ប្រតិបត្តិ​ករ​ទេសចរណ៍ឲ្យតម្លៃ​ខ្ពស់​ចំពោះ​ដងព្រែក​កំចាយ

1662
ចែករម្លែក
  • 42
    Shares

ដោយ:បូកគោ​/​កំ​ពត ៖ នា​អំឡុងពេល​ដំណើរការ​ផ្នែក​សេវា​ទេសចរណ៍​ដោយ​ទាញ​ផលប្រយោជន៍​ពី​ដងព្រែក​កំចាយ អស់​រយៈកាល​ជិត​ពីរ​ឆ្នាំ ប្រតិបត្តិ​ករ​បរទេស​ម្នាក់​បានឱ្យ​តម្លៃ​ខ្ពស់​ចំពោះ​ដងព្រែក​មួយ​ខ្សែ​នេះ ហើយ​អំពាវនាវ​ដល់​គ្រប់​ជាតិ​សាសន៍​ទាំងអស់​ចូលរួម​ថែរក្សា​អនាម័យ និង​បរិស្ថាន​ឲ្យបាន​ស្ថិតស្ថេរ​យូរអង្វែង​។​

លោក​ខេ​វិ​ន ប្រូ​វី​ដឺ​សុន ម្ចាស់​រមណីយដ្ឋាន​សប្បាយ​ប៊ិច​(Sabay Beach) ដែលមាន​ទីតាំង​ជាប់​ដងព្រែក​កំចាយ​ស្ថិតក្នុង​ទឹកដី​ភូមិ​អណ្តូង​ជី​ម៉ឺន ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត​បាន​រៀបរាប់ថា ​រយៈពេល​ជិត​ពីរ​ឆ្នាំ​មកហើយ​ដែល​លោក​បើក​ដំណើរការ​បម្រើសេវា​ស្នាក់​នៅ និង​សម្រាកលម្ហែ​តាម​ដងព្រែក​កំចាយ​នេះ​។ ភ្ញៀវ​របស់លោក​តែងមាន​ការកើនឡើង​ជា​លំដាប់ ពិសេស​ថ្ងៃ​បុណ្យទាន​ធំៗ ដូចជា​បុណ្យចូលឆ្នាំ​ខ្មែរ ចូលឆ្នាំ​សាកល បុណ្យ​គ្រិស្ត​ម៉ាស ព្រះរាជ​ពិធីបុណ្យ​អុំទូក​ជាដើម​។

ម្ចាស់​រមណីយដ្ឋាន​ដដែល​បាន​បន្តថា​រាល់ថ្ងៃ​តែងមាន​ភ្ញៀវ​កក់​បន្ទប់​ទុក​មុន​ជា​ហូរហែ​ដើម្បី​បាន​សម្រាក​សម្រាប់​ថ្ងៃ​បុណ្យទាន​ខាងមុខ​។ ក្រៅពី​សេវា​ស្នាក់នៅ ភ្ញៀវ​មក​សម្រាកលម្ហែ​នៅ​សប្បាយ​ប៊ិច​ក៏​អាច​ចូលរួម​សម្រាប់​សកម្មភាព​កម្សាន្ត​ផ្សេងៗ​ទាំង​ផ្នែក​ខាងក្នុង និង​ខាងក្រៅ ដូចជា ជួល​កង់ ឬ​ម៉ូតូ​ជិះ​ទៅលេង​នៅ​រមណីយដ្ឋាន​ភ្នំ​សរ ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ទៅ​ទស្សនា​ចម្ការ​ម្រេច គយគន់​ដំណាំ​ហូប​ផ្លែ​ក្នុង​ឃុំ​កំពង់​គ្រែង ជិះទូក​កៃ​យ៉ាក ជិះទូក​កម្សាន្ត​តាម​ព្រែក និង​ធ្វើដំណើរ​ទៅ​មើល​ព្រៃ​កោងកាង លេងអុក លេង​ប៉េតង់​លើ​ឆ្នេរ​ខ្សាច់ អាន​សៀវភៅ មើល​ថ្ងៃ​លិច​។​ល​។

មួយរយៈ​ចុងក្រោយ​នេះ កន្លែង​របស់លោក​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​កើនឡើង​គួរឲ្យមោទនៈ​បំផុត​។ លោក​ខេ​វិ​ន ប្រូ​វី​ដឺ​សុន​បាន​រៀបរាប់​ទៀតថា​ ព្រែក​កំចាយ​មាន​សក្តានុពល​ច្រើនណាស់ ដូច្នេះ​គ្រប់គ្នា​ត្រូវគោរព​ច្បាប់​ស្តីអំពី​ការថែរក្សា​អនាម័យ និង​បរិស្ថាន ពោលគឺ​បើ​បាន​រីករាយ ក៏ដូចជា​ទទួលផល​ពី​ព្រែក​នេះហើយ គួរ​ធ្វើ​អ្វីដែល​ល្អ​សម្រាប់​ប្រយោជន៍​យូរអង្វែង​។ សព្វថ្ងៃ​ទឹក​ព្រែក​ល្អ​ស្អាត គ្មាន​សំរាម តែ​លោក​សូម​អំពាវនាវ​ដល់​អ្នក​ភូមិ ពិសេស​អាជីវករ ម្ចាស់ផ្ទះ​សំណាក់ រមណីយដ្ឋាន​នានា​តាម​ដងព្រែក​គួរ​ចេះ​កែច្នៃ​កាកសំណល់​ដើម្បី​យកមកប្រើ​ប្រាស់​ជំនួស​ឱ្យ​ការ​បោះចោល​ចូលក្នុង​ទឹក ឬ​ពង្រាយ​រាយប៉ាយ​ពាសវាល​ពាសកាល​នោះ​។​

លោក​ស៊ុយ ធា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ព្រែក​កំចាយ​ត​ភ្ជាប់​ពី​ដង​ជ្រោះ​ទឹកឈូ រហូតដល់​ក្រុង​កំពត​ប្រវែង​១៤​គីឡូម៉ែត្រ​មាន​ភាព​ទាក់ទាញ​ភ្ញៀវ​ព្រោះតែ​ទេសភាព​ល្អ​ប្រណីត​ដែលជា​អំណោយផល​ពី​ធម្មជាតិ​។ បច្ចុប្បន្ន នៅ​អម​សងខាង​ព្រែក​ពោរពេញ​ដោយ​សំណង់​ផ្សេងៗ​សម្រាប់​បម្រើការ​កម្សាន្ត ដូចជា រី​ស៊​ត បឹង​ហ្កា​ឡូ​ជាដើម​។

លោក​ប្រធាន​មន្ទីរ​បាន​បាន​អំពាវនាវ​ថា​ក្នុងនាម​មន្ទីរជំនាញ លោក​សូម​សំណូមពរ​ចំពោះ​អ្នកពាក់ព័ន្ធ​មេត្តា​យកចិត្តទុកដាក់​ក្នុងការ​រក្សា​អនាម័យ លម្អ​បរិស្ថាន​ឲ្យបាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​នៃ​មណ្ឌល​កម្សាន្ត​ ព្រោះ​ជា​ឆ្នាំងបាយ​សម្រាប់​ទាំងអស់គ្នា​៕​B/

#