ប្រជុំពិភាក្សា​អំពី​វឌ្ឍនៈភាព​លើ​គម្រោង​អភិវឌ្ឍន៍ និង​កែលម្អ​បណ្តាញ​កំណាត់​ផ្លូវជាតិ​សំខាន់ៗ​ចំនួន​០៣ ក្នុង​ខេត្តសៀមរាប​

455
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩ គណៈប្រតិភូ​បេសកម្ម​ធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំ​ដោយ លោក ផែង សុវិជ្ជា​នោ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​លោក គឹម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប រួម​ជាមួយនឹង​មន្ដ្រី​ជំនាញ​បច្ចេកទេស​ក្រោម​ឱវាទ បានធ្វើការ​ពិភាក្សា​អំពី​វឌ្ឍនៈភាព​លើ​គម្រោង​អភិវឌ្ឍន៍ និង​កែលម្អ​បណ្តាញ​កំណាត់​ផ្លូវជាតិ​សំខាន់ៗ​ចំនួន​០៣​ក្នុង​ខេត្តសៀមរាប ព្រមទាំង​បាន​ចុះទៅ​មើល​នៅ​ទីតាំង​ជាក់ស្ដែង​ផងដែរ​។​

​លោក គឹម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​និយាយថា កំណាត់​ផ្លូវជាតិ​សំខាន់ៗ​ចំនួន​០៣ ដែល​ត្រូវ​អភិវឌ្ឍន៍ និង​កែលម្អ​នោះ រួមមាន ៖ ១. គម្រោង​កែលម្អ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចាប់ពី​រង្វង់​មូល​រូបសំណាក​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ រហូតដល់​ស្រុក​ក្រឡាញ់ ( ព្រំប្រទល់​ខេត្ដ​បន្ទាយមានជ័យ​) , ២. គម្រោង​សិក្សា​ដើម្បី​កែលម្អ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចាប់ពី​រង្វង់​មូល​រូបសំណាក​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ រហូតដល់​ព្រះអង្គ​ចេក​ព្រះអង្គ​ចម និង​៣. គម្រោង​សិក្សា​ដើម្បី​អភិវឌ្ឍន៍​ផ្លូវ​វាង​ក្រុង​ប៉ែក​ខាងលើ​។​

​គួររំលឹកថា គម្រោង​កំណាត់​ផ្លូវជាតិ​សំខាន់ៗ​ទាំង​០៣​នេះ នឹងធ្វើ​ឲ្យ​ខេត្ដ​សៀមរាប កាន់តែ​មាន​ភាព​ទាក់ទាញ និង​ផ្ដល់​ភាពងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​៕