ប្រតិភូ​ចិន​នៅ​ខេត្ត​ជឺ​ជាំ​ង ចង់​មក​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​និង​ហោះហើរ​ត្រង់​មក​កម្ពុជា​មិនឲ្យ​ហួស​ឆ្នាំនេះ​

244
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​/​ភ្នំពេញ ​៖ បន្ទាប់ពី​មានការ​លើកឡើង​នូវ​ឱកាស​វិនិយោគ ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​រួចមក គណៈប្រតិភូ​ចិន​មកពី​ខេត្ត​ជឺ​ជាំ​ង បានបង្ហាញ​គោល បំណង​ចង់​មក​វិនិយោគ បង្កើត​តំបន់​ទេសចរណ៍​នៅ​កម្ពុជា ពិសេស​សម្រាប់​ទេសចរ​វ័យ​ចំណាស់ ខណៈ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ខេត្ត​មួយ​នេះ ត្រូវបាន​បញ្ជាក់ថា​នឹង​បើក​ដំណើរការ​ផ្លូវការ​នៅក្នុង​ឆ្នាំ​២០១៩​នេះ​។​ នេះ​បើតាម​វេ​ប​សាយ​ក្រសួងទេសចរណ៍​ផ្សាយ​អោយដឹង​នៅ​ថ្ងៃទី​២៤ ​ខែមិថុនា​នេះ​។​

​ការលើកឡើង​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​គណៈប្រតិភូ​ចិន​មកពី​ខេត្ត​ជឺ​ជាំ​ង ដឹកនាំ​ដោយ​ឯកឧត្តម ចាង សឺ​ស្ស៊ី (Zhang Zexi) អនុ​ប្រធានសភា​ប្រឹក្សា​យោបល់​ខេត្ត​ជឺ​ជាំ​ង នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​។​

​ក្នុងជំនួប​នោះ គណៈប្រតិភូ​ចិន​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​ឱកាស​វិនិយោគ​បង្កើត​តំបន់​ទេសចរណ៍ សម្រាប់​ទេសចរ​វ័យ​ចំណាស់​នៅ​កម្ពុជា ដោយ​លោក ចាង សឺ​ស្ស៊ី បាន​បញ្ជាក់ថា នៅ​ខេត្ត​ជឺ​ជាំ​ង​សម្បូរ​ទៅដោយ​ប្រជាជន​ច្រើន ហើយ​នៅ​ឆ្នាំ​២០១៨ ទេសចរ​ចិន​នៅ​ខេត្ត​ជឺ​ជាំ​ង​ចេញ​ដើរ​កម្សាន្ត​នៅក្រៅ​ប្រទេស​មាន​ចំនួន ២​លាន​៨​សែន​នាក់ ​ក្នុង​នោះមក​កម្ពុជា​ប្រមាណ៨​ម៉ឺន​នាក់​។​

​លោក ចាង បាន​បញ្ជាក់ថា ភ្ញៀវទេសចរ​ចិន​មកពី​ខេត្ត​របស់លោក នឹង​មក​ទស្សនា​នៅ​កម្ពុជា​កាន់តែ​ច្រើនឡើង​ថែមទៀត ហើយ​នៅពេល​រដូវ​ត្រជាក់​ម្ដងៗ ពួកគេ​ចូលចិត្ត​ស្នាក់នៅ​តំបន់​លម្ហែ​របស់​ពួកគេ នៅ​តំបន់​ភាគខាងត្បូង​ប្រទេស​ចិន ដែលមាន​អាកាសធាតុ​ក្ដៅ​ស្រួល​ជាង​ខេត្ត​ជឺ​ជាំ​ង​។​

​ដូច្នេះហើយ​បានជា​លោក និង​គណៈប្រតិភូ​មក​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា ដើម្បី​បង្ហាញ​ពី​បំណង​ចង់​មក​វិនិយោគ ក្នុង​ការបង្កើត​លំនៅដ្ឋាន​លម្ហែ​សម្រាប់​ទេសចរ​ចិន​មកពី​ទីនោះ​។​

​លោក ​ថោង ខុន បានបង្ហាញ​ការស្វាគមន៍​យ៉ាងខ្លាំង ចំពោះ​គោលបំណង​របស់​ភាគី​ចិន​ខាង​លើនេះ ហើយ​លោក​ថែមទាំង​បាន​ណែនាំ​ពី​ឱកាស​វិនិយោគ​ជាមួយ​ក្នុង​វិស័យ​ទេសចរណ៍ ពិសេស​គឺ​ការបង្កើត​នៅ​តំបន់​មាត់សមុទ្រ​នៃ​ប្រទេស​កម្ពុជា និង​តាម​បណ្ដោយ​​ទន្លេមេគង្គ ដែល​ហូរ​កាត់​ប្រទេស​កម្ពុ​ជាជាង ៤០០​គីឡូម៉ែត្រ មាន​ទេសភាព​ស្រស់ត្រកាល និង​អំណោយផល​ដល់​ការ​ស្នាក់នៅ​យូរ និង​ទស្សនា​កម្សាន្ត​របស់​ភ្ញៀវទេសចរ​។​

​ជាមួយគ្នា​នោះ លោក​ថោង ខុន បានស្នើ​ឱ្យ​ភាគី​ចិន​នៅ​ខេត្ត​ជឺ​ជាំ​ង ជួយ​ជំរុញ​ការបណ្ដុះបណ្ដាល​ភាសា​ចិន​ដល់​បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​កម្ពុជា​ដែល​និយាយ​ភាសា​ចិន តាមរយៈ​ការបង្កើត​សាលា​វិជ្ជាជីវៈ​ជំនាញ​ទេសចរណ៍​នៅ​កម្ពុជា សំដៅ​សម្រេច​ឱ្យបាន​ចំនួន​បុគ្គលិក​ជំនាញ និង​ម​គ្គុ​ទ្ទេស​ទេសចរណ៍