ប្រជុំ​ផ្សព្វផ្សាយ​អំពី​ការបើក​ការដ្ឋាន​ជីក​ដាក់លូ​បន្ថែម​២​កន្លែង​នៅ​ទួលគោក​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​

523
ចែករម្លែក

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១០​ឧសភា​ថា ដើម្បី​ជំរុញ​ការដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​រដូវវស្សា​នេះ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​គម្រោង​ការពារ​ទឹកជំនន់​ជំហាន​៤ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌទួលគោក​បាន​រៀបចំ​ប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ប្រជាពលរដ្ឋ អំពី​ការបើក​ការដ្ឋាន​ជីក​ដាក់លូ​បន្ថែមចំនួន​២​កន្លែង ដែល​អាច​ប៉ះពាល់​និង​រំខាន​ដល់​ការរស់នៅ និង​រកស៊ីរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀមខ្លួន​ជាមុន និង​សហការ​ជាមួយ​ក្រុមការងារ ឈានទៅ​សម្រេច​ជោគជ័យ​នៃ​គម្រោង​នេះ​។​

​ពិធី​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៩ នៅក្នុង​វត្ត​នាគ​វ័​ន្ត សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក ក្រោម​វត្តមាន​លោក ជូ គឹម​ទ្រី អនុប្រធាន មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​លោក ចាន់ បណ្ឌិត អភិបាលរង​ខណ្ឌទួលគោក​។

​នេះ​ជា​លើក​ទី​២​ហើយ ដែល​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌទួលគោក ក្នុងការ​ផ្សព្វផ្សាយ​ពី​គម្រោង​ការពារ​ទឹកជំនន់​ជំហាន​៤​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចូលរួម​សហការ​។​

​ក្នុងឱកាស​នោះ​លោក​ជូ គឹម​ទ្រី បាន​មានប្រសាសន៍​លើកឡើងថា គម្រោង​នេះ នឹងត្រូវ​បើក​ការដ្ឋាន​ជីក​ដាក់លូ​បន្ថែមចំនួន​២​ទីតាំង​ទៀត គឺ​នៅ​កំណាត់​ផ្លូវ​លេខ​៣១៥ ក្នុង​សង្កាត់​បឹងកក់​ទី​២ និង​ផ្លូវ​លេខ​៦០៨ ក្នុង​សង្កាត់​បឹងកក់​ទី​១ ដែល​កន្លងមក​នៅក្នុង​តំបន់​ទួលគោក​បាន​ដំណើរការ​ចំនួន​២​ផ្លូវ​ហើយ គឺ​ផ្លូវ​លេខ​៥២៨ និង​ផ្លូវ​លេខ​៣៣៧​។​

​គួរ​បញ្ជាក់ថា គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ជំហាន​ទី​៤ ដែលជា​គម្រោង​ហិរញ្ញប្បទាន​របស់​ប្រទេស​ជប៉ុន តាមរយៈ​អង្ក​ការ​ចៃ​កា បានចាប់ផ្តើម​កាលពី​ខែមករា​២០១៩ ហើយ​គម្រោង​នេះ គ្រោង​បញ្ចប់​នៅ​ខែតុលា​២០២១ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​៣០​លាន​ដុល្លារ​។ គម្រោង​នេះ មាន​៦ ចំណុច​សំខាន់ មាន​ទាំង​ការដាក់​បណ្តាញ​លូ​មេ សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ​បូមទឹក និង​ការ​តម្លើង​របា​មេកានិច​ស្វ័យប្រវត្តិ ដើម្បី​ប្រមូល​សំរាម​នៅមុខ​ផ្លូវ​បង្ហូរទឹក​នៃ​ស្ថានីយ​បូមទឹក​ជាដើម​៕ ល​

#