ប្រជាពលរដ្ឋ​ជិត​១០០​គ្រួសារ នៅ​សង្កាត់​ឫស្សីកែវ ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ពី​អាជ្ញាធរ​

1051
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ពិធី​ចែក​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ជូន​ប្រជាពលរដ្ឋ​ជិត​១០០​គ្រួសារ នៅ​សង្កាត់​ឫស្សីកែវ ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ពី​អាជ្ញាធរ​ខណ្ឌ កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ។​

​លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី រាជធានី​ភ្នំពេញ បាន​គូសបញ្ជាក់ថា សម្រាប់​មន្ត្រី​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ដែល​ត្រូវអនុវត្ត ស្រប​ពេលដែល​ប្រទេសជាតិ​ទទួលបាន​នូវ​សុខសន្តិភាព និង​មានការ​អភិវឌ្ឃន៍ ក្នុងការ​សម្របសម្រួល​ដល់​ជីវភាព សូម​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ផ្ទះ ប្រញាប់​រួសរាន់​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី ដើម្បី​បង់ពន្ធ​ប្រថាប់ត្រា ដោយមាន​ការលើកលែង និង​អនុគ្រោះ​ពន្ធ (​លក់​ទិញ​ពីមួយ​ទៅមួយ ជាច្រើន​កង់​បង់​ត្រឹមតែ​មួយដង​ប៉ុណ្ណោះ​) រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខ​។​

​លោក សារិន វណ្ណា បាន​បន្តថា ពីមុន​ប្រជាពលរដ្ឋ ដែល​បានដាក់​ពាក្យស្នើសុំ​លិខិត​សាងសង់​លំនៅដ្ឋាន បាន​ត្រឹម​ជាន់​ក្រោម​ប៉ុណ្ណោះ ដែល​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ភូមិ​-​សង្កាត់​-​ខណ្ឌ តែ​ឥឡូវនេះ​ខុស​ពីមុន​ត្រង់​ថា ប្រជាពលរដ្ឋ​អាចដាក់​ពាក្យស្នើសុំ​លិខិត​សាងសង់​លំនៅដ្ឋាន​ចាប់ពី​៣ ទៅ​៤​ជាន់​ឯណោះ ត្រឹមតែ​អាជ្ញាធរ​ភូមិ​-​សង្កាត់​-​ខណ្ឌ​ដដែល ក្រោម​ការកែទម្រង់ និង​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន​។​

​នាឱកាស​នោះដែរ លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បាន​បញ្ជាក់ថា លោក​នឹង​បន្ត​តម្លើង​ដាំ​បង្គោល​បំពាក់​អំពូល​ភ្លើង​សូ​ឡា Solar LED ដែល​ប្រើ​ពន្លឺ​ថ្ងៃ​បន្ថែមទៀត ដើម្បី​បំភ្លឺ​ផ្លូវ​សាធារណៈ​មួយចំនួន​ដែល​ងងឹត ដើម្បី​បំភ្លឺ​ផ្លូវ​ឡើងវិញ ក្នុង​ការរក្សាសន្តិសុខ សុវត្ថិភាព​ផ្សេងៗ បន្ទាប់ពី​ទទួលបាន​សំណូមពរ និង​តម្រូវ​ការចាំបាច់​ចំពោះមុខ​ភ្លាមៗ ពី​ប្រជាពលរដ្ឋ ដែល​មក​ទទួលយក​ប័ណ្ណកម្មសិទ្ធិ​ក្នុង​ពិធី​នេះ​៕ ល​