ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ពុល​ស្រាស និង​ទឹក​ព្រែក​ទេ ទទួលបាន​អំណោយ​ពី​កាកបាតក្រហមកម្ពុជា​

1072
ចែករម្លែក

​ដោយ​: សេង ឃួន / ក្រចេះ​: កាកបាតក្រហមកម្ពុជា​ដឹកនាំ​ដោយ លោក​វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាតក្រហមកម្ពុជា រួម​និង​លោក ប៉ែន លី​ណាត អភិបាលខេត្ត​ស្ដីទី បានផ្ដល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣៧៦​គ្រួសារ ដែល​បាន​រងគ្រោះ​ដោយសារ​ពុល​ទឹក និង​ស្រាសរ​កាលពីពេល​ថ្មីៗ​នេះ នៅក្នុង​ភូមិ​ស្រែ​នន និង​ភូមិ​អាល​ច ក្នុង​ឃុំ​កន្ទួត និង​ភូមិ​ទ្រាប ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​ថ្ងៃទី​១៤​ខែឧសភា​ឆ្នាំ​២០១៨​នេះ​។​

​លោក​វេជ្ជ​. អ៊ុយ សំអាត បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ដែល​មក​ទទួល​អំណោយ សូម​គិតគូរ​ពី​សុខ​ភាពជា​ចម្បង ដោយ​ត្រូវ​ពិសារ​ទឹកស្អាត និង​ត្រូវ​ដាំទឹក​ឱ្យបាន​ឆ្អិន​ល្អ មុននឹង​ពិសា ព្រមទាំង​ត្រូវ​ថែរក្សា​បរិស្ថាន​ជុំវិញ​ផ្ទះ​ឱ្យបាន​ស្អាត​។

​លោក​មានប្រសាសន៍​បន្ថែ​ម​ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​ការពារ​ខ្លួន​កុំឱ្យ ឆ្លង​មេរោគ​អេដស៍ និង​ត្រូវ​ធ្វើតេស្ដ​ឈាម​រក​មេរោគ​អេដស៍​។ ជាពិសេស​ត្រូវ​ចៀសវាង​ឲ្យ​ឆ្ងាយ​ការប្រើប្រាស់ គ្រឿងញៀន និង​គ្រឿង​ស្រវឹង​ផ្សេងៗ​ដែល​នាំឱ្យមាន​អំពើហិង្សា​កើតឡើង ព្រមទាំង​ត្រូវគោរព​ច្បាប់ ចរាចរណ៍ ដើម្បី​បង្កា​ពី​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​។ ជាងនេះទៅទៀត សូម​មាន​ស្មារតី ប្រុងប្រយ័ត្ន​ជានិច្ច​នូវ​ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ និង​ទឹកជំនន់ ព្រោះ​រដូវ​នេះ ជា​រដូវវស្សា​។

​លោក ប៉ែន លី​ណាត អភិបាលខេត្ត​ស្ដីទី ជំនួសមុខ​អោយ​ប្រជាពលរដ្ឋ​ដែល​មក​ទទួលផល បាន​សម្តែង​នូវ​ក្តីរំភើប​ឥតឧបមា និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ កាកបាតក្រហមកម្ពុជា ដែលមាន សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ គង់ប្រថាប់​ជា​ព្រះប្រធាន​កិត្តិយស និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ជានិច្ចកាល​យក​ព្រះទ័យ និង​យកចិត្តទុកដាក់ ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ដោយ​មិន​រើសអើង មិន​ប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

​អំណោយ​ដែល​គ្រួសារ​នីមួយៗ​ទទួលបាន​រួមមាន​៖ អង្គរ​៣០​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង មុង​១ ភួយ​១ សារុង​១ ក្រមា​១ និង​ថវិកា​មួយចំនួន​។ ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្ដម​វេជ្ជ​. បាន​នាំយក​គ្រឿងឧបភោគ​-​បរិភោគ និង​ថវិកា រួមមាន អង្ករ ១២០ គ​.​ក្រ​, សា​រ៉ុង ១, ភួយ ១, ក្រ​ម៉ា ១, មុង ១, មី ៥​កេះ​តូច​, ត្រីខ ៥០​កំប៉ុង​, ទឹកក្រូច ៥​កេះ​, ទឹក​សុទ្ធ ៥​យួរ នឹង​ថវិកា ២.០០០.០០០ រៀល (​ពីរលាន​រៀល​) ចូល​បុណ្យសព​លោក ប៊ុត ទ្រេត អាយុ ៦០​ឆ្នាំ ដែល​បាន​ស្លាប់​ដោយសារ​ពុល​ទឹក នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

​ដោយឡែក ប្រជាពលរដ្ឋ​ប្រមាណ​ជិត ៤០​គ្រួសារ នៅក្នុង​ភូមិ​ស្រែ​នន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី និង​មាន​អ​ណ្តូ​ទឹក​ប្រើប្រាស់​ចំនួន ៧​គ្រឿង​នៅក្នុង​ភូមិ ដើម្បី​បញ្ចៀស​ពី​ការប្រើប្រាស់​ទឹក​ព្រែក​ទេរ ដែល​អាជ្ញាធរ បាន​រកឃើញថា ទឹក​ព្រែក​នេះ មាន​សារធាតុពុល និង​ផ្ទុះ​បាតុភាព​ពុល​សម្លាប់​អ្នកភូមិ ជាង​១០​នាក់​ឲ្យ​ស្លាប់​៕