ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ​ជាង​២០០​នាក់ ដែល​ពុល​ស្រាស និង​ទឹក បាន​ធូរស្រាល​ហើយ​

1357
ចែករម្លែក

ដោយ​: សេង​ឃួន / ក្រចេះ​: ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ពុល​ស្រា និង​ទឹក ចំនួន​២៩៣​នាក់ ក្នុងនោះ​មាន​ស្រី​១៧១​នាក់ បាន​ធូរស្រាល ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​ត្រឡប់ទៅផ្ទះ​មួយចំនួន កាលពី​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨​នេះ ដែល​ស្ថិត​ក្នុងភូមិ​ស្រែ​នន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​។​

​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨​នេះ​ថា មាន​រថយន្ត​ចំនួន​៥​គ្រឿង រួមមាន រថយន្ត​របស់​ស្នងការ​ខេត្ត​១​គ្រឿង រថយន្ត​របស់​អាវុធ​ហត្ថ​១​គ្រឿង និង​រថយន្ត​របស់​សាលាខេត្ត​ចំនួន​៣​គ្រឿង បាន​ជួយ​ដឹក​ជនរងគ្រោះ​ដែល​បាន​ធូរស្រាល ឲ្យ​ត្រឡប់​ទៅ​រស់នៅ​ក្នុងភូមិ​របស់​ពួកគាត់​វិញ ចំណែក​ជន​ជនរងគ្រោះ​ផ្សេងទៀត បាននិងកំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្រោម​ការយកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ ហើយ​អាច​នឹង​ចាក​ចេញពី​មន្ទីរពេទ្យ នាពេល​ឆាប់ៗ​នេះ​ផងដែរ បន្ទាប់ពី​មាន​សភាព​ធូរស្រាល​នោះ​។​

​ជាក់ស្តែង​កាលពី​ម្សិលមិញ ក្រសួងសុខាភិបាល បានបញ្ជាក់​ពី​លទ្ធផល​នៅ​មន្ទីរពិសោធន៍ ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់ និង​ធ្លាក់ខ្លួន​ឈឺ​នៅ​ខេត្តក្រចេះ គឺ​បណ្តាលមកពី​ពុល​ស្រាស ដោយ​រកឃើញថា ជនរងគ្រោះ ដែល​ស្លាប់មាន​ជាតិ​មេ​តា​ណុល​ខ្ពស់​។​

​ក្រសួងសុខាភិបាល​ក៏បាន​បញ្ជាក់​ពី​ការស្រាវជ្រាវ​រក​មូលហេតុ​បន្តទៀត ចំពោះ​អ្នកជំងឺ​ដែល​មិនបាន​ពិសា​ស្រា​។ នេះ​បើ​យោងតាម​របាយការណ៍ នៃ​លទ្ធផល​ប្រជុំ​របស់លោក ឈ្នាង សុវត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ នៅ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៨​នេះ ក្រោម​វត្តមាន​លោក តែ គុយ​ស៊ាន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​។​

​លោក ឈ្នាង សុ​វុត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បានបញ្ជាក់​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​ស្លាប់​ចំនួន​១៣​នាក់ ក្នុងនោះ​មាន​ស្រី​៨​នាក់ និង​អ្នក​ចូល សម្រាក​ក្នុ​មន្ទី​ពេទ្យ​មាន​ចំនួន​២៣៧​នាក់ ក្នុងនោះ​ស្រី​១១៨​នាក់ សម្រាប់​ជនរងគ្រោះ​ដែល​បាត់​បង់ជីវិត​ទាំង​១៣​នាក់ គឺ​ស្លាប់​នៅផ្ទះ​ចំនួន​៦​នាក់​, ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ម្នាក់​, ស្លាប់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​២​នាក់​, ស្លាប់​ពេល​ប​ញ្ចូ​ន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​២​នាក់ និង​ស្លាប់​នៅតាម​ផ្លូវ​ពេល​ប​ញ្ចូ​ន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​២​នាក់​៕ ល​