ប្រជាពលរដ្ឋ ហាក់​មានការ​យល់ដឹង​ច្រើន ជុំវិញ​ការ​ទុកដាក់​សំរាម ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

246

(​ភ្នំពេញ​)៖ ក្នុង​រយៈពេល​ពីរ​ថ្ងៃ នៃ​ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក គេ​សង្កេតឃើញថា ប្រជាពលរដ្ឋ ហាក់​មានការ​យល់ដឹង​ច្រើន ជុំវិញ​ការ​ទុកដាក់​សំរាម​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​បែបនេះ​ប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ធ្វើ​ពិធី​អកអំបុក​និង​សំពះ​ព្រះ​ខែ នៅ​រមណីយដ្ឋាន​វត្តភ្នំ កាលពី​រាត្រី​ថ្ងៃទី​២ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប​និង​សំពះ​ព្រះ​ខែ អកអំបុក​កាលពី​យប់​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នេះ​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា​៖ ក្រោយពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ផ្សព្វផ្សាយ យ៉ាង​ទូលំ​ទំលាយ​តាម​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​នានា និង​តាមរយៈ​វីដេអូ​ឃ្លី​ប អប់រំ​ខ្លីៗ​និង​ការបញ្ជ្រាប របស់​អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា ប្រជាពលរដ្ឋ មកពី​តាម​បណ្តា​ខេត្ត ក្រុង​ឆ្ងាយៗ ហាក់​មានការ​យល់ដឹង​ច្រើន ចំពោះ​ផលប៉ះពាល់​ពី​សំរាម​ដែល​កើតចេញពី​ការ​ចោល​​សំរាម​ពាសវាល​ពាសកាល​នោះ ទើប​គាត់​សហការ​បានល្អ​បែបនេះ ។​

​លោក​បាន​បញ្ជាក់ថា​៖ ក្នុង​ថ្ងៃទី​២ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​នេះ មាន​ប្រជាពលរដ្ឋ មក​ដើរលេង​កំសាន្ត ប្រមាណ​ជាង​១​លាន​នាក់ ដោយសារ​ស្ថានភាព​សន្តិសុខ សណ្ដាប់ធ្នាប់ ត្រូវបាន​សមត្ថកិច្ច​និង​អាជ្ញាធរ​ការពារ​បានល្អ ក្នុង​រយៈពេល​២​ថ្ងៃ កន្លងមកនេះ​។​
​ ​
​លោក​បាន​លើកឡើងថា​៖ រយៈពេល​២​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​នេះ​ប្រជាពលរដ្ឋ ហាក់​មាន​ការយល់​ច្រើន ចំពោះ​ការ​ទុកដាក់​សំរាម ការ​វេច​ខ្ចប់​សំរាម​ទុកដាក់​បាន​ត្រឹមត្រូវ តាម​ម៉ោង​ពេលវេលា​កំណត់ បានធ្វើ​ឲ្យ​សុខភាព​ប្រជាពលរដ្ឋ​ល្អ ទីក្រុង​មាន​សោភ័ណភាព​ស្អាត និង​បៃតង សក្តិ​សមជា​ប្រជាជន​រស់នៅក្នុង​ទីក្រុង​ស៊ីវីល័យ​។ ទោះបី​បងប្អូន​អាជីវករ​ខ្លះ លក់​ចំណីអាហារ រួច​មាន​ខ្លាញ់​ប្រឡាក់​ឥដ្ឋការ៉ូឡា ក៏ពិតមែន ប៉ុន្តែ​បញ្ហា​នេះ ក៏​មិនមែនជា​បញ្ហា​ធំដុំ​ឡើយ​៕​ដោយៈ​រ៉ា​ម៉ន​/sn