ប្រជុំ​អច្ឆរិយវត្ថុ​ពិភពលោក​, ពី​បាតុភូត​បង្កើតឡើង​ដោយ​មាតា​ធម្មជាតិ​រហូតដល់​សំណង់​បង្កើត​ដោយ​មនុស្ស

507
ចែករម្លែក

​វា​ជា​ពិភពលោក​ដ៏​ស្រស់ស្អាត​។ ហើយ​រូបភាព​គួរឱ្យ​ចាប់អារម្មណ៍​នេះ​បានបង្ហាញ​យ៉ាងច្បាស់​ថា​ហេតុអ្វី​បានជា​ពិភពលោក​នេះ​ពិតជា​អស្ចារ្យ​។​

​រូបភាព​ទាំងអស់នេះ​បានបង្ហាញ​នៅក្នុង​សៀវភៅ​ថ្មី​មួយ​ដែលមាន​ឈ្មោះថា Wonders of the World និពន្ធ​ដោយ​លោក​ក្លោ​ឌា ម៉ា​ទីន (Claudia Martin) ដែល​បង្ហាញ​ពី​បាតុភូត​ដ៏​អស្ចារ្យ​បង្កើត​ដោយ​មាតា​ធម្មជាតិ​និង​សំណង់​មិនគួរ​ឱ្យ​ជឿ​ដែល​បាន​សាងសង់ឡើង​ដោយ​ពូជសាសន៍​មនុស្ស​តាំងពី​បុរាណ​រហូតដល់​សព្វថ្ងៃ​។​

​រូបថត​អស្ចារ្យ​ចំនួន ២០០ សន្លឹក ដែល​បង្ហាញ​នៅក្នុង​សៀវភៅ​នេះ​រួមមាន​រូបថត​ទីក្រុង​ប៉េ​ត្រា (Petra) និង​កីឡដ្ឋាន​បុរាណ​ខូ​ឡូ​ស្សាម (Colosseum) របស់​ទីក្រុង​រ៉ូម និង​សំណង់​សម័យ​ទំនើប​ដ៏​អស្ចារ្យ​ដូចជា អគារ Palm Jumeirah នៅ​ទីក្រុង​ឌូ​បៃ និង​ស្ពាន Millau Viaduct ដ៏​អស្ចារ្យ​នៅក្នុង​ប្រទេស​បារាំង​។ លើសពីនេះ​ទៀត​ក៏មាន​អច្ឆរិយៈវត្ថុ​ធម្មជាតិ​ដែរ ដូចជា ទឹកធ្លាក់ Angel Falls របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​ថ្ម​សំ​យ៉ុង​ចុះ​ពីលើ​ភ្នំ​របស់​អូស្ត្រាលី​។​

​លោក​ម៉ា​ទីន​និយាយថា “​ពី​ទឹកជ្រោះ​រហូតដល់​វាល​ខ្សាច់ ពី​ស្ពាន​រហូតដល់​រោង​មហោស្រព​ល្ខោន​អូ​ប៉េ​រ៉ា ពី​ភ្លើង​ធម្មជាតិ​ដែល​ឆេះ​មិនចេះ​រលត់​រហូតដល់​រូងភ្នំ​បង្កើតឡើង​ដោយ​មនុស្ស​ដ៏​ធំ​បំផុត​នៅលើ​ផែនដី សៀវភៅ​នេះ​ពន្យល់​ពី​រឿងរ៉ាវ​គួរឱ្យ​ចាប់អារម្មណ៍​អំពី​កន្លែង​អស្ចារ្យ​ទាំង​ល្បីល្បាញ​និង​មិនសូវ​ល្បីល្បាញ​”​។​

​តោះ​ក្រឡេកមើល​អច្ឆរិយៈវត្ថុ​ទាំងអស់នោះ​ដូចខាងក្រោម ៖

១. ភ្នំភ្លើង Kilimanjaro របស់​តង់​ហ្សា​នី​កម្ពស់ ៥៨៩៥ ម៉ែត្រ មាន​ព្រិល​គ្របពីលើ​កំពូលភ្នំ តែ​ប្រសិនបើ​ការឡើង​កម្តៅ​ផែនដី​បន្ត​កើតឡើង ព្រិល​នេះ​នឹង​រលាយ​អស់​ត្រឹម​ឆ្នាំ​២០៦០​។​

២. ទឹកធ្លាក់ Angel Falls នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា មាន​ទឹកធ្លាក់​ចុះមក​ដី​កម្ពស់​ដល់​ទៅ ៨០៧ ម៉ែត្រ ជា​ទឹកធ្លាក់​ខ្ពស់​ជាងគេ​លើ​ពិភពលោក​។ ទឹកធ្លាក់​នេះ​មាន​ទីតាំង​ស្ថិតនៅ​តំបន់​ខ្ពង់រាប​គ្វៀ​ណា (Guiana)​។​

៣. ភ្នំ Los Cuernos កម្ពស់ ១៩៩៩ ម៉ែត្រ​មាន​ទីតាំង​ស្ថិតនៅ​ឧទ្យាន​ជាតិ​តូ​រ៉េ​ស​ឌែ​ល​ផេ​ន​ក្នុងប្រទេស​ស៊ី​លី ដែល​នៅលើ​នោះ​គឺមាន​ផ្ទាំង​ទឹកកក ស្ទឹង និង​បឹង​។

៤. កីឡដ្ឋាន​ខូ​ឡូ​ស្សាម (Colosseum) ក្នុង​ទីក្រុង​រ៉ូម ជា​កីឡដ្ឋាន​បុរាណ​ធំ​បំផុត​សាងសង់​ក្នុង​ឆ្នាំ ៨២ នៃ​គ​.​ស សម្រាប់​ផ្ទុក​ទស្សនិកជន ៥០.០០០ ទៅ ៨០.០០០ នាក់​។ កីឡដ្ឋាន​បុរាណ​នេះ​គឺ​សម្រាប់​ការប្រកួត​ដូចជា ការប្រយុទ្ធ​រវាង​អ្នក​ជិះសេះ ការសម្តែង​អំពី​ចម្បាំង​នៅ​សមុទ្រ ការ​ប្រមាញ់​សត្វ និង​ការកាត់ទោស​ប្រហារជីវិត​។​

៥. ភ្នំ​ថ្ម Meteora ក្នុងប្រទេស​ក្រិ​ក​។​

៦. មហាវិហារ​អ៊ីស្លាម (Great Mosque) ដែលជា​វិហារ​ធំ​បំផុត​ក្នុង​ពិភពលោក​ស្ថិតនៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។

៧. ទឹកធ្លាក់ Victoria Falls កម្ពស់ ១០៨ ម៉ែត្រ​នៅ​ទន្លេ​ហ្សាំ​បេ​ហ្ស៊ី នៅជាប់​ព្រំដែន​ប្រទេស​សំ​ប៊ី និង ស៊ីម​បា​វ៉េ​។

៨. ឧទ្យាន​ជាតិ​បឹង​ភ្លី​តវ៉ា​យ (Plitvice Lakes National Park) ក្នុងប្រទេស​ក្រូ​អាស៊ី​។​

៩. ភ្នំ Diamond Head ដែល​កកើតឡើង​ដោយ​ភ្នំភ្លើង Ko’olau កាលពី ៤០​ទៅ​៥០​ម៉ឺន​ឆ្នាំមុន នៅ​កោះ​ហា​វ៉ៃ​របស់​អាមេរិក​។

១០. ភ្នំ​ថ្ម​សំ​យ៉ុង​មកក្រោម​ហៅថា Hanging Rock មាន​ទីតាំង​ស្ថិតនៅ​ជ្រលង​ក្រូ​ស (Grose) ក្នុង​ជួរ​ភ្នំ​ខៀវ​ក្នុងប្រទេស​អូស្ត្រាលី​។​

១១. ស្ពាន Millau Viaduct កម្ពស់ ៣៤៣ ម៉ែត្រ​ក្នុងប្រទេស​បារាំង ដែល​គូ​ប្លង់​ដោយ​ស្ថាបត្យករ​អង់គ្លេស​ឈ្មោះ ន័​រ​មែន ហ្វូ​ស្ទើ និង ស្ថាបត្យករ​បារាំង​ឈ្មោះ មី​ឆែ​ល វើ​ឡូហ្គោ​។​

១២. ប្រាសាទ Al-Khazneh សង់​ឡើង​ចេញពី​ជញ្ជាំង​ភ្នំ​សម្រាប់​ស្តេច​អា​រីតា​ស់​ទី​៤ (​ឆ្នាំ​៩​មុន​គ​.​ស ដល់ ឆ្នាំ​៤០​នៃ​គ​.​ស​) នៅ​ទីក្រុង​ប៉េ​ត្រា​ក្នុងប្រទេស​ហ្សកដានី​។​

១៣. ច្រាំង​ថ្ម​ចោត​រាង​អក្សរ U ឈ្មោះ Geiranger មាន​កម្ពស់​ដល់​ទៅ ៣៦៥ ម៉ែត្រ​ស្ថិតនៅតាម​ឆ្នេរ​របស់​ប្រទេស​ន័​រ​វែ​ស​។

១៤. ទីក្រុង​បុរាណ Jeddah ត្រូវបាន​បង្កើតឡើង​ក្នុង​សតវត្សរ៍​ទី ៧ នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។ សព្វថ្ងៃ​សំណង់​សង់​ពី​ដុំថ្ម​ភ្នំ​នៅតែ​រក្សា​វត្ត​មាននៅ​ទីនោះ​ដដែល​។

១៥. “​ទឹកធ្លាក់​នៅ​បាតសមុទ្រ​” ស្ថិតនៅ​មហាសមុទ្រ​ឥណ្ឌា ក្នុងប្រទេស​ម៉ូ​រី​ស អាច​មើល​បាន​ទាល់តែ​ជិះ​លើ​យន្តហោះ​ពីលើ​មេឃ​តែប៉ុណ្ណោះ​។ ទឹកធ្លាក់​នេះ​មាន​ជម្រៅ​ជាង ១៥០ ម៉ែត្រ​ធៀប​នឹង​នីវ៉ូ​សមុទ្រ​។​

១៦. ថ្ម​អារក្ស ឬ Devil’s Tower មាន​ទីតាំង​ស្ថិតនៅ​រដ្ឋ​វី​យ៉ូ​មីង (Wyoming) សហរដ្ឋអាមេរិក​បាន​កកើតឡើង​តាំងពី ៤០ លាន​ឆ្នាំមុន នៅពេល​ម៉ាក់​ម៉ា​ភ្នំភ្លើង​ត្រជាក់​រីង​។

១៧. ឆកសមុទ្រ​ហា​ឡុង មានន័យ​ជា​ភាសា​វៀតណាម​ថា “​នាគ​ចុះ​ពីលើ​មេឃ​” ដែល​តាម​រឿងព្រេង គឺ​ត្រូវបាន​បង្កើតឡើង​ដោយ​គ្រួសារ​នាគ ដែល​គេ​បញ្ជូនមក​ការពារ​វៀតណាម​ពី​ជន​ឈ្លានពាន​។

១៨. កោះ​សិប្បនិម្មិត​ធំ​បំផុត​លើ​ពិភពលោក ដែល​ចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ ២០០១ និង​សង់​រួចរាល់​ក្នុង​រយៈពេល ៦ ឆ្នាំ​។ កោះ​នេះ​មាន​ឈ្មោះថា Palm Jumeirah យក​រាង​តាម​ធៀងដូង​។ សព្វថ្ងៃ​កោះ​នេះ​មាន​សំណង់​សណ្ឋាគារ ២៨ កន្លែង និង ផ្ទះ​ប្រជាជន​ចំនួន ៤៥០០​ខ្នង​។​

១៩. ប្រាសាទ​ព្រះពុទ្ធ​ធំ​បំផុត​លើ​ពិភពលោក​មានឈ្មោះ​ថា បូ​រ៉ូ​បួ​ឌួ (Borobudur) សង់​ក្នុង​សតវត្សរ៍​ទី ៩ ស្ថិតនៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​

២០. វាំង​ផូ​តា​ឡា (Potala Palace) នៅក្នុង​តំបន់​ទី​បេ​ត៍​គឺ​ជាទី​អាស្រ័យ​របស់​ស្តេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​បុរាណ​រហូតដល់​ស្តេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​បច្ចុប្បន្ន ដែល​ភៀសខ្លួន​ទៅ​ឥណ្ឌា​ក្នុង​ឆ្នាំ ១៩៥៩ ដោយសារ​ការ​ងើប​បះបោរ​ក្នុង​តំបន់​ទី​បេ​ត៍​។ វាំង​នេះ​សង់​ឡើង​ក្នុង​សតវត្សរ៍​ទី​១៤ មាន​កម្ពស់ ១៣ ជាន់ មាន​ជាង​១០០០​បន្ទប់ និង​មាន​កន្លែង​គោរពបូជា​ជាង ១០០០០​កន្លែង​។​

២១. ទីក្រុង​ប៉េ​ត្រា​ស្ថិតនៅ​វាល​ខ្សាច់​ភាគខាងត្បូង​នៃ​ប្រទេស​ហ្សកដានី ត្រូវបាន​ឆ្លាក់​ចេញពី​ច្រាំង​ថ្ម​ចោត​តាំងពី ២០០០ ឆ្នាំមុន​មកម្ល៉េះ ដោយ​ប្រជាជន​អម្បូរ​ណា​បា​ធៀន (Nabatean)​។ នៅ​សម័យកាល​រុងរឿង​បំផុត ទីក្រុង​នេះ​ធ្លាប់ជា​មណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ ដែលមាន​ប្រជាជន​រស់នៅ ២០.០០០ នាក់​៕

ដោយ៖ កញ្ញាដាលីស