ប្រតិបត្តិ​ការរំដោះ​ក្មេង​ក្នុង​ល្អាង​រូងភ្នំ​ថៃ​ចាប់ផ្តើម អាជ្ញាធរ​ស្នើអោយ​សារព័ត៌មាន​ចេញ​ឆ្ងាយ​ពី​កន្លែងកើតហេតុ​

3548
ចែករម្លែក

អភិបាលខេត្ត​និង​ជា​ប្រធាន​ក្រុម​ប្រតិបត្តិការ​ជួយសង្គ្រោះ​ក្មេង​ជាប់​ក្នុង​ល្អាង​រូងភ្នំ​នៅ​ភាគ​ខាងជើង​ថៃ​នោះ និយាយ​នៅ​ថ្ងៃអាទិត្យ​នេះ​ថា ប្រតិបត្តិ​ការនាំ​ក្មេង​បាល់ទាត់​ទាំង​១២​នាក់​និង​គ្រូ​របស់គេ​ម្នាក់​ចេញពី​រូងភ្នំ​ដ៏​ជ្រៅ​បានចាប់ផ្តើម ក្រោយពី​ពួកគេ​បាន​ជាប់​នៅក្នុង​នោះ​អស់​កន្លះ​ខែ​។​

​អភិបាលខេត្ត​ឈៀង​រ៉ៃ បាន​ប្រាប់​អ្នកយកព័ត៌មាន​ដូច្នេះ​និង​ថា​អ្នក​មុជទឹក​បរទេស​១៣​នាក់​និង​ថៃ​៥​នាក់​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​។​អ្នក​មុជ​ទឹកបាន​ចូលក្នុង​ល្អាង​នៅ​​ម៉ោង​១០​ព្រឹក​ថ្ងៃអាទិត្យ និង​ក្មេងៗ​នឹងត្រូវ​នាំចេញ​មកជា​មួយ​អ្នក​មុជទឹក​ជំនាញ​បណ្តើរៗ គឺ​ក្មេង​ម្នាក់​អមដោយ​អ្នក​មុជទឹក​២​នាក់​។​បើ​មិនមាន​អ្វី​ជា​ឧបសគ្គ​ទេ ពួកគេ​នឹង​ចេញមក​វិញ​នៅ​ម៉ោង​៩​យប់​នេះ​។​

​វិធី​តែមួយគត់​ដើម្បី​នាំ​ពួកគេ​ចេញពី​រូង​គឺ ជួយ​នាំ​ផ្លូវ​ពួកគេ​នៅក្នុង​ផ្លូវទឹក​ងងឹត​និង​តូចចង្អៀត​ដែល​ពេញ​ដោយ​ទឹក​ភក់​និង​ទឹក​ហូរ​ខ្លាំង ព្រមទាំង​អុកស៊ីសែន​ទាប​។​វា​ជាការ​​លំបាក​និង​ជួប​ឧបសគ្គ​តែ​ជា​ជំរើស​ចុងក្រោយ ដោយសារ​ជនរងគ្រោះ​នៅក្នុង​ល្អាង​កាន់តែ​យូរ រីឯ​ការជីក​រូង​ខួង​មកពី​លើ​ឬ​ដាក់​បំពង់​សំរាប់​អោយ​ពួកគេ​ដើរចេញ​គ្រាន់​​តែ​ជា​ការគិត​ដែល​មិនអាច​អនុវត្តបាន​ភ្លាមៗ​។​

​មុននេះ​អាជ្ញាធរ​បានស្នើ​សុំអោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចាកចេញ​ពី​តំបន់​ជុំវិញ​មាត់​រូង​កន្លែង​ដែល​ក្មេង​១២​នាក់​និង​គ្រូ​របស់គេ​ម្នាក់​បានជា​ប់​នៅក្នុង​នោះ​អស់​២​សប្តាហ៍ ជា​​ហេតុនាំអោយ​មានការ​និយាយ​ថា បេសកកម្ម​សង្គ្រោះ​អាច​នឹង​ចាប់ផ្តើម​ឆាប់ៗ​៕​ដោយ​៖​វាសនា​

​អ្នក​មុជទឹក​ជាច្រើន​នាក់​មកដល់​មាត់​រូង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។ អ្នកជំនាញ​គិតថា ការនាំ​ក្មេង​ចេញ​តាម​រូង​ដែល​ទឹក​ជន់​លិច​ជា​ជំរើស​ចុងក្រោយ​

ខណៈការចូលនាំក្មេងចេញមកក្រៅបានចាប់ផ្តើម ការងារបូមបាចទឹកចេញពីល្អាងនៅតែបន្ត