ប្រជៀវ​និង​ពស់​ជា​ប្រភព​វីរុស​ដែល​ចម្លង​មនុស្ស​ជាង​៨០០​នាក់​នៅ​ចិន​?

1899
ចែករម្លែក

​វីរុស​ថ្មី​មួយ​ដែល​កំពុងចម្លង​មនុស្ស​យ៉ាង​លឿន​នៅ​ចិន ទំនងជា​មាន​ប្រភព​ចេញ​ពី​សត្វ​ប្រជៀវ ជ្រឹង​ឬ​ពស់ នេះ​បើ​តាម​ការវិភាគ​ហ្សេ​ណេ​ទិ​ចនៃ​វីរុស​ដែល​បាន​​សម្លាប់​មនុស្ស​២៥​នាក់​និង​ចម្លង​មនុស្ស​ជាង​៨០០​នាក់​នៅ​ចិន​។​

​ទ្រឹស្តី​នេះ​ផ្អែក​លើ​ការ​ពិនិត្យ​បណ្តុំ​ពិន្ធុ​នៃ​វីរុស​ដែល​អាជ្ញាធរ​សុខាភិបាល​ចិន​បាន​បញ្ចេញ​ក្រោយ​ការផ្ទុះ​ជម្ងឺ ដោយ​ការសិក្សា​២​ចង្អុល​ទៅរក​សត្វ​ប្រជៀវ​និង​ពស់​ថា​​ជា​ប្រភព​ផ្ទុះ​វីរុស​នេះ​។​

​ការ​សិក្សា​ដែល​ត្រូវ​បាន​ចុះ​ផ្សារ​ក្នុង​សារព័ត៌មាន​Science China Life Sciences និង​គាំទ្រ​ដោយ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន បាន​ពិនិត្យ​ទំនាក់ទំនង​រវាង​វីរុស​ប្រ​​ភេទ​ថ្មី​នេះ​និង​វីរុស​ផ្សេងៗ​។​វា​បាន​រកឃើញថា កូរ៉ូណា​វីរុស​នៅក្រុង​វូ​ហាន​នេះ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​ប្រភេទ​វីរុស​នៅក្នុង​ខ្លួន​សត្វ​ប្រជៀវ​(​ជ្រឹង​)​។​

​ការសិក្សា​ទី​២ ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី​២២​មករា​ក្នុង​សារព័ត៌មាន​Medical Virology​បាន​សំគាល់​សត្វ​ពស់​ថា​អាច​ជា​ប្រភពដើម​នៃ​វីរុស​។​

​សូមបញ្ជាក់​ថា ផ្សារ​គ្រឿង​សមុទ្រ​ក្រុង​វូ​ហាន​ដែល​គេ​គិត​ថា​ជា​ប្រភព​ផ្ទុះ​វីរុស​នេះ ក្រៅ​ពី​សាច់​សត្វ​សមុទ្រ​ក៏​មាន​លក់​សត្វព្រៃ​រស់ ដូចជា ជ្រឹង ក្រពើ កូន​ឆ្កែចចក​ ពស់ កណ្តុរ ក្ងោក កាំ​ប្រមា ឈ្លូស និង​សាច់​អូ​ដ្ឋ​។​

​កាល​ពី​ចិន​ផ្ទុះ​ជម្ងឺ​ផ្លូវដង្ហើម​ស្រួចស្រាល់ ឬ​SARS​កាលពី​១៧​ឆ្នាំ គេ​ក៏​ជឿ​ថា​វា​បង្កឡើង​ពី​សត្វ​សំពោច​។​

​សត្វព្រៃ​ចម្លែកៗ​ជាច្រើន​ត្រូវ​បាន​លក់​ជា​អាហារ​នៅ​ចិន​ឬ​នៅ​ប្រទេស​អាស៊ី​មួយ​ចំនួន​ដែល​គិតថា​វា​មានឱជារស​ជាង​សាច់សត្វ​ចិញ្ចឹម​ធម្មតា​។​

​ការសង្ស័យ​ថា​ប្រភព​វីរុស​នេះ​បង្ក​ឡើង​ពី​សត្វ​ជ្រឹង​ឬ​ពស់​កើតឡើង​ចំ​ពេល​មាន​ការផ្សាយ​រូបភាព​ស្ត្រី​ចិន​ស៊ីសាច់​ជ្រឹង​ទាំងមូល​នៅ​ភោជ្ជ​នី​យដ្ឋា​ន​មួយ​។​

​ស្ត្រី​ចិន កំពុង​ឆ្ងាញ់​នឹង​ស៊ុប​ជ្រឹង ដែល​គេ​សង្ស័យថា​ជា​ប្រភព​នៃ​ការផ្ទុះ​វីរុស​នៅ​វូ​ហាន​

​អ្នកជំនាញ​ខាង​វីរុស​ចិន​ម្នាក់ ដែល​បាន​ជួយ​ដោះស្រាយ​ការផ្ទុះ​ជម្ងឺ​SARS​កាលពី​ឆ្នាំ​២០០៣ បាន​ព្រមាន​ថា​វីរុស​ថ្មី​នេះ​អាច​បង្ក​ការឆ្លង​រាលដាល​ខ្លាំង​ជាង​វិបត្តិ​សុ​​ខា​ភិបាល​កាលពី​១៧​ឆ្នាំ​មុន​ដល់​ទៅ​១០​ដង​ឯណោះ​។​

​គិត​មក​ត្រឹម​ថ្ងៃ​២៣​មករា មនុស្ស​២៥​នាក់​បាន​ស្លាប់ និង​៨៣០​នាក់​បាន​ឆ្លង​កូរ៉ូណា​វីរុស​នេះ​នៅ​ប្រទេស​ចិន​។​ក្នុងចំណោម​អ្នកស្លាប់​២៥​នាក់​មាន​២៤​នាក់​នៅក្នុង​​ខេត្ត​ហ៊ូ​បេ ដែល​មាន​វូ​ហាន​ជាទី​រួម​ខេត្ត និង​ម្នាក់​ទៀង​ស្លាប់​នៅក្នុង​ខេត្ត​ហឺ​ប៉ី​៕​ប្រែ​សម្រួល​៖​វាសនា​

ពស់​ក៏​អាច​ជា​ប្រភព​នៃ​កូរ៉ូណា​វីរុស​