ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ចាស់ជរា និង​ជន​ងាយ​រងគ្រោះ​ជាង ៦០​គ្រួសារ ក្នុងស្រុក​កំពង់រោទិ៍ ទទួលបាន​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា​

1032
ចែករម្លែក

​ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោក ម៉ែន វិបុល អភិបាល នៃ​គណ​:​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ៤១​គ្រួសារ ចាស់ជរា ១៨ គ្រួសារ ជនពិការ ៦​គ្រួសារ អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ១​គ្រួសារ និង​កុមារកំព្រា ១​គ្រួសារ សរុប ៦៧ គ្រួសារ មកពី ៨ ឃុំ ក្នុងស្រុក​កំពង់រោទិ៍​។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅក្នុង​បរិវេណ​អនុសាខាកាកបាទក្រហមកម្ពុជា​ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ម៉ែន វិបុល អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​នាំមក​នូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ពិសេស​ចាស់ជរា​គ្មាន​ទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ជាដើម​។

​ជាមួយនេះ លោក ម៉ែន វិបុល ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ដោយ​រដូវ​នេះ​ជា​រដូវភ្លៀង រដូវ​ទឹក​ឡើង ដែល​ងាយ​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដោយសារ​រន្ទះ លង់ទឹក សត្វ​អ​សិរ​ពិស​ចឹក ឬ​ខាំ និង​បញ្ហា​សុខភាព​កូនចៅ​បណ្ដាលមកពី​មូស​ខ្លាំ​ខាំ ជាដើម ហើយ​ក្នុងករណី​មាន​បញ្ហា​អ្វី​កើតឡើង ក្នុង​គ្រួសារ ត្រូវរាយការណ៍ជូន​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត ដើម្បី​មាន​វិធាន​ការចុះ​អន្តរាគមន៍​ជួយ​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស និង​ទាន់ពេលវេលា​។​

​អំណោយ​ដែល​ចែកជូន​ទាំង ៦៧ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០​គ​.​ក្រ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង កន្ទេល​ជ័រ​បត់ ១ ឃី​ត​១​កញ្ចប់ (​មុង ភួយ សារុង ក្រមា​) រួម​និង​ថវិកា​ធ្វើដំណើរ ៤០.០០០ រៀល​៕ ល​