ប្រជុំពិភាក្សា​ផែនការ​សកម្មភាព​ប្រយុទ្ធប្រឆាំង​ជំងឺគ្រុនចាញ់​រយៈពេល​២​ថ្ងៃ​

546
ចែករម្លែក

ដោយ​: លីន​ណា / ភ្នំពេញ​: នា​ថ្ងៃទី​២៧-២៨ ខែកញ្ញា ឆ្នាំ​២០១៨​នេះ នា​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ នៃ​ក្រសួងសុខាភិបាល ប្រធាន​មន្ទីរពិសោធន៍ នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន នៃ​ក្រសួងបរិស្ថាន បាន​ចូលរួម​កិច្ចប្រជុំ​ស្តីពី ផែនការ​សកម្មភាព​បន្ថែម​បន្ទាន់​។

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ក្រសួងបរិស្ថាន បង្ហាញថា កិច្ចប្រជុំ​នេះ មាន​គោលបំណង ពិភាក្សា​ពី​ផែនការ​សកម្មភាព​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​អនុវត្ត ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺគ្រុនចាញ់ និង​ឈានដល់​ការលុបបំបាត់​ជំងឺគ្រុនចាញ់ លើ​ខេត្ត​ចំនួន ០៧ និង ១០​ស្រុក​ប្រតិបត្តិ ដែលមាន​អ្នកជំងឺ​គ្រុនចាញ់​ដល់​ទៅ ៧៦.៤% ក្នុង​ឆ្នាំ ២០១៧ ក្នុង​ផែនការ​សកម្មភាព​នេះ ត្រូវអនុវត្ត​ដោយ​បញ្ចប់​ប៉ារ៉ាស៊ីត​ដែល​បង្កអោយមាន​ជំងឺ​ក្នុងនោះ plasmodium falciparum នៅ​ឆ្នាំ ២០២០ និង​ប៉ារ៉ាស៊ីត plasmodium vivax នៅ​ឆ្នាំ ២០២៥​។

​សូមបញ្ជាក់ថា ក្រសួងបរិស្ថាន ជា​ស្ថាប័ន​មួយ​ពាក់ព័ន្ធ និង​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ផែនការ​សកម្មភាព​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​។ កន្លងមក​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​សកម្មភាព​នេះ ដោយ​សហការ​ជាមួយ​ក្រសួងសុខាភិបាល ផ្តល់​មុង​ក្នុងការ​ការពារ​ជំងឺ​ដល់​ឧ​ទ្យា​នុ​រក្ស​នៅពេល​ប្រតិបត្តិ​ការងារ​ក្នុងព្រៃ និង​ផ្តល់​ការបណ្តុះបណ្តាល ការយល់ដឹង​ដល់​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​ចុះទៅ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​តំបន់​ព្រៃភ្នំ​៕ ល​