ប្រជាពលរដ្ឋ​៥​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​ទទួលបាន​អំណោយ​សង្រ្គោះ​បន្ទាន់​ពី​សាខា​កាកបាទក្រហម​ខេត្តស្វាយរៀង​

673
ចែករម្លែក

ដោយ : វ៉ៃកូ/ ​ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោក សរ វណ្ណា នាយក​សាខា បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​ទៅ​ចែកជូន​ដល់​គ្រួសារ​រងគ្រោះ ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៨ បណ្តាល​ឲ្យ​រលំ​ខូចខាត​ផ្ទះ​ទាំងស្រុង សរុប​ចំនួន៥ខ្នង ដែល​ស្ថិតនៅ​ភូមិ​កំពង់​រទេះ ឃុំ​ពពែ​ត ស្រុក​ស្វាយទាប ។

​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នេះ​លោក សរ វណ្ណា នាយក​សាខា បាន​ពាំ​នាំនូវ​បណ្តាំ​ផ្ញើ​ការ សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំពោះ​បងប្អូន​ទាំងអស់​ដោយ​ក្តី​នឹករលឹក ។ ហើយ​លោកនាយក​សាខា បាន​សម្តែង​នូវ​ការអាណិតអាសូរ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដែល​បាន​ខិតខំ​ប្រកប របរ​រកស៊ី​ចិញ្ចឹមជីវិត​មាន​ជីវភាព​ធូ​ធារ នឹង​ផ្ទះសម្បែង​ស់​នៅបាន​សមរម្យ តែមួយ​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​បណ្តាល​ឲ្យ​ខ្យល់​កន្ត្រាក់​បំផ្លាញ ខូចខាត បែកបាក់​ផ្ទះសម្បែង​គួរ​ឲ្យ​សោកស្តាយ ដែល​នេះ​ជា​បាតុភូតធម្មជាតិ​ដែល​យើង​នឹកស្មាន​មិន​ដល់ ។

​ចំពោះ​អំណោយ​ដែល​បាន​ចែកជូន​ដល់​គ្រួសារ​រងគ្រោះ​ទាំង៥គ្រួសារ ក្នុង១គ្រួសារ​ទទួលបានអង្ករ​៣០គីឡូក្រាម កៅស៊ូ​តង់១ ធុង​ទឹក​ជ័រ១ ឆ្នាំងបាយសម្ល២ កន្ទេល​បត់១ មី១កេស ទឹកស៊ីអ៊ីវ១យួ ត្រីខ១០កំប៉ុង ឃី​ត១កញ្ចប់​មានមុង១ ភួយ១ ក្រ​ម៉ា១ សារុង១ និង​ថវិកា២០០,០០០រៀល៕B