ប្រជាពលរដ្ឋ​សុំ​អន្តរាគមន៍​ពី​សម្តេចនាយក​រដ្ឋមន្ត្រី រឿង​សមាគម​ចិន ហុក គៀន យក​ដី​ម៉ុង​ខ្មោច​លក់​

1334
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ប្រជាពលរដ្ឋ​ចំនួន​៥៦​គ្រួសារ រស់នៅ​ភូមិ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ បាននាំគ្នា​មក​ដាក់​ញ្ញត្តិ​សុំ​អន្តរាគមន៍ នៅ​ខុទ្ទកាល័យ​សម្តេចនាយករ​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៨ នេះ ដើម​ម្បី​សុំ​ឲ្យ​សម្តេច​តេ​ជោ ជួយ​អន្តរាគមន៍ និង​ផ្តល់​ភាពយុត្តិធម៌​ដល់​ពួកគាត់ ដែល​សមាគម​ចិន ហុក គៀន យក​ដី​ម៉ុង​ខ្មោច (​ដី​ខ្ចី​ប្រជាពលរដ្ឋ​យក​កប់ខ្មោច​) ទៅ​លក់​ឲ្យ​អ្នកផ្សេង​។​

​ការនាំគ្នា​មកសុំ​អន្តរាគមន៍​ពីនេះ គឺ​បន្ទាប់ពី​ប្រជាពលរដ្ឋ​បានដាក់​ញ្ញត្តិ​ទៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ដែល​រហូតមក​ដល់ពេលនេះ មិនទាន់​ឃើញ​មាន​ដំណោះស្រាយ ទើប​ពួកគាត់​សុំ​អន្តរាគមន៍​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន​។​

​នៅក្នុង​ញ្ញត្តិ​ប្រជាពលរដ្ឋ​ដាក់ជូន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹងថា ដី​ដែលមាន​ទំហំ​១៣​ហិកតា ប្រជាពលរដ្ឋ​ទាំងអស់គ្នា​មក​រស់នៅ​លើដី​នេះ តាំងពី​ឆ្នាំ​១៩៧៩ ដោយ​ប្រក​បរបរ​ធ្វើស្រែ និង​ដាំ​ដំណាំ​ផ្សេងៗ​។ លុះ​ក្រោយមក​នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​១៩៨៧ គឺ​សមាគម​ចិន ហុក គៀន បានដាក់​ពាក្យស្នើសុំ​ខ្ចី​ដី​ទាំងនេះ​ពី​ប្រជាពលរដ្ឋ​ទាំង​៥៦​គ្រួសារ ដោយមាន​អាជ្ញាធរ​ដែនដី​ទទួលស្គាល់​ដឹងឮ​ពិតប្រាកដ សម្រាប់​យកទៅ​ធ្វើ​កន្លែង​គោរព​សក្ការៈ​បុណ្យប្រពៃណី​ចិន​ម្តងៗ ដោយ​ប្រជាពលរដ្ឋ​យល់ឃើញថា មាន​មូលហេតុ​សមរម្យ ក៏បាន​អនុញ្ញាត​ឲ្យ​សមាគម​ចិន​ហុក គៀន ខ្ចី​ប្រើប្រាស់​បណ្តោះអាសន្ន​។ រហូតមកដល់​ឆ្នាំ​២០១១ សមាគម​ចិន ហុក គៀន រក​ទីតាំង​ថ្មី​បាន​រុះរើ​ម៉ុង​ចេញ​បាត់ទៅ ដោយ​ធ្វើការ​ឈូសឆាយ​ម៉ុង​ទាំងអស់​ចេញ និង​រុះរើ​ផ្ទះ លុប​អណ្តូងទឹក​មួយកន្លែង​ចោល​ទៀត ក៏​ប្រគល់​ដី​ទាំង​នោះមក​ឲ្យ​ប្រជាពលរដ្ឋ​កាន់កាប់​វិញ​។

​ស្រាប់តែ​ឥឡូវ​មានឈ្មោះ សេង ស៊ី​ហេង បាន​ចេញមុខ​អះអាងថា ដី​ទាំងនេះ​ជា​ដី​របស់ខ្លួន ជា​តំណាងអោយ​សមាគម​ចិន ហុក គៀន ទៅវិញ​។ ឈ្មោះ សេង ស៊ី​ហេង ប្រជាពលរដ្ឋ​ពុំដែល​ស្គាល់​ទេ ហើយក៏​ពុំមាន​ឈ្មោះ​ក្នុង​បញ្ជី​ស្នើសុំ​ខ្ចី​របស់​សមាគម​ចិន ហុក គៀន ដែរ​។ ហេតុនេះ ប្រជាពលរដ្ឋ​ទាំង​៥៦​គ្រួសារ ពុំមាន​ការយល់ព្រម​សុ​ខ​ចិត្ត​ឲ្យ​ឈ្មោះ សេង ស៊ី​ហេង មក​រំលោភបំពាន​ដី​១៣​ហិកតា មក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​ជាដាច់ខាត​។​

​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​សុំ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ដូចតទៅ​៖
១/​សូម​សម្ដេច​តេ​ជោ ជួយ​អន្តរាគមន៍​ទប់ស្កាត់​កុំ​ឲ្យ​ឈ្មោះ សេង ស៊ី​ហេង រំលោភ​យក​ដី​នេះ​មក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​។​
២/​សូម​សម្ដេច​តេ​ជោ បង្គាប់​ឲ្យ ឯកឧត្ដម​អភិបាល នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ ជួយ​ធ្វើការ​ដោះស្រាយ​បន្ត​បញ្ហា​ទំនាស់ រវាង​សហគមន៍​ចិន​ហុក គៀន និង​ប្រជាពលរដ្ឋ ៥៦​គ្រួសារ​។​
៣/​សូម​ឲ្យ​សម្ដេច​តេ​ជោ ជួយ​អន្តរាគមន៍ សុំ​ឲ្យ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​ផ្អាក​ការចេញ​ប័ណ្ណ​ឲ្យ​ឈ្មោះ សេង ស៊ី​ហេង ជាដាច់ខាត​។​
៤/​សុំ​សម្ដេច​តេ​ជោ មេត្តាជួយ​ឲ្យ​ឈ្មោះ សេង ស៊ី​ហេង បង្ហាញ​ឯកសារ ភស្តុតាង​ត្រឹមត្រូវ គតិ​យុ​តិ្ត​ចំពោះ​ផ្លូវច្បាប់​ជាមួយ​យើងខ្ញុំ​ទាំងអស់គ្នា​។​
៥/​សុំ​សម្ដេច​តេ​ជោ ផ្ដន្ទាទោស​ជន​ដែល ឃុបឃិត​ក្លែង​ឯកសារ សាធារណៈ ដើម្បី​រំលោភ​យក​ដី​ពី​ប្រជាពលរដ្ឋ​។​
៦/​សុំ​សម្ដេច​តេ​ជោ ជួយ​រក​យុត្តិធម៌​ឲ្យ​យើងខ្ញុំ​ទាំងអស់គ្នា ដែលជា​ប្រជាពលរដ្ឋ​ស្លូតត្រង់ គោរព​ស្រឡាញ់ សម្ដេច ជាទីបំផុត​។​

​ចំណែក​លោក​គង់ ចំរើន មន្ត្រី​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ទទួលយក​ញ្ញត្តិ​ពី​ប្រជាពលរដ្ឋ និង​ឲ្យ​មន្ត្រី​ជំនាញ​ពិនិត្យមើល​ករណីនេះ​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ កន្លងមកនេះ ប្រជាពលរដ្ឋ​ចំនួន​៥៦​គ្រួសារ រស់នៅ​ភូមិ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ បាននាំគ្នា​មក​តវ៉ា​សុំ​អន្តរាគមន៍ ពី ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​ជួយ​អន្តរាគមន៍​ករណី​សមាគម​ចិន ហុក គៀន យក​ដី​ម៉ុង​ខ្មោច (​ដី​ខ្ចី​ប្រជាពលរដ្ឋ​យក​កប់ខ្មោច​) ទៅ​លក់​ឲ្យ​អ្នកផ្សេង​។​
​នៅក្នុង​ការតវ៉ា​ប្រឆាំង​សមាគម​ចិន ហុក គៀន ប្រជាពលរដ្ឋ​បាន​លើក​បដា និង​លើក​រូប​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិ​ត្ត​ព្រឹទ្ធ​បណ្ឌិត អោយជួយ​ដោះស្រាយ​និង​រក​យុត្តិធម៌​អោយ​ប្រជាពលរដ្ឋ ពីព្រោះ​សមាគម​ចិន ហុក គៀន បាន​រំលោភ​យក​ដី​រួម​របស់​ប្រជាពលរដ្ឋ​។​
​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា ដី​រួម​ភូមិ​ព្រៃ​ដូន​អុក​ទំហំ​ជាង​១៨​ហិកតា ជា​ដី​រួម​របស់​ប្រជាពលរដ្ឋ​ភូមិ​ព្រៃ​ដូន​អុក មិនមែនជា​ដី​របស់​សមាគម​ចិន ហុក គៀន ទេ​។​
​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​សូមអោយ​រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ជួយ​អន្តរាគមន៍​ទប់ស្កាត់​ការចេញ​ប័ណ្ណកម្មសិទ្ធិ​ទៅ​ឈ្មោះ សេង ស៊ី​ហេង​។ ហើយ​សូម​អោយឈ្មោះ សេង ស៊ី​ហេង​បង្ហាញ​ឯកសារ​ភស្តុតាង​មក​ធ្វើការ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​។​

​ចំណែក​លោក សេង ស៊ីម ប្រធាន​សមាគម​ចិន ហុក គៀន មិនអាច​សុំ​ការទំនាក់ទំនង​បានទេ ដោយ​អ្នក​លើក​ទូរស័ព្ទ​ថា លោក​សេង ស៊ីម ចេញទៅ​ក្រៅប្រទេស​៕