ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​កោះកុង​ស៊ូ​ហ្គើ ព​ន្លឿ​ន​ក្រសួង​ដែនដី​ដោះស្រាយ​ឲ្យ​បាន​ឆាប់​

1279
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​មកពី​ឃុំ​ដង​ពែង ឃុំ​ជីខ​លើ ឃុំ​ជីខ​ក្រោម ឃុំ​កណ្តោល ស្រុកស្រែ​អំបិល និង​ស្រុក​បទុម​សាគរ ខេត្តកោះកុង បាន​ដើរ​ហែរ​ក្បួន​មកពី​វត្ត​សាមគ្គី​រង្សី ឆ្ពោះ​មក​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដើម្បី​ព​ន្លឿ​ន​ការដោះស្រាយ​ដល់​ពួកគាត់​។​

​អ្នកស្រី គុជ សុ​គុណ តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​៣១៧​គ្រួសារ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន កោះកុង​ស៊ូ​ហ្គើ មកនេះ​ដើម្បី​សុំ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី ព​ន្លឿ​ន​ការដោះស្រាយ​ជូន​ពួកគាត់ ដូចដែល​បាន​ព្រមព្រៀងគ្នា​រវាង​ប្រជាពលរដ្ឋ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា គឺ​ប្រគល់​ដី​ពីរ​ហិកតា និង​ថវិកា ៣០០០​ដុល្លារ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មិនមាន​ដំណោះស្រាយ​។

​អ្នកស្រី​បានបញ្ជាក់​ថា ខាង​អាជ្ញាធរ​ខេត្តកោះកុង បាន​ដោះដូរ​ដី​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​កន្លែង​ផ្សេង ដែល​ឆ្ងាយ​ពី​ដី​ចាស់ ហើយ​ប្រជាពលរដ្ឋ​មិន​ព្រម​នោះទេ គឺ​យក​គោលការណ៍​ដែល​ក្រសួង​រៀបចំ​ដែនដី​បានសម្រេច។

គេសង្កេតឃើញថា ការដង្ហែក្បួនរបស់ក្រុមប្រជាពលរដ្ឋ ត្រូវបានទប់ស្កាត់ដោយអាជ្ញាធររាជធានីភ្នំពេញ។ ហើយលោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ ដែលចុះផ្ទាល់បាននិយាយថា ការទប់ស្កាត់នេះ គឺដើម្បីរក្សាសណ្ដាប់ធ្នាប់ និងបញ្ចៀសការស្ទះចរាចរណ៍ ជាងនេះទៅទៀត គឺរក្សាសុវត្ថិភាពដល់ក្រុមប្រជាពលរដ្ឋ ដែលធ្វើការដង្ហែក្បួននេះផងដែរ​៕ ល​