ប្រដាល់​គុន​ខ្មែរ ពង្រឹង​គ្រូ ដើម្បី​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ហ្វីលីពីន​

216
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ ថ្មីៗ​នេះ សមាជិក​ប្រតិបត្តិ សហព័ន្ធ​កីឡា ប្រដាល់​គុន​ខ្មែរ បាន​ជួបប្រជុំគ្នា ដើម្បី​រក​គន្លឹះ​ពង្រឹង​កីឡាប្រដាល់​គុន​ខ្មែរ ដែល​កំពុង​ហ្វឹកហាត់ ក្នុង​ជ​ម្រំ​ប្រមូលផ្ដុំ ឲ្យ​បង្កើន​ការហ្វឹកហាត់ សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣០ នា​ចុង​ឆ្នាំនេះ នៅ​ប្រទេស​ហ្វីលីពីន ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ដែលជា​ប្រធាន​អង្គប្រជុំ បាន​មានប្រសាសន៍ថា លោក​បាន​ជំរុញ យ៉ាងសកម្ម ដល់​គ្រូបង្វឹក ទាំង ២ នាក់ គឺ​លោក អេ ភូ​ថង និង​លោក ឡុង សាល​វ័​ន្ត ឲ្យ​ពង្រឹង​ការហ្វឹកហាត់​វិន័យ ដល់​កីឡាករ និង​តាមដាន​ពី​សុខភាព -​កម្លាំង​របស់​ពួកគេ ជាប្រចាំ ។ ប្រសិនបើ​គេ មាន​បញ្ហា​អ្វី​ប៉ះពាល់ ដល់​សុខភាព ត្រូវតែ​ពិភាក្សា ជាមួយ​គ្រូពេទ្យ ជាបន្ទាន់ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ រាជ សុ​ផែន ដែលជា​អគ្គលេខាធិការរង ក៏បាន​បញ្ជាក់ដែរថា នេះ​ជា​រយៈពេល នៃ​ការហ្វឹកហាត់ បន្តិចទៀត ទើប​មានការ​ធ្វើតេស្ត ដើម្បី​រក​អ្នក​ល្អ ។ អ្នក​ល្អ និង​មាន​វិន័យ សីលធម៌​ល្អ គឺជា​អ្នក​បាន​ទៅ​ប្រកួត​ស៊ី​ហ្គេម ព្រោះ​សហព័ន្ធ ត្រូវការ​មេដាយ ។​

ទិដ្ឋភាព​ប្រជុំ សមាជិក​ប្រតិបត្តិ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​

​ក្រសួងសុខាភិបាល បានផ្តល់​អាទិភាព ដល់​កីឡាករ​-​កីឡាការិនី ជម្រើសជាតិ មិនមែន​តែ​ប្រដាល់​គុន​ខ្មែរ​ឡើយ គឺ​ដល់​កីឡា​ជម្រើសជាតិ ទាំង​ឈុត​ធំ និង​ថ្នាល ទាំង ១.០០៤ នាក់ អាច​ចូល​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ អ្វី​ទាំងអស់​។ មន្ទីរពេទ្យ​ទាំង ៤ គឺ​មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​មិត្តភាព កម្ពុជា ចិន ព្រះកុសុមៈ មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត និង​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​។​

​សូមបញ្ជាក់ថា កាល​ស៊ី​ហ្គេម​លើក​ទី​២៩ ឆ្នាំ​២០១៧ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ប្រដាល់​គុន​ខ្មែរ ដណ្ដើមបាន​មេដាយមាស ដែល​រកបាន ដោយ​កីឡាករ ឃុន ឌី​ម៉ា និង​ដណ្ដើមបាន​មេដាយប្រាក់ មេដាយសំរិទ្ធ ទៀតផង ហើយ​សម្រាប់​លើក​ទី​៣០ នេះ កម្ពុជា ក៏​រំពឹងថា រកបាន​មេដាយ បន្តទៀត​ដែរ​៕v