ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ឃុំ​ព្រែក​គយ ស្រុក​ស្អាង​ចំនួន​៥២ គ្រួសារ បានទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល​

1116
ចែករម្លែក

(​កណ្តាល​)៖ ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ឃុំ​ព្រែក​គយ ស្រុក​ស្អាង ចំនួន​៥២ គ្រួសារ ត្រូវបាន​ប្រតិភូ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល ដឹកនាំ​ដោយ លោក ម៉ៅ ភិ​រុណ ប្រធានកិត្តិយស​សាខា និង​លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា ចុះសួរសុខទុក្ខ​និង​នាំយក​​អំណោយ​មនុស្សធម៌​ទៅ​ចែកជូន កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ នៅក្នុង​បរិវេណ​សាលា​បុណ្យ​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ។

​បន្ទាប់ពី​របាយការណ៍​ស្វាគមន៍​របស់លោក ញឹម វណ្ណ​ឌិន ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទ ក្រហម​កម្ពុជា​ស្រុក​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​ប្រជា​ពល​ដ្ឋ​លោក ម៉ៅ ភិ​រុណ បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម កម្ពុជា និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​​ចំពោះ បងប្អូន​ប្រជាពលរដ្ឋ រួមទាំង​ក្មួយៗ​ទាំងអស់ ដែលមាន​វត្តមាន​អញ្ជើញ​ចូលរួម​នៅទីនេះ​ដោយ​ក្តី​នឹករឭក​បំផុត ។

​អំណោយ​មនុស្សធម៌​ដែល​បានផ្តល់​ជូន​ក្នុង​១​នាក់​មានៈ អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១ យួរ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ អំបិល​សុខភាព ១ កញ្ចប់ និង​ថវិកា ចំនួន ៦០.០០០ រៀល ( ប្រាំមួយ​ម៉ឺន​រៀល ) ។

​ជាមួយគ្នានេះដែរ បន្ទាប់ពី​ពិធី​ចែក​អំណោយ​ខាងលើ ប្រតិភូ​សាខា​ក៏បាន​បន្តដំណើរ​ចុះសួរសុខទុក្ខ និង ផ្តល់​អំណោយ​មនុស្សធម៌​ជា​សម្ភារ​ថវិកា​មួយចំនួន និង​ប្រគល់​លំនៅឋាន​ចំនួន​៣​ខ្នង ដែល​ក្នុង​១​ខ្នង​មាន​ទំហំ ៤ ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ស័​ង្គ​សី មានតម្លៃ​សរុប ២,១០០ ដុល្លារ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ​ចំនួន​៣​គ្រួសារ នៅក្នុង​ភូមិ​ព្រែ​ករុន និង​ភូមិ​ព្រែក​ស្នាយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ៕ដោយ៖សុផាន់