ប្រដាល់​: សំណេះសំណាល​ចុងក្រោយ​មុន​ទៅ​ស៊ី​ហ្គេម​

280
អ្នក​ប្រដាល់​ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម (​រូប​៖ រ៉ូ​ហ្សា​)​

(ភ្នំពេញ)​: សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ និង​សហព័ន្ធ​ប្រដាល់​កម្ពុជា បាន​បើក​ធ្វើការ​សំណេះសំណាល​រួមគ្នា ជាមួយ​គ្រូបង្វឹក និង​កីឡា នៅ​ព្រឹក​ថ្ងៃទី​១៦​សីហា ដែល​នេះ ជាការ​សំណេះសំណាល​ចុងក្រោយ មុន​ចេញទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បាន​អះអាង​ឲ្យ​ដឹងថា កីឡាករ​របស់លោក​ចំនួន ៥ ប្រភេទ​ទម្ងន់​ត្រៀមខ្លួន​បានល្អ​ណាស់ ព្រោះ​៤៥​ថ្ងៃមុន​ទៅ​ប្រកួត​សហព័ន្ធ បាន​ចំណាយ​ថវិកា​ធ្វើ​ម្ហូបអាហារ​ដល់​ពួកគេ​បន្ថែម​លើ​ប្រាក់​របប​ប្រចាំខែ​១.៨០០.០០​រៀល របស់​ពួកគេ​ដោយ​ឲ្យ​ពួកគេ​ខិតខំ​ហ្វឹកហាត់​ឲ្យ​បានល្អ​។ ជាមួយគ្នានេះ ក្រៅពី​ប្រាក់ឧបត្ថម្ភ​ចំនួន​៥០០​ដុល្លារ របស់​សម្ដេច​តេ​ជោ​សហព័ន្ធ បាន​ស្វែងរក​ជំនួយ​ឧបត្ថម្ភ​ពី​ផ្នែក​ឯកជន​បាន​មួយចំនួនទៀត​ផ្ដល់​ឲ្យ​ពួកគេ​។​

​គួរ​បញ្ជាក់ថា អ្នក​ប្រដាល់​គុន​ខ្មែរ​ទាំង ៥​រូប ដែល​ត្រូវ​ចេញទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នោះ​មាន ម៉ឺន សុភា​, មឿ​ន សុខ​ហ៊ុ​ច​, ឃុន ឌី​ម៉ា​, ឡៅ ចិ​ត្រា និង វ៉ាន់ វឿន​។​

​ចំណែក​លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ដែលជា​ប្រធាន​សហព័ន្ធ​ប្រដាល់​សាកល​កម្ពុជា ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ប្រដាល់​សាកល​ចំនួន ៥​ប្រភេទ​ទម្ងន់ នឹង​ចេញទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នេះដែរ​។ អ្នក​ប្រដាល់​ទាំង ៥​រូបនោះ មាន សាន តុលា​, ណាត សៀក​និ​ន​, ហង្ស រ៉ា​ម៉ន​, ផល សោ​ភ័​ណ្ឌ និង ហ្វី​លី​ក មី​លីន ម៉ារ​ទីន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន បាន​អះអាងថា លោក​នឹង​រៀបចំ​ពិធីជប់លៀង​ដល់​អ្នក​ប្រដាល់​របស់លោក ប្រសិនបើ​គេ​បានទទួល​លទ្ធផល​ល្អ ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​នេះ​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ម៉ិ​ល កាដូ អគ្គនាយករង​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​នោះ​ថា ប្រដាល់​សាកល​នឹង​ចេញដំណើរ​ទៅ​ចូលរួម​ប្រកួត នៅ​ថ្ងៃទី​១៨​សីហា ចំពោះ​ប្រដាល់​គុន​ខ្មែរ​ចេញដំណើរ​ថ្ងៃទី​២៥​សីហា គឺ​ស្រប​ពេលដែល​ប្រដាល់​សាកល​ត្រឡប់មកវិញ​៕L ដោយ​៖ រ៉ូ​ហ្សា​