ប្រតិបត្តិ​ករ​ទូរគមនាគមន៍​៨៧​ភាគរយ​បាន​ចូលរួម​អនុវត្ត​កាតព្វកិច្ច​បង់​វិភាគទាន​ចូល​មូលនិធិ​ក​.​ស​.​ទ​.​ប្រមាណ​៩ លាន​ដុល្លារ​អាមេរិក​

587
ចែករម្លែក

ដោយ:សុផល​/​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៧ មាន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន ៨៧​ភាគរយ (២៧/៣១ ក្រុមហ៊ុន​) បាន​ចូលរួម​អនុវត្ត​កាតព្វកិច្ច​បង់​វិភាគទាន​ចូល​មូលនិធិ ក​.​ស​.​ទ​. និង​ប្រមូលបាន​មូលនិធិ​សរុប ៧០ % ស្មើនឹង​ទឹកប្រាក់​ប្រមាណ ៩ លាន​ដុល្លារ​អាមេរិក​។​នេះ​បើតាម​ការឱ្យ​ដឹង​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​។​

​គួរ​ជម្រាប​ថា មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​(​ក​.​ស​.​ទ​.) ត្រូវបាន​បង្កើតឡើង​ដោយ​ច្បាប់​ទូរគមនាគមន៍ ដោយបាន​កំណត់​កាតព្វកិច្ច​បង់​វិភាគទាន​ប្រចាំឆ្នាំ​ចំនួន ២​ភាគរយ នៃ​ចំណូល​ដុល​សរុប​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​សំដៅ​បង្កើន​ការតភ្ជាប់​និង​ការកាត់បន្ថយ​គម្លាត​ឌីជីថល​រវាង​ទីក្រុង​និង​ជនបទ​ព្រមទាំង​ចូលរួម​ក្នុង​អភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច​។​
​ ​

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព​ការងារ​របស់​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​​ទូរគមនាគមន៍ (​មូលនិធិ ក​.​ស​.​ទ​.) សម្រាប់​ការអនុវត្ត​គម្រោង​ឆ្នាំ​២០១៧ នៅ​ទីស្តីការក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កាលពី​ថ្ងៃទី​១២ ខែ ធ្នូ ឆ្នាំ​២០១៨ លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សាភិបាល​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍ (​ក​.​ម​.​ក​.​ស​.​ទ​.) បាន​ថ្លែងថា​៖​ក្រុមហ៊ុន​ចំនួន​២៧​ក្នុងចំណោម​ក្រុមហ៊ុន​៣១​ដែលជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ បាន​បង់​វិភាគទាន​ចូល​មូលនិធិ ក​.​ស​.​ទ​. នូវ​ទឹកប្រាក់​ប្រមាណ ៩ លាន​ដុល្លារ​អាមេរិក​។​

លោក បណ្ឌិត បានបញ្ជាក់​ផងដែរ​ថា ក្នុង​ឆ្នាំ​២០១៧ នេះ ក​.​ម​.​ក​.​ស​.​ទ​. បានអនុម័ត​គម្រោង​ពង្រីក​វិសាលភាព​គ្របដណ្តប់​សេវា​ទូរស័ព្ទ​ចល័ត​ជំនា​ន់ទី​៣/៤(3G/4G)​សរុប​ចំនួន​១៣១​ស្ថានីយ​ដោយ​អនុញ្ញាត​ឱ្យធ្វើ​ការសាងសង់​ស្ថានីយ​ថ្មី​ចំនួន​៤១​ស្ថានីយ​និង​ការធ្វើ​Upgrade និង​Reconfiguration ទៅលើ​ស្ថានីយ៍​ដែលមាន​ស្រាប់​ចំនួន​៩០ ស្ថានីយ​។​វឌ្ឍនភាព​ចុងក្រោយ​ចំពោះ​គម្រោង​សាងសង់​ថ្មី​ ​សាងសង់​រួចរាល់​មាន​ចំនួន ៧ ស្ថានីយ នា​ខែវិច្ឆិកា ឆ្នាំ​២០១៨ បាននិងកំពុង​សាងសង់ មាន​ចំនួន ១៩ ស្ថានីយ និង​ត្រូវ​បញ្ចប់​រួចរាល់​នៅ​យ៉ាងយូរ​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០១៩ និង​ស្ថានីយ​ដែល​យឺត​យ៉ាង​ក្នុង​ការសាងសង់​ដោយសារ​ទឹកជំនន់​និង​កំពុង​ដោះស្រាយ​ទីតាំង​សាងសង់ មាន​ចំនួន​១៥ ស្ថានីយ ដែល​រំពឹងថា​នឹង​ត្រូវបាន​ដោះស្រាយ​រួចរាល់​ឆាប់ៗ និង​កាលបរិច្ឆេទ​គម្រោង​បញ្ចប់​រួចរាល់​យ៉ាងយូរ​ត្រឹម​ខែមេសា ឆ្នាំ​២០១៩​។​

ចំពោះ​គម្រោង​ធ្វើការ Upgrade និង Reconfiguration ទៅលើ​ស្ថានីយ​ដែលមាន​ស្រាប់​៖​ចំនួន​៨៣ ស្ថានីយ ត្រូវបាន​ចប់​ជា​ស្ថាពរ នា​ខែវិច្ឆិកា ឆ្នាំ​២០១៨ និង​ចំនួន​៧ ស្ថានីយ ត្រូវ​រំពឹងថា​នឹងត្រូវ​បញ្ចប់​ត្រឹម​ខែមករា ឆ្នាំ​២០១៩៕B/

​ ​

​ ​