ប្រជាពលរដ្ឋ ស្នើសុំ​អាជ្ញាធរ​ស្រុក​កំពង់លែង និង​មន្ទីរ ទេសចរណ៍​ខេត្តកំពង់ឆ្នាំង ជួយ​បង្កើត​តំបន់​ទេសចរណ៍​ទំនប់​ច្រក​បាក់​ដាវ​

146
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/​កំពង់ឆ្នាំង​ ៖ ​ក្នុងពេល​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគមន៍​ឃុំ​ពោធិ៍ និង​ឃុំ​ត្រងិល ស្រុក​កំពង់លែង​បានស្នើ​សុំ អាជ្ញាធរ​ស្រុក​កំពង់លែង ជួយ​កសាង​បង្កើត​តំបន់​ទេសចរណ៍ ទំនប់​ច្រក​បាក់​ដាវ ស្ថិតនៅក្នុង​ឃុំ​តា​ងិ​ល ជាប់​ព្រុំប្រទល់​ឃុំ​ពោធិ៍ ស្រុក​កំពង់លែង អោយ​ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ ដែលមាន​កន្លែង​មុជ​ទឹក​លេង​កំសាន្ត​យ៉ាង​សែន​មនោ​រម្យ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ជា​ភ្ញៀវ​ទេសចរណ៍​ក្នុងស្រុក និង​ក្រៅ​ស្រុក​មកលេង​កម្សាន្ត នៅ​ចុង​សប្តាហ៍ និង​នៅក្នុង​ពិធី​បុណ្យទាន​ផ្សេងៗ​របស់​ជាតិ ។​

​លោក ចេង ចាន់​ដូ​ណា អភិបាលរង​ស្រុក​កំពង់លែង នៅ​ព្រឹក​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៩ ម្សិលមិញ​នេះ បានអោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖ ទំនប់​ច្រក​បាក់​ដាវ​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខាងលើនេះ ពីមុន​មកជា​ទំនប់​ដែល​កសាង​នៅក្នុង​សម័យ​ប៉ុល​ពត ក្រោយ​ឆ្នាំ ១៩៧៩​ទំនប់​នេះ​បាន​ខូចខាត​បែកបាក់​ជាច្រើន​កន្លែង ដែល​មិនអាច​ទប់ទឹក​ប្រើប្រាស់​បាន ទើប​នៅ​២​ឆ្នាំ​ចុង​ក្រោយនេះ ក្រុមការងារ​ថ្នាក់ស្រុក ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ បាន​ជួយ​កសាង​ទំនប់​នេះ​ឲ្យ​មាន​ភាពរឹងមាំ​ឡើងវិញ ដែល​អាច​ស្តុ​ប​ទឹក​បាន​ច្រើន​ម៉ឺន​ម៉ែត្រគូប ដែល​ហូរ​មកពី​ប្រភព​ភ្នំ​នាង​ក​ង្រី ដើម្បី​ស្តុ​ប​ទុក​ស្រោចស្រព​ដី​ស្រូវវស្សា​រាប់រយ​ហិកតា របស់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​កំពង់លែង​។​

​ដោយឡែក​នៅ​ឆ្នាំកន្លងមក​ទំនប់​ច្រក​បាក់​ដាវ​នេះ មាន​ប្រភពទឹក​ពេញ​បរិបូណ៌​ដោ យ​សារ​តែ​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ច្រើន ប៉ុន្តែ​នៅ​ឆ្នាំ ២០១៩ នេះ​ដោយ សារ​តែមាន​ភ្លៀង​​តិចតួច គឺ​ទឹក​នៅក្នុង​ទំនប់​ច្រក​បាក់ដៃ​នេះ​ពុំមាន​ច្រើន​ឡើយ ជាហេតុ​ធ្វើ​ឲ្យ​ការ​ស្រោច​ស្រព​នៅ​រដូវវស្សា​ក្នុងឆ្នាំនេះ​ជួបនឹង​ការខ្វះខាត​ខ្លះ​ផងដែរ ។​

