ប្រជុំ​ទ្វេភាគី​និង​ចុះ​អនុស្សរណៈ រវាង​កម្ពុជា​និង​បង់​ក្លា​ដេ​ស លើ​ការទិញ​អង្ករ​ចំនួន​១​លាន​តោន​រយៈពេល ៥​ឆ្នាំ

1162
ចែករម្លែក

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៧ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទទួលបាន​សិទ្ធិ​ប្រទាន​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​រដ្ឋមន្ត្រីក្រសួង​
​ស្បៀងអាហារ នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស ដើម្បី​នាំចេញ​អង្ករ​ឲ្យ​បាន​១​លាន​តោន ក្នុង​រយៈពេល ៥​ឆ្នាំ (២០១៧ – ២០២២) សំដៅ​ធ្វើ​ពិពិធ​កម្ម​ទំហំ​ពាណិជ្ជកម្ម និង​ជំរុញ​កំណើនសេដ្ឋកិច្ច ជាពិសេស​ធានាបាន​នូវ​ស្ថិរភាព​វិស័យ​ស្រូវ​-​អង្ករ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​អនុស្សរណៈ​នេះ មាន​វិសាលភាព​គ្របដណ្តប់​រាល់​ប្រតិបត្តិ​ការទិញ​/​លក់​អង្ករ​ទាំងអស់​រវាង​ក​ម្ពុ​ជា និង​បង់​ក្លា​ដេ​ស​ហើយនឹង​ត្រូវអនុវត្ត​
​ដោយ​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ (Green Trade Company) ដែលជា​ក្រុមហ៊ុន​សហគ្រាស​សាធារណៈ ចំណុះ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ជាមួយនឹង​អគ្គនាយកដ្ឋាន​ស្បៀងអាហារ (Directorate-General of Food) នៃ​ក្រសួង​ស្បៀងអាហារ​បង់​ក្លា​ដេ​ស​។​

​នៅក្នុង​ពិធី​ចុះ​អនុស្សរណៈ ដែល​ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​
​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រតិភូ​បង់​ក្លា​ដេ​ស និង​បានចាត់ទុក​ព្រឹត្តិការណ៍​ថ្ងៃនេះ ថា​ជា​ការបើក​ទំព័រ​ថ្មី​មួយទៀត សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ ក្នុងការ​ចូលរួម​ជំរុញ និង​លើកកម្ពស់​សន្តិសុខ ស្ថិរភាព និង​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច នៅក្នុង​តំបន់​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​រំពឹងទុក​ថា តាមរយៈ​កិច្ចព្រមព្រៀង​នេះ​កម្ពុជា​នឹង​អាច​នាំចេញ​
​អង្ក​រស និង​អង្ករ​ចំហុយ​ចំនួន ២៥​ម៉ឺន​តោន ទៅកាន់​ប្រទេស​បង់​ក្លា​ដេ​ស នៅក្នុង​ខែតុលា​ខាងមុខនេះ​។​

​ទន្ទឹមគ្នានេះ ឯកឧត្តម ម៉ូ​ហា​ម៉ាត់ ក្វាម​រ៉ុល អ៊ីស្លាម (Advocate Md. Qamrul Islam MP) រដ្ឋ​ម​ន្ត្រិ​ក្រ​សយ​ង​ស្បៀងអាហារ​បង់​ក្លា​ដេ​ស បាន​កោតសរសើរ​ចំពោះ​គុណភាព​អង្ករ​កម្ពុជា ដែល​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​អន្តរជាតិ​ជាច្រើន​ដូចជា ISO, HACCP, និង GMP ព្រមទាំង​អាច​នាំចូល​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​, សហរដ្ឋអាមេរិក​, និង​ចិន​ដោយ​ជោគជ័យ​។ ឯកឧត្តម បាន​បន្ថែមទៀតថា តម្លៃ​ធាតុ​ផ្សំ​ផ្សេងៗ​ដូចជា​ពានរង្វាន់​លេខ​១ លើ​ពិភពលោក ចំពោះ​អង្ករ​ក្រអូប​កម្ពុជា មានន័យថា​គុណភាព និង​អត្តសញ្ញាណ​ផលិតផល មាន​ភាព​ប្រាកដ​អាច​ទុកចិត្តបាន​។​

​គួរ​រំលឹក​ដែរ​ថា ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន ៥៤២,១៤៤​តោន ពោលគឺ​បាន​កើនឡើង ០,៧០% បើ​ធៀប​នឹង​ឆ្នាំ ២០១៥ ដែលមាន​ចំនួន​ត្រឹមតែ ៥៣៨,៣៩៦​តោន​។ សម្រាប់​ឆមាស​ដំបូង នៃ​ឆ្នាំ​២០១៧​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ៣០,៩២៥​តោន នេះ​បើតាម​ទិន្នន័យ​ផ្តល់​ដោយ​នាយកដ្ឋាន​ផែនការ ស្ថិតិ និង​ព័ត៌មាន​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម​៕​អត្ថបទ​៖​ក្រសួង​/sn​