ប្រជាពលរដ្ឋ និង​អាជីវករ ជាង​៥០០​គ្រួសារ ​ផ្ទុះ​កំហឹងនឹង​អាជ្ញាធរ​ជាតិ​អប្សរា រឿងបោះបង្គោល​របងបិទផ្លូវចេញចូល​មុខ​អង្គរវត្ត

641
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: ប្រជាពលរដ្ឋ និង​អាជីវករ ប្រមាណ​ជាង​៥០០​គ្រួសារ នាំគ្នា​ផ្ទុះ​កំហឹង ខឹង​រឿង​អាជ្ញាធរ​ជាតិ​អប្សរា បោះបង្គោល​របង បិទផ្លូវ​មិនឱ្យ​ម៉ូតូ និង​រ៉ឺម៉ក រថយន្ត​ចេញចូល​រកស៊ី​លក់​នៅមុខ​អង្គរវត្ត ខេត្តសៀមរាប បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ទេសចរណ៍​ដែល​កំពុង​មក​ចូល​ទស្សនា​អង្គរវត្ត ខណៈ​ពេលនោះ​មន្ត្រី​សន្តិសុខ​របស់​អាជ្ញាធរ​អប្សរា និង​ប៉ូលិស​បាន​ត្រឹម​ឈរ​មើល​និង​នាំគ្នា​ថតរូប​តែប៉ុណ្ណោះ មិនអាច​ធ្វើ​អ្វី​ពួកគាត់​ទាំងនោះ​បាន​។​

​ហេតុការណ៍​ផ្ទុះ​កំហឹង​នោះ បានកើត​ឡើង​នា​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៩ ស្ថិត​នៅមុខ​បរិវេណ​នៃ​ប្រាសាទអង្គរវត្ត ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត សៀមរាប​។​

​លោក វុ​ធ រស់ នៅ​ភូមិ​ត្រពាំង​សេះ មានមុខ​របរ​លក់​វត្ថុ​អា​នុ​ស្សាវ​រី​យ៍​នៅមុខ​បរិវេណ​អង្គរវត្ត បាន​បញ្ជាក់ថា រូបគាត់​បាន​លក់ដូរ​នៅទីនេះ​មាន​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ​។​លោក​បាន​បន្តថា កាលពី​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៩​កន្លងទៅ​ថ្មីៗ​នេះ មាន​មន្ត្រី របស់​អាជ្ញាធរ​ជាតិ​អប្សរា បាននាំគ្នា​យក​បង្គោលរ​បង​ក្រាក់​ធំៗ មក​ជីក​ដាំ​ធ្វើជា​របង​ពេញ​ផ្លូវ​ចូល ដែលជា​អតីត​ផ្លូវ​ម៉ូតូ រថយន្ត​ចេញចូល​ធម្មតា ។​

​លោក​បាន​រៀបរាប់​បន្តថា មុន​ពួកគាត់​នាំគ្នា​សម្រេចចិត្ត​ដក​បង្គោលរបង​នេះ​ចោល គឺ ពិបាក​ក្នុងការ​លក់ដូរ​របស់​ពួកគាត់​ខ្លាំងណាស់ ព្រោះ​គ្មាន​ម៉ូតូ ឬ រថយន្ត​ចេញចូល មករក​ទិញ​របស់របរ និង​ហូបចុក​បានឡើយ ដូច្នេះ​ក៏​នាំគ្នា​ផ្ទុះ​កំហឹង​ឡើង ក៏​បបួលគ្នា​មក​ដក​បង្គោល​នោះ​ចោល​តែម្តង​។​

​លោក​បាន​បញ្ជាក់ថា បង្គោលរបង ដែល​ក្រុម​អាជ្ញាធរ​អប្សរា ដាំ​ពេញ​តាមផ្លូវ​ចូល​មុខ​ប្រាសាទអង្គរវត្ត នោះ គឺ​ពួកគាត់​មិនបាន​ប្រាប់​ដល់​អាជីវករ​លក់ដូរ​ទាំង​សោះ​។​