​ដោយឡែក​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ឃុំ​ពោធិ៍ បានអោយដឹងថា​ ក្នុង​ឆ្នាំ​២០១៨​កន្លងមក ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍ បាន​ទំ​ទាក់ទង​មក​អាជ្ញាធរ​ស្រុក ដើម្បី​សុំ​បង្កើត​តំបន់​ទេសចរណ៍​នៅ​ទំនប់​ច្រក​បាក់​ដាវ​នេះ ដោយ​ពួកគាត់​សុំ​សាង​សង់រោង សង់​តូប និង​សង់​ផ្ចុ​ស​មួយចំនួន តាម​ខ្នង​ទំនប់ ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍​ក្នុងស្រុក ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ក្រៅ​ស្រុក ដែលមាន​បំណង​ចង់​កំសាន្ត​តំបន់​ទេសចរណ៍​ព្រៃភ្នំ​ធម្មជាតិ និង​មក​មុជទឹក​លេង​កម្សាន្ត​នៅ​ទំនប់​ច្រក​បាក់​ដាវ​មួយ​នេះ។ ប៉ុន្តែ​សំណើរ​ខាងលើនេះ មកដល់ពេលនេះ​មិនទាន់​ឃើញ​អាជ្ញាធរ​ស្រុក​ឆ្លើយតប​ឡើយ។​

​ទាក់ទង​នឹង​សំណើ​ខាងលើនេះ លោក ចេង ចាន់​ដូ​ណា អភិបាលរង​ស្រុក​កំពង់លែង​បានបញ្ជាក់​អោយដឹងថា​ អាជ្ញាធរ​ស្រុក​ក៏បាន​ជូន​យោបល់​ទៅ​សហគម​នន៍​ប្រជា​ពល​រដ្ឋ​រួចហើយ​ថា ​ត្រូវដាក់​ពាក្យស្នើសុំ​ទៅ​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង ដើម្បី​ឲ្យ​ក្រុម​ការងារ​មន្ទីរ​ទេសច​រណ៍​ខេត្ត និង​ក្រុមការងារ​ពាក់​ព​ន្ធ័​ស្រុក​កំពង់លែង​ចុះ​សិក្សា ឲ្យបាន​ច្បាស់លាស់​ក្នុង​គំរោង​បង្កើត​តំបន់​ទេសចរណ៍​នៅ​ចំណុច​ខាងលើនេះ ឲ្យបាន​ល្អ​ទៅ​តាម​ការណែនាំ​របស់​ក្រសួង ដើម្បី​ពង្រីក​តំបន់​ទេសចរណ៍ លើកស្ទួយ​ជីវភាព​ប្រជា​ពល​រដ្ឋនៅក្នុង​មូលដ្ឋាន។​

​សូមបញ្ជាក់​ផងដែរ​ថា​៖ ទំនប់​ចក្រ​បាក់​ដាវ​នេះ គឺជា​តំបន់​ប្រវត្តិសាស្ត្រ​បុរាណ​មួយ ជំនាន់​ស្តេច​តេ​ជោ​មាស តេ​ជោ​យ៉​ត ដែលជា​កន្លែង​ជុំរុំ​តស៊ូ​របស់​ទាហាន​ខ្មែរ​ជំនាន់​បុរាណ ហ្វឹកហាត់​ក្បួន​យុទ្ធសាស្ត្រ​សង្គ្រាម​ប្រយុទ្ធ​ការពារ​ទឹកដី​មាតុភូមិ​កម្ពុជា។​

​ដូច្នេះ​ដើម្បី​ឲ្យ​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ​បាន​ស្ថិតស្ថេរ​គង់វង្ស​នៅក្នុង​ដួងចិត្ត​កូន​ខ្មែរ​គ្រប់ៗ​រូបនោះ ប្រជាពលរដ្ឋ​ស្រុក​កំពង់លែង ស្នើសុំ​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង មេត្តាជួយ​ចុះមក​សិក្សា បង្កើត​តំបន់​ទេសចរ ណ៍​ខាងលើនេះ ឱ្យបាន​ជោគជ័យ​ស្របទៅតាម​សំណើរ​របស់​រាស្ត្រ​ផង​ចុះ៕​B/