ប្រឈម​ការតវ៉ា​ប្រឆាំង​ថ្មី នៅ​ពេល​ពួក​បាតុករ​បដិសេធ​កាយវិការ​ស្រុះស្រួល​របស់​មេដឹកនាំ​ហុងកុង​

1020
ចែករម្លែក

​ទីក្រុង​ហុងកុង កំពុង​ប្រឈម​បាតុកម្ម​ថែមទៀត​នៅ​ចុង​សប្តាហ៍​នេះ ដោយ​ពួក​បាតុករ​គំរាម​រាំងខ្ទប់​បណ្តាញ​គមនាគមន៍​នៅ​អាកាសយានដ្ឋាន ក្រោយ​ពី​ការដកចេញ​ច្បាប់​​បត្យាប័ន​ពី​សំណាក់​មេដឹកនាំ​ហុងកុង​លោកស្រី ការី ឡា​ម មិន​បាន​បំពេញ​ចិត្ត​របស់​ពួកគេ​។​

​ពួក​អ្នក​ប្រឆាំង​តវ៉ា​មាន​ផែនការ​រាំងខ្ទប់​ចរាចរណ៍​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​ទីក្រុង​នៅ​ថ្ងៃ​សៅរ៍​ទី​៧​កញ្ញា នៅ​មួយ​សប្តាហ៍​ក្រោយ​ពី​បាតុករ​រាប់ពាន់​នាក់​រារាំង​​រំខាន​ដល់​កណ្តាញ​គមនាគមន៍ ដែល​នាំ​ដល់​អំពើ​ហិង្សា​ដ៏​អាក្រក់​បំផុត​ចាប់តាំងពី​ការប្រឆាំង​តវ៉ា​បាន​ចាប់ផ្តើម​កាលពី​៣​ខែ​មុន​។​

ការជួបជុំ​តវ៉ា​ត្រូវ​រំពឹងថា​នឹង​បន្ត​នៅ​ចុង​សប្តាហ៍ ទោះ​ជា​មេដឹកនាំ​ហុងកុង​ដកចេញ​ពង្រាង​ច្បាប់​បត្យាប័ន​

​អាជ្ញាធរ​អាកាសយានដ្ឋាន ក្នុង​សារ​ផ្សាយពាណិជ្ជកម្ម​មួយ​កាលពី​ថ្ងៃ​សុក្រ បាន​ទទូច​អោយ​អ្នក​តវ៉ា​ប្រឆាំង​«​កុំ​រារាំង​ខំ​ខាន​ការធ្វើដំណើរ​របស់​មនុស្ស​រាប់​ម៉ឺន​នាក់​ដែល​ប្រើប្រាស់​​អាកាសយាន​នេះ​ជា​រៀងរាល់ថ្ងៃ​»​។​

​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​កាលពី​យប់​ថ្ងៃ​ពុធ មេដឹកនាំ​ហុងកុង​លោកស្រី ការី ឡា​ម បាន​និយាយថា ពង្រាង​ច្បាប់​បត្យាប័ន​ដែល​បង្ក​បញ្ហា​ចម្រូងចម្រាស​ត្រូវ​បាន​ដក​​ចេញ ដោយ​សុខចិត្ត​ធ្វើ​តាម​ការទាមទារ​មួយ​ក្នុងចំណោម​ការទាមទារ​ចំនួន​៥​របស់​បាតុករ ទោះជា​យ៉ាងណា​ពួក​បាតុករ​ក្បាលរឹង​ខ្លះ​បាន​តប​វិញ​ថា ចំណាត់ការ​នេះ​ហាក់​យឺត​​ពេល​បន្តិច​។​

​អ្នក​ប្រឆាំង​តវ៉ា​ជាច្រើន​នៅ​ខឹង​នឹង​ការដែល​លោក​ស្រី​ឡា​ម បដិសេធ​មិន​បើក​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​ចំពោះ​ការប្រព្រឹត្ត​របស់​ប៉ូលិស​លើ​អ្នក​ប្រឆាំង​តវ៉ា​។​ការទាមទារ​បី​ទៀត​​របស់​បាតុករ​រួមមាន ដក​ពាក្យ​«​កុបកម្ម​»​ដែល​ត្រូវ​បាន​ពណ៌នា​សំរាប់​ការជួបជុំ​តវ៉ា​កន្លងមក ដោះលែង​បាតុករ​ដែល​ត្រូវបាន​ចាប់ខ្លួន និង​សិទ្ធិ​របស់​ប្រជាជន​ហុងកុង​សំរាប់​​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​និង​សភា​របស់​គេ​ផ្ទាល់ ដោយ​មិន​ឆ្លង​ការតែងតាំង​ត្រួតពិនិត្យ​និង​សំរេច​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​អ្នក​ក្រុង​ហុងកុង​ជាច្រើន​ព្រួយបារម្ភ​ខ្លាចក្រែង​ចិន​ប៉េកាំង​កាន់តែ​មាន​ឥទ្ធិពល​ខ្លាំង​ឡើង​និង​ធ្វើ​អោយ​សឹក​រិល​ស្វ័យភាព​នៃ​អតីត​ដែនដី​អាណានិគម​អង់គ្លេស​នេះ តែ​ចិន​បាន​បដិសេធ​និង​ថា​ហុងកុង​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​។​ចិន​ថែមទាំង​ថ្កោលទោស​ការតវ៉ា​ប្រឆាំង​កន្លងមក​នេះ​និង​ថា វា​បំផ្លាញ​សេដ្ឋកិច្ច​ទីក្រុង​នេះ​និង​បាន​ព្រមាន​អំពី​​ការប្រើ​កម្លាំង​ដើម្បី​បំបាត់​ចលាចល​៕ដោយ៖វាសនា

ការី ឡា​ម បានធ្វើអោយ​គេ​ឯង​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ពុធ​ដោយ​ប្រកាស​ដក​ចេញ​ច្បាប់​បត្យាប័ន ដែល​ជា​ការទាមទារ​មួយ​ក្នុងចំណោម​ការទាមទារ​៥​ចំណុច​របស់​គេ