ប្រជាពលរដ្ឋ​សង្កាត់​ភ្លើង​ឆេះ​រទេះ​ក្នុង​ដំណើរ​រស់នៅ​៣១​ឆ្នាំ ទើប​តែមាន​អាជ្ញាធរ​ចុះ​ពិនិត្យ​បញ្ហា​ទឹកស្អាត​

1133
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៤០០០​នាក់ រស់នៅ​អា​អចិ​ន្ត្រៃ ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ ក្រោយពី​កាត់​បំបែក​ភូមិសាស្ត្រ​ខាងលើ​តាំងពី​ឆ្នាំ​១៩៨៧ មក​ចូល​រាជធានី​ភ្នំពេញ ដំណើរ​នៃ​ការរស់នៅ​របស់​ពលរ​ដ្ឋ​ឆ្លងកាត់​រយៈកាល​៣១​ឆ្នាំ​ជួប​នូវ​បញ្ហា កង្វះ​ទឹកស្អាត​ប្រើប្រាស់ បច្ចុប្បន្ន ពលរដ្ឋ​ប្រើ​ប្រាន​ដោយ ទឹកធម្មជាតិ (​ត្រង់​ទឹកភ្លៀង​) ទឹកស្រះ​វត្ត​លោក ទឹក​ត្រពាំង ប្រឡាយ ជា​បញ្ហា​ប្រឈម ក្នុង​ជីវិត​រស់នៅ​។ ដោយ​មើលឃើញ​រាល់​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ ក្រោម​ការដឹកនាំ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ដោះស្រាយ​រាល់​វិប្បត្តិ កង្វល់​របស់​ពលរដ្ឋ ទើប​នៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨​នេះ លោក ឃួ​ង ស្រេង ប្រតិភូ​អភិបាល​រាជធានី​ភ្នំពេញ មន្ត្រី​ជំនាញ ពាក់ព័ន្ធ អាជ្ញាធរ ខណ្ឌ សង្កាត់ ចុះ​ពិនិត្យ សិក្សា គម្រោង​ដោះស្រាយ បញ្ហា​ទឹកស្អាត​ចំពោះ​មុខជា​ជំហាន​ដំបូង ជាការ​ដោះ​ទ័ល សម្រាប់​ពលរដ្ឋ​។​

​តាម​លោក កូវ សា​ម៉ូ​ន ចៅសង្កាត់​ភ្លើង​ឆេះ​រទេះ បាន​ឲ្យ​ដឹងថា ពលរដ្ឋ​រស់នៅក្នុង​សង្កាត់​របស់លោក ចំនួន​៨៧០​គ្រួសារ ស្មើនឹង​៣៩០០​នាក់ រស់នៅ​អចិ​ន្ត្រៃ រួមទាំង​ពលរដ្ឋ​ស្នាក់នៅ​ជា​បណ្តោះអាសន្ន​ផង​នោះ ជាង​១០០០០​នាក់ កំពុង​ប្រឈម​នូវ​កង្វះ​ទឹកស្អាត​ប្រើប្រាស់ ខណៈដែល​តំបន់​ខាងលើ ទោះជា​ស្ថិតក្នុង​រាជធានី​ភ្នំពេញ តែ​មិនទាន់មាន​បណ្តាញទឹក​ស្អាត​ប្រើប្រាស់​នៅឡើយ ទើប​បងប្អូន​ប្រជាពលរដ្ឋ​ចេះតែ​ទទូច​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជួយ​សម្រួល​ដោះស្រាយ​។​

​ក្នុង​វត្តមាន លោក ឃួ​ង ស្រេង រួម​ដំណើរ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន នៅ​ចំពោះមុខ បងប្អូន​ប្រជាពលរដ្ឋ ជា​ម្ចាស់​មូលដ្ឋាន​ជាច្រើន​នាក់ ដែល​កំពុង​កង្វះ​ទឹកស្អាត​ប្រើប្រាស់ លោក​បាន​មានប្រសាសន៍ថា ការ​ចុះមក​ពិនិត្យមើល​ភូមិសាស្ត្រ ទីតាំង​បំពង់​ទុយោ​មេ បណ្តាញទឹក ដែល​រដ្ឋាករ​ស្វយ័ត បានដាក់​រួច មិន​មិនទាន់​ដាក់​ដល់ ហើយ​អ្វី​ជា​បញ្ហា ដំណោះស្រាយ ជូន​ប្រជាពលរដ្ឋ​ចំពោះមុខ ជា​ចាំបាច់ ក្នុងតំណាក់កាល​ជំហាន​ទី​១ ក្នុង​ឆ្នាំ​២០១៨​នេះ លោក​នឹង​ជំរុញ ដាក់​ឲ្យ​មាន ក្បាល​បញ្ចេញ​ទឹកស្អាត ពិនិត្យ​ទៅតាម​លទ្ធភាព បំបែក​ចេញពី​បំពង់​ទុយោ របស់​រដ្ឋការ​ស្វយ័ត មក​ឲ្យ​ខាង​អាជ្ញាធរ ប្រើ​ជារួម សម្រាប់​ពលរដ្ឋ​ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ក្នុង​លក្ខណៈ​ចែកចាយ​ជូន​ប្រជាពលរដ្ឋ ក្នុងតម្លៃ​១​ម៉ែត្រគូប តម្លៃ​៧០០​រៀល ពោល​ដំណោះស្រាយ​ក្នុង​ឆ្នាំ​២០១៨​នេះ មិនទាន់មាន​លទ្ធភាព ត​បណ្តាញ រាយ​ទុយោ ដាក់​ចែកជូន​ដល់​តាម​លំនៅដ្ឋាន​បងប្អូន​បានឡើយ រង់ចាំ​ឆ្នាំ​២០១៩ ទើប​មាន​ដំណោះស្រាយ​វិប្បត្តិ​ទឹកស្អាត ក្នុង​សង្កាត់​នេះ​ជា​បន្តទៀត​៕ ល​