ប្រជាពលរដ្ឋ​ប្តឹង​ប្រធាន​ក្រុមហ៊ុន​គ្រួសារ​សាមគ្គី​ជោគជ័យ​នៅ​ប៉ោយប៉ែត​ពីបទ​ឆបោក​

168

(​ភ្នំពេញ​)៖ ប្រជាពលរដ្ឋ​បានដាក់​ប្តឹង​លោក លី ដា (​ហៅ​ណាវ​) នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន គ្រួសារ​សាមគ្គី​ជោគជ័យ (​សង់ផ្ទះ​ល្វែង​) និង​បុគ្គលិក​ចំនួន​៤​នាក់​ផ្សេងទៀត បទ​ឆបោក និង​រំលោភ​លើ​សេចក្តីទុកចិត្ត ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៨​។​

​លោក សេង សា​រិ​ទ្ឋ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​០៥​គ្រួសារ បាន​ឲ្យ​ដឹងថា ពួកគាត់​គឺជា​ជនរងគ្រោះ បាននាំគ្នា​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដាក់ពាក្យ​បណ្តឹង​ប្តឹង​ជន​ចំនួន​០៥​នាក់ មានដូចជាៈ ១. លោក លី ដា (​ហៅ​ណាវ​) មាន​តួនាទី​ជា​នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​គ្រួសារ​សាមគ្គី​ជោគជ័យ (​សង់ផ្ទះ​ល្វែង​)​។ ២.​លោក ពេជ្រ បញ្ញា (​ហៅ​ពេទ្យ​ប្រុស​) មាន​តួនាទី​ជា​នាយករង​។ ៣.​លោក តេង ង៉ែត មាន​តួនាទី​ជា​ប្រធាន​អន្តរាគមន៍​។ ៤.​លោក ក្រៃ នៅ អនុប្រធាន​អន្តរាគមន៍ និង​ទី​៥.​លោក ហាន តុង មាន​តួនាទី​ជា​ប្រធាន​ទីផ្សារ​របស់​ក្រុមហ៊ុន​គ្រួសារ​សាមគ្គី​ជោគជ័យ (​សង់ផ្ទះ​ល្វែង​) ដែលមាន​ទីតាំង​ស្ថិតនៅក្នុង ភូមិ​ក្បាលស្ពាន​១ សង្កាត់ និង ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយ​ចោទប្រកាន់​ពីបទ​ឆបោក និង​រំលោភ​លើ​សេចក្តីទុកចិត្ត​។​

​លោក​បាន​រៀបរាប់ថា កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៧ កន្លងមក ក្រុមហ៊ុន​គ្រួសារ​សាមគ្គី​ជោគជ័យ (​សង់ផ្ទះ​ល្វែង​)​ដែលមាន​ឈ្មោះ​​ជន​ទាំង​០៥​នាក់ និង​តួនាទី​រៀងៗ​ខ្លួន​ខាងលើ បានទទួល​ប្រាក់​កក់​មុន ពី​អតិថិជន​ចំនួន​៣០% ស្មើ​និង​ប្រាក់​ចំនួន​១០៨០០​ដុល្លារ (​មួយ​ម៉ឺន​ប្រាំបី​រយ​ដុល្លារ​អ​) ក្នុង​១​គ្រួសារ និង​បាន​ធានា​អះអាងថា ធ្វើ​ផ្ទះល្វែង​ឲ្យ​ប្រជាពលរដ្ឋ​ជា​អតិថិជន​របស់ខ្លួន​បាន​ចូល​រស់នៅ​ឲ្យ​​បាន​ឆាប់​ផងដែរ​។ បន្ទាប់មក​ពួកគាត់​បាននាំគ្នា បង់ប្រាក់​ប្រចាំខែ ឲ្យ​ទៅ​ក្រុមហ៊ុន ក្នុង​១​ខែ ៥៩០​ដុល្លារ បន្ថែមទៀត​រហូតមក​ដល់​ថ្ងៃ​​ទី​១៥ ខែតុលា ឆ្នាំ​២០១៧ ខាង​ក្រុមហ៊ុន​បាន​ផ្អាក​ការសាងសង់ មកទល់​បច្ចុប្បន្ននេះ​តែម្តង​។ បើទោះបីជា​យ៉ាងណាក៏ដោយ​ពួកគាត់​បាន​​ព្យាយាម​ទៅ​ជួប​ជាមួយ​ខាង​ម្ចាស់​ភាគី ក្រុមហ៊ុន ដើម្បី​សម្របសម្រួល​យ៉ាងណាក្តី ក៏​ខាង​ក្រុមហ៊ុន​បាន​ឆ្លើយ​ដាក់គ្នា​យក​លេស​នេះ យក​​លេស​នោះ យករួចខ្លួន​រៀងៗ​ខ្លួន មិន​ព្រម​រក​ដំណោះស្រាយ​ជូន​ពួកគាត់ ដែលជា​ជនរងគ្រោះ នោះឡើយ​។​

​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​បញ្ជាក់ថា រឺ​ឯ​ចំណែក​ប្លង់ដី វិញ​ខាង​ក្រុមហ៊ុន​មិនបាន​ចេញ លិខិតបញ្ជាក់​ផ្ទេរ​សិទ្ឋិ​កាន់កាប់​មក​ឲ្យ​ពួកគាត់​​នោះឡើយ គឺ​ខាង​ក្រុមហ៊ុន​បាន​យកទៅដាក់ បញ្ចាំ ខ្ចីប្រាក់​ពី ធនាគារ អស់ហើយ​។ ដូច្នេះហើយ​ទើប​ពួកគាត់ កើតទុក្ខ​មិន​សុខចិត្ត ក៏​សម្រេចចិត្ត​នាំគ្នា មក​ដាក់ពាក្យ​បណ្តឹង​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌ ជូន​ពួកគាត់​តែម្តងទៅ​។​

​ទាក់ទង​ការប្តឹង​នេះ លោក លី ដា នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន គ្រួសារ​សាមគ្គី​ជោគជ័យ មិនអាច​សុំ​ការបំភ្លឺ​បានទេ​៕​ដោយៈ​មុនី​រ័ត្ន​/sn​