ប្រជាពលរដ្ឋ​ភូមិ​ព្រែក​ចង្ក្រាន​នៅតែ​បន្ត​មុខរបរ​ត្បាញ​ហូល​ផាមួង ​តែ​កំពុង​ជួប​ការ​ធ្លាក់ចុះ​ខ្លាំង​និង​សំណូមពរ​អោយ​រដ្ឋ​ជួយ​រក្សា​មុខមាត់​ហូល​ផាមួង​ខ្មែរ​

402

(​​កំពង់ចាម)៖​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ព្រែក​ចង្ក្រាន ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្តកំពង់ចាម នៅតែ​បន្ត​ផលិ​ត​មុខរបរ​ត្បាញ​ហូល​ផាមួង​និង​ក្រមា​សូត្រ​ជា​លក្ខណ​:​គ្រួសារ​ដែល​មុខរបរ​មួយ​នេះ​បាន​បន្សល់ទុក​តាំងពី​ដូនតា​តរៀងមក​។​

​អ្នកស្រី ញឹម នាត វ័យ​៤៤​ឆ្នាំ ជា​អ្នក​ត្បាញ​ហូល​ផាមួង​ល្បីឈ្មោះ បាន​និយាយថា បច្ចុប្បន្ន​អ្នកស្រី​ក៍​ដូចជា ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ព្រែក​ចង្ក្រាន​ស្ទើរ​ទាំងអស់​នៅតែ​ប្រកាន់យក​មុខរបរ​ដែល​ល្បីល្បាញ​តាំងពី​បុរាណ​មួយ​នេះ​បើទោះជា​តម្លៃ​សរសៃសូត្រ​ជា​វត្ថុធាតុដើមនៃ​ការផលិត​ហូល​ផាមួង​និង​ក្រមា​សូត្រ ដែល​នាំចូល​ពី​ប្រទេស​វៀតណា​ម​បន្ត​ឡើងថ្លៃ​ហើយ​លក់​ចេញ​ស្ទើរ​គ្មាន​ប្រាក់​សល់​យ៉ាងណា​ក៏ដោយ​។​

​ស្រី្ត​ដែល​ទទួល​ស្នង​របរ​ហូល​ផាមួង​ពី​ម្តាយបង្កើត​បាន​បន្ត​ថាស​រ​សៃ​សូត្រ​ក្នុង​មួយ​ដុំ​ទម្ងន់​ពីរ​គីឡូក្រាម​ដែល​ឈ្មួញ​បាន​ទិញ​ពី​ប្រទេស​វៀតណាម​កាលពី​អំឡុង​ជិត​១០​ឆ្នាំ​មុខ​តម្លៃ​ត្រឹម​៤០​ដុល្លារ​ស្រាប់តែ​បាន​បន្ត​ឡើងថ្លៃ​ជា​លំដាប់​មកដល់​បច្ចុប្បន្ន​ពី​១៣០​ទៅ​១៤០​ដុល្លារ​។​ប៉ុន្តែ​អ្នកស្រី​លក់​ឲ្យ​ឈ្មួញ​មក​ទិញ​ដល់ផ្ទះ​និង​អ្នកបញ្ជា​ទិញ​វិញ​មួយ​ក្បិន​បានតែ​៥០​ដុល្លារ ផ្ទុយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ដែល​សម្បូរ​អ្នក​ផលិត​ផង គឺ​ឈ្មួញ​បានមក​ទិញ​អស់​គ្មាន​សល់​មួយ ក្បិន​ដូចគ្នា​បាន​តម្លៃ​៧០​ដុល្លារ​។​

​អ្នកស្រី​បាន​បន្ថែមថា តាម​ការបញ្ជាក់​ពី​ឈ្មួញ​រឿង​សរសៃសូត្រ​ឡើងថ្លៃ គឺ​បណ្តាលមកពី​ខាង​ប្រជាជន​វៀតណា​ម​ជា​អ្នក​ផលិត​សូត្រ​ដាំ​ដើម​មន​ចិញ្ចឹមសត្វ​ដង្កូវនាង​ភាគច្រើន​បោះបង់​មុខរបរ​នេះហើយ​យក​ដី​ទៅ​ដាំ​ដំណាំ​ផ្សេងៗ​ដូចជា​ម្រេច​កាហ្វេ​ជាដើម​វិញ​។​ដោយឡែក​បញ្ហា​ហូល​ផាមួង​របស់​ខ្មែរ​ធ្លាក់​ថ្លៃ​ច្រើន​ឆ្នាំ​កន្លងទៅនេះ​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ភូមិ​ព្រែក​ចង្ក្រាន​ឈប់​ប្រកបមុខរបរ​នេះ​ប្រហែល​៨០​ភាគរយ​នោះ គឺ​នៅ​បន្ទាប់ពី​មានការ​នាំចូល​ហូល ផាមួង​មិន​សុទ្ធ​ជាច្រើន​ពី​ប្រទេស​ថៃ ពិសេស​មាន​លាយ​សាច់​ស៊ឹង​មិនមែន​សរសៃសូត្រ​១០០​ភាគរយ​។ម្យ៉ាង​ប្រជាពលរដ្ឋ​ថៃ​ក៏​គេ​បាន​ផលិត​ហូល​ផាមួង​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​យើង​និង​នាំចូល​សរសៃសូត្រ​ពី​ប្រទេស​វៀតណាម​ដែរ​។​

​អ្នកស្រី​បន្តទៀតថា​ដោយ​ការផលិត​ហូល​ផាមួង​និង​ក្រមា​សូត្រ​ប្រៀបធៀប​នឹង​តម្លៃ​ចេញ​វិញ​ស្ទើរ​គ្មាន​សល់​ប្រាក់ចំណេញ​នោះ​គឺ​អ្នកស្រី​បាន​បន្ថយ​ចំនួន​កី​ពី​ប្រាំពីរ​កី​មក​នៅត្រឹម​ពីរ​កី​ហូល​មួយ​ផាមួង​មួយ​ដោយ​ត្បាញ​ខ្លួនឯងវិញ​។​ក្នុងនោះ​ហូល​ផាមួង​មាន​គ្រប់​ពណ៌​ដូច​សាច់​ក្រណាត់​ទូទៅ​ដែរ​ក្នុង​មួយ​ក្បិន​ត្រូវ​ចំណាយ​សរសៃសូត្រ​អស់​ទម្ងន់​០,៣៥​គីឡូក្រាម​ទំហំ​ទទឹង​០,៩៣​ម៉ែត្រ​និង​បណ្តោយ​ប្រវែង​បួន​ម៉ែត្រ​គឺ​បាន​ចំណាយពេល​មួយ​សប្តាហ៍​បើ​ជួល​គេ​ត្បាញ​មួយ​ក្បិន​១០​ដុល្លារ​ហើយ​មួយ​កី​មាន​១៦​ក្បិន​។​

​អ្នកស្រី ញឹម នាត ដែល​ធ្លាប់បាន​យក​ហូល​ផាមួង ក្រមា​សូត្រ ចូលរួម​តាំង​ពិ​ព័រ​ណ៍ សហការ​ជាម​ន្ត្រី​ក្រសួងពាណិជ្ជកម្ម​ច្រើនលើកច្រើនសារ​នៅតាម​បណ្តា​ខេត្ត​ក្រុង​ទូទាំងប្រទេស​បាន​សំណូមពរ​ដល់​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​សូមមេត្តា​ជួយ​រក​មធ្យោបាយ​ដើម្បី​ស្តារ​មុខមាត់​ហូល​ផាមួង​ខ្មែរ​ឡើងវិញ​ល្បីល្បាញ​ដូច​កាល​ទសវត្សរ៍​ឆ្នាំ​២០០០​ពោល​ដើម្បី​បង្កើត​មុខរបរ​ក្នុងស្រុក​ហើយ​កាត់បន្ថយ​ការ​ចំណាកស្រុក​។ ពិសេស​សូម​ចលនា​ប្រជាពលរដ្ឋ​ដែលមាន​ជំនាញ​ខាង​ផលិត​សរសៃសូត្រ​ដាំ​ដើម​មន​និង​ចិញ្ចឹមសត្វ​នាង​នៅក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​កន្លែង​ដើម្បី​បន្ថយ​ការទិញ​សូត្រ​ពី​ប្រទេសក្រៅ​៕ ​ដោយៈ ភោគ សម្បត្តិ​/sn