ប្រជាពលរដ្ឋ​ស្រុក​កងមាស និង​ស្រុក​ស្រី​សន្ធរ យល់ព្រម​ឲ្យ​បូម​ខ្សាច់​ក្នុង​ទន្លេមេគង្គ​បន្ត​

500
ចែករម្លែក

ដោយ​: គង់​ហេង / កំពង់ចាម​: ប្រជាពលរដ្ឋ​ជាច្រើន​ឃុំ ក្នុងស្រុក​កងមាស និង​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បាន​យល់ព្រម​ឲ្យ​ក្រុមហ៊ុន​ឯកជន​បូម​ខ្សាច់ បន្ត​អា​ជី​កម្ម​របស់ខ្លួន​ក្នុង​ដែន​កំណត់ ដោយ​មន្ត្រី​ជំនាញ​។ ក្រោយពី​ខាង​ក្រសួង​រ៉ែ និង​ថាមពល​បាន​សហការ​ជាមួយ​អាជ្ញាធរខេត្ត​នេះ បាន​បើក​វេទិកាសាធារណ​: ដើម្បី​ធ្វើ​បទ​បង្ហាញ ពន្យល់​ពី​គ្រោះថ្នាក់ នៃ​ការបាក់​ច្រាំងទន្លេ​កន្លងមក​នោះ រយៈពេល​ពីរ​ថ្ងៃ​។​

​លោក លី ចាន់​ធី ប្រធាន​មន្ទីរ​រ៉ែ និង​ថា​ពល​ខេត្តកំពង់ចាម បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២៤ តុលា​នេះ​ថា ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ទន្លេមេគង្គ ក្នុងស្រុក​កងមាស មាន​: ឃុំ​រកាអា​, ឃុំ​ខ្ចៅ , ឃុំ​កង​តា​ណឹ​ង ,​ឃុំ​រកា​គយ ,​ឃុំ​ពាមជីកង និង​ក្នុងស្រុក​ស្រី​សន្ធរ​មាន​: ឃុំ​កោះអណ្តែត​, ឃុំ​ព្រែក​ពោធិ ,​ឃុំ​មានជ័យ ,​ឃុំ​ផ្ទះ​កណ្តាល ,​ឃុំ​កោះអណ្តែត និង​ឃុំ​ស្វាយ​ខ្សាច់​ភ្នំ បាន​យល់ព្រម ឯកភាព ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់ អាច​បន្ត​អាជីវកម្ម​របស់ខ្លួន​បាន​។ ប៉ុន្តែ​នៅ​ខាង​ឃុំ​ស្តៅ ស្រុក​កងមាស នឹង​ចុះ​ធ្វើ​វេទិកាសាធារណ​:​ដូចគ្នា នៅ​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា ប៉ុន្តែ​សូម​ឲ្យ​មាន​ភាពស្មោះត្រង់ គឺ​ក្រុមហ៊ុន​ដែល​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​បូម​ខ្សាច់​ទាំងអស់ ត្រូវគោរព​តាម​អាជ្ញាប័ណ្ណ ដែល​បាន​កំណត់ដោយ​ក្រសួង​រ៉ែ និង​ថាមពល​។ ដោយ​គម្លាត​ពី​ច្រាំងទន្លេ​យ៉ាងតិច​ពី ៥០០ ទៅ ៦០០ ម៉ែត្រ គឺ​បូម​ស្តារ​បាតទន្លេ​ឲ្យ​បាន​ជ្រៅ ដើម្បី​បញ្ចៀស​ចរន្តទឹក ហូរ​បុក​ច្រាំង បណ្តាល​ឲ្យ​បាក់​ដូច​គ្រាហ៍​កន្លងមក​បន្តទៀត​។​

​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​លើកឡើងថា តាម​ការកត់សម្គាល់ និង​ពិនិត្យ​ជាក់ស្តែង​របស់​យើង គឺ​កត្តា​ដែល​បង្ក​ឲ្យ​មានការ​បាក់​ច្រាំងទន្លេ ច្រើន​កន្លែង​នៅក្នុង​ខេត្តកំពង់ចាម​នោះ គឺ​មិនមែន​បង្ក​ពី​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នោះទេ​។ ដោយហេតុថា មានស្រុក​ដទៃ ដូចជា​ស្រុក​ស្ទឹងត្រង់​គ្មាន​អាជីវកម្ម ក៏មាន​ការបាក់​ច្រាំង​ជាច្រើន​កន្លែង​ដែរ​។ ដូច្នេះ​ហេតុ នៃ​ការបាក់​ច្រាំង​ពិតប្រាកដ គឺ​បណ្តាលមកពី​ការប្រែប្រួល​ចរន្តទឹក​។​

​លោក ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​មានប្រសាសន៍​ក្នុង​វេទិកាសាធារណៈ​នោះដែរ​ថា ការដែល​ក្រសួង​បានសម្រេច​ផ្តល់​អាជ្ញាប័ណ្ណ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នីមួយៗ ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ក្នុង​ទន្លេ​កន្លងមកនេះ គឺ​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​តម្លៃ​ផលប៉ះពាល់​ច្បាស់លាស់​ណាស់​។ ដោយ​មុន​ឲ្យ​បូម​ខ្សាច់ គឺ​បោះ​ពោង​កំណត់​ទីតាំង យ៉ាង​ត្រឹមត្រូវ ហើយ​ក្នុង​ចន្លោះ​ក្រុមហ៊ុន​ធ្វើ​សកម្មភាព​បូម​នេះ បើ​មាន​បណ្តឹង​ពី​ការ​ខ្សាច់​រំលោភ​ខុស​ទីតាំង​កំណត់ គឺ​មន្ត្រី​យើង​នឹង​អន្តរាគមន៍​បន្ទាន់​។​

​គួរ​បញ្ជាក់ថា ខេត្តកំពង់ចាម​មាន ស្រុក ក្រុង ដែល​រងគ្រោះ ពី​ការបាក់​ច្រាំង​បង្ក​ពី​ចរន្តទឹក​ទន្លេមេគង្គ​នេះ​មាន​: ក្រុង​កំពង់ចាម , ស្រុក​ស្ទឹងត្រង់ , ស្រុក​កំពង់សៀម ,​ស្រុក​កងមាស ,​ស្រុក​កងមាស , ស្រុក​កោះសូទិន និង​ស្រុក​ស្រី​សន្ធរ​។ ពិសេស​គ្រោះថ្នាក់​ពី​ការបាក់​ច្រាំងទន្លេ​នេះ បាន​បណ្តាល​ឲ្យ​ខូចខាត បាត់បង់​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ផ្លូវថ្នល់ វត្ត​អារាម ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​អស់​ច្រើន​ខ្នង គឺ​បញ្ហា​អាជ្ញាធរខេត្ត​បាន​បង្កើត​គណ​:​កម្ម​ការ ដោះស្រាយ​ប្រជាពលរដ្ឋ​រុះរើ​លំ​ស្ថាន ទៅរក​ទីតាំង​សង់​លំនៅ​ថ្មី​នេះ​។ ជាមួយ​នោះ​កន្លងមក​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​តវ៉ា ពី​ការបាក់​ច្រាំងទន្លេ​នេះ គឺ​បង្ក​ពី​ក្រុមហ៊ុន​បូម​ខ្សាច់ ដែល​នាំ​ឲ្យ​មាន​វេទិកាសាធារណ​: ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​នេះ​៕ ល​