ្នាំង ចប កាំបិត និង ពូថៅ​ជាដើម ដើម្បី ឱ្យ​ប្រជាពលរដ្ឋ​ជា​សម្បទា​និក​ទាំងនេះ មានលទ្ធភាព​ចាប់​ផ្តើមកសាង​គ្រួសារ​របស់​ពួកគាត់​នៅលើ​ភូមិ​ថ្មី​នេះ​បាន ។​


​លើសពីនេះ​ទៅ គម្រោង LASED ( LASED I និង LASED II ) ក៏បាន​បង្ហាត់បង្រៀន​ជំនាញ​កសិកម្ម​ចិញ្ចឹមសត្វ និង កសិក​កម្ម​ដាំ​ដំណាំ ផ្តល់ទុន​បង្វិល និង រក​ទីផ្សារ​សម្រាប់​លក់​កសិផល របស់​ប្រជាពលរដ្ឋ​ទាំ​អ​នេះ​ផងដែរ ។


​ដោយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​បែបនេះ ជីវភាព​របស់​ប្រជាពលរដ្ឋ​ជា​សម្បទា​និក​ទាំងនោះ បាន​ប្រែប្រួល​ឡើង​ត្រសុំត្រសាយ ។​


​អ្នកស្រី យិន រ៉ាត់ ដែល​បច្ចុប្បន្ន​ទីទៃ​ពី​ការ​ប្រក​របរ​កសិកម្ម​លើ​ផ្ទៃដី​ដែល​គាត់​ទទួលបាន​ទៅ គាត់​ក៏​ជា​អ្នកលក់ដូរ​ឥ​វ៉ាន់​ចាប់ហួយ​នៅផ្ទះ​របស់គាត់​ផង បាន​និយាយ​ដោយ​រីករាយ​ថា កាល​នៅ​ភូមិ​ចាស់ ប្តី​ប្រពន្ធ​ខ្ញុំ គ្មានអ្វី​ទាំងអស់ គឺ​រស់នៅ​ជាមួយ​ឪពុកម្តាយ ហើយ​ពួកគាត់​ក៏​គ្មាន​ដីស្រែ​ចម្ការ គោក្របី ឬ ទ្រព្យសម្បត្តិ​អ្វី​ចែក​ឱ្យ​ពួក​ខ្ញុំ​ទេ ។ ប៉ុន្តែ​ពេលមកដល់​ភូមិ​នេះ ខ្ញុំ​មាន​អ្វីៗ​គ្រប់យ៉ាង ខ្ញុំ​មានផ្ទះ មាន​សត្វ​ចិញ្ចឹម មានមុខ​របរ មាន​ដីស្រែ​ចម្ការ មាន​ម៉ូតូ ហើយ​មានលទ្ធភាព​អាចឱ្យ​កូន​ទៅ​រៀន​ទៀតផង ។​


​ចំណែក​លោក យស់ សុវណ្ណ បាន​ថ្លែងថា កាល​នៅ​ភូមិ​ចាស់ ជីវភាព​របស់ខ្ញុំ​ពិបាក​ណាស់ ដី​ភូមិតូច​ប៉ុណ្ណោះ ដីស្រែ​ក៏​តិចតួច​ណាស់ ប៉ុន្តែ​កូន​ច្រើន ត្រូ​ដើរ​ស៊ីឈ្នួល​គេ ។ លុះ​ខ្ញុំ​មក​រស់នៅ​ភូមិ​នេះ ខ្ញុំ​ទទួលបាន​ជំនួយ​សព្វ​គ្រប់យ៉ាង ខ្ញុំ​បាន​ដាំ​ដំណាំ​គ្រប់​ប្រភេទ​នៅ​ជុំវិញ​ផ្ទះ ក្នុងនោះ មានដូចជា​ទៀប ស្វាយ ល្ហុង និង តា​ង៉ែ​ន ជាដើម ដោយ​រួមទាំង​ជីគ្រប់មុខ​ផង ហើយ​ខ្ញុំ​ក៏​ចិញ្ចឹម​មាន់ ទា និង ចិញ្ចឹម​ត្រី​ផដែរ ។ ចំណែក​នៅ​ចម្ការ ខ្ញុំ​ដាំដំឡូង​មី ដែល​រួមគ្នា​ទៅធ្វើ​ឱ្យ​ជីវភាព​របស់ខ្ញុំ មាន​ភាព​ខុសប្លែកគ្នា​ទាំងស្រុង​ពី​កាល​នៅ​ភូមិ​ចាស់ ។​


​អ្នកស្រី ប៉ាន់ សារិន បាន​លើកឡើងថា តាំងពី​ខ្ញុំ​មក​រស់នៅ​ក្នុងភូមិ​នេះ ជីវភាព​របស់ខ្ញុំ​បាន​ធូរធា​ឡើងជា​បន្តបន្ទាប់ ! ខ្ញុំ​មានផ្ទះ មាន​សត្វ​ចិញ្ចឹម ខ្ញុំ​ដាំដំឡូង ដាំពោត និង ដំណាំ​ហូប​ផ្លែ​ជាច្រើន​មុខ ។ ខ្ញុំ​ពិតជា​មិនដែល​នឹកស្មានថា ជីវភាព​របស់​គ្រួសារ​ខ្ញុំ​អាចមាន​ថ្ងៃនេះ​ទេ ព្រោះ​កាល​នៅ​ភូមិ​ចាស់ ជីវភាព​គ្រួសារ​ខ្ញុំ ពិតជា​លំបាក​ណាស់


​បន្ទាប់ពី​បាន​បំពេញ​លក្ខន្តិកៈ​មួយចំនួន ដូចជា​បាន​ចូល​រស់នៅ និង ប្រើប្រាស់​ដី​ដែល​ត្រូវបាន​ប្រគល់ជូន​យ៉ាងហោច ៥ ឆ្នាំ ជាដើម​មក ប្រជាពលរដ្ឋ​ជា​សម្បទា​និក​ទាំងនេះ ទទួលបាន​ប័ណ្ណកម្មសិទ្ធិ ពោលគឺ​ចាប់ពីពេលនេះ​តទៅ ពួកគាត់​បាន​ក្លាយជា​ម្ចាស់​លើ​ដីធ្លី​ទាំងនោះ​ជា​ផ្លូវការ​ហើយ ដោយ​ពិធី​ប្រគល់ និង ទទួល​ប័ណ្ណកម្មសិទ្ធិ​នោះ ធ្វើឡើង​កាលពី​ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៩ នៅ​សាលា​សហគមន៍ ភូមិ អូរ​គគីរ ឃុំ ដារ ស្រុក ចិត្រ​បុរី ខេត្ត ក្រោម​អធិបតីភាព​លោក ស សុវណ្ណ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង សំណង់ និង លោក វ៉ា ថន អភិបាល ខេត្ត ក្រចេះ ។​


​លោក ស សុវណ្ណ បាន​ផ្តែផ្តាំ​ដល់​ប្រជាពលរដ្ឋ​ម្តង​ហើយ​ម្តង​ទៀតថា សូមកុំ​លក់ដូរ ឬ​ដាក់បញ្ចាំ​ដី​ទាំងនោះ ព្រោះ​វា​អាច​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ជីវភាព រស់នៅ​របស់​បងប្អូន​ពេល​ក្រោយ គឺ​ធ្វើឱ្យ​គ្រួសារ​របស់​បងប្អូន អាច​នឹង​នៅជាប់​ផុង​ក្នុង​ភាពក្រីក្រ​តទៅទៀត ហើយ​បើទោះជា​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​លើក​ក្រោយៗ​ទៀត ក៏​មិនអាច​ទទួលបាន​ទៀត​ដែរ ។ ដូច្នេះ​ត្រូវ​រួ​ប្រើប្រាស់ ដី ដែល​ទទួលបាន​ក្នុងការ​រស់នៅ និង​បង្កបង្កើនផល​ឱ្យមាន​ជីវភាព​ប្រសើរឡើង ។​


​គម្រោង LASED I និង LASED II ក៏​ថែមទាំង​បាន​ក៏​សាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដូចជា​ផ្លូវថ្នល់ អណ្តូងទឹក សាលារៀន ប៉ុ​ស្ត៍​សុខភាព សាលា​សហគមន៍ និង ប្រឡាយទឹក ជាដើម ផងដែរ ។​


​គម្រោង​បែងចែក​ដី​សម្បទាន​សង្គម​កិច្ច​ជំហាន​ទី ២ ឬ ដែល​ហៅថា LASED II បានជ្រើសរើស​ខេត្ត​ចំនួន ៥ ជា​ខេត្ត​គោលដៅ​បែងចែក​ដី​សម្បទាន​សង្គម​កិច្ច​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ គឺ​ខេត្ត ក្រចេះ ខេត្ត កំពង់ធំ ខេត្ត កំពង់​ឆ្នាំ ខេត្ត ត្បូងឃ្មុំ និង ខេត្ត កំពង់ស្ពឺ សរុប​ផ្ទៃដី ១៧.០៤៧ ហិកតា សម្រាប់​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៥.៤១១ គ្រួសារ ហើយ​កំពុង​គ្រោង​នឹង​អនុវត្ត​ជំហាន​ទី ៣ របស់ខ្លួន​បន្តទៀត​ដោយ​អនុវត្ត​នៅក្នុង​ខេត្ត​ចំនួន ៥ គឺ​ខេត្ត កំពង់ធំ ខេត្ត រតនគិរី ខេត្ត មណ្ឌលគិរី ខេត្ត ស្ទឹងត្រែង និង ខេត្ត ព្រះវិហារ ចាប់ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២៥ ៕ Kh

អ្នកស្រី ប៉ាន់ សារិន កំពុង​រីករាយ​នឹង​ផលដំណាំ​របស់​ពួ​គាត់ ( ​រូបៈ​មេសា​ )
អ្នកស្រី យិន រ៉ាត់ នៅផ្ទះ​របស់គាត់ នៃ ភូមិ អូរ​គគីរ ( ​រូបៈ មេសា​ )
កសិករ យស់ សុវណ្ណ នៅផ្ទះរបស់គាត់ ( រូបៈ មេសា)
ថ្នាក់ដឹកនាំ​គម្រោង LASED និង ថ្នាក់ដឹកនាំ​ខេត្តក្រចេះ ចុះ​មើល​ដំណាំ​របស់​ពលរដ្ឋ​នៅ​ភូមិ​អូរ​គគីរ ( ​រូបៈ​មេសា )
​ពិធី​ប្រគល់ និង ទទួល​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​ជាស​ម្ប​ទានិ​កនៅ​ភូមិ​អូរ​គគីរ ( រូបៈ មេសា​)
​ចម្ការ​ដំណាំ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​គគីរ ( រូបៈ មេសា​)