​ចំណែក អ្នក ស្រី សា​វី បាន​រៀបរាប់​ប្រហាក់ប្រហែលគ្នា​ថា ពួកគាត់​មក​លក់ដូរ​នៅទីនេះ​ជាង​២០​ឆ្នាំ​ហើយ តាំងពី​មិនទាន់មាន​អាជ្ញាធរ​ជាតិ​អប្សរា​ម្ល៉េះ​។ អ្នកស្រី សូម​អំពាវនាវ ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិ​តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រ​ហាម​កម្ពុជា សូម​សម្តេច​ទាំង​២ មេត្តាជួយ​ឱ្យ​ពួកគាត់ មាន ផ្លូវ ចេញចូល ដូច​កាលពីមុន​ផង​។​

​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បានបញ្ជាក់​នៅ​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៩​នេះ​ថា ករណី​ពលរដ្ឋ​និង​អាជីវករ នាំគ្នា​ដក​បង្គោលក្រាក់​ឈើ ដាក់​ដាំ​ធ្វើជា​របង របស់​អាជ្ញាធរ​ជាតិ​អប្សរា​នោះ គឺ ខាង​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​បាន​នែ​នាំ​ពួកគាត់​ជាច្រើន​ដង​ហើយ មាន​ទាំង​លិខិត​ជូនដំណឹង ជូន​ដល់​ពួកគាត់​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា ចំពោះ​ករណី​ដែល​ពួកគាត់​នាំគ្នា​ដក​បង្គោល​នោះ​គឺជា​ការខុសច្បាប់​ហើយ ព្រោះ​ខាង​មន្ត្រី​អាជ្ញាធរ​អប្សរា​ដាំ​នេះ គឺ ដើម្បី​រៀបចំ​ស​ភ័​ណ្ឌ​ភាព កុំ​ឱ្យមាន​រថយន្ត និង​ម៉ូតូ​កង់​បី​ចេញចូល​ដោយ​សេរី​។ លោក​បាន​បញ្ជាក់ទៀតថា កា​រៀប​ចំនេះ​គឺ​ទុក​សម្រាប់​ឱ្យតែ​ម៉ូតូ​ចូល​ទេ ហើយ​មាន​កន្លែង​ទុកដាក់​ផ្ញើ​ស្រួលបួល​ផង ចំណែក រថយន្តក្រុង​ដឹក​ភ្ញៀវ បរទេស និង រថយន្ត​ភ្ញៀវ​ខ្មែរ ដែល​ចូលទៅ​ទស្សនា​តាម​ប្រាសាទអង្គរវត្ត​នោះ គឺំ​មាន​ចំណត នៅ​ពី​ខាងលិច មុខ​ប្រាសាទអង្គរវត្ត រួច​ភ្ញៀវ​ចុះ​ដើរមក ចូល​មើល​ប្រាសាទ​។​

​លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា ករណី​ខាងលើ​នោះ ខាង​អាជ្ញាធរ​ជាតិ​អប្សរា និង ហៅ​ពួកគាត់ ធ្វើ​ការនែនាំ​ម្តងទៀត ប្រសិនបើ​ពួកគាត់ នៅតែ​មិន​ព្រម​តាម​ការនែនាំ​របស់​មន្ត្រី​អាជ្ញាធរ​ទេនោះ គឺ មានតែ​ច្បាប់​ជា​អ្នកកំណត់ ព្រោះ រមណី​ដ្ឋា​ន​អង្គរវត្ត គឺ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក បើ​យើង​មិន​នាំគ្នា​ជួយ​សម្អាត​ទេ មុខជា​បរទេស គេ​មើលងាយ​ខ្មែរ​ថា ខ្មែរ​អត់​ចេះ​ជួយ​គ្នា ព្រោះ​ធ្វើ​នេះ​មិនមែនជា​របស់​អាជ្ញាធរ​អប្សរា​តែ​ម្នាក់​ទេ បើ​គ្មាន​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជីវករ លក់ដូរ​នៅ​បរិវេន​មុខ​អង្គរវត្ត ទាំងអស់​នាំគ្នា​ចូលរួម សម្អាត បរិស្ថាន និង​អនាម័យ​ផ​ងែ​រ​៕ ល​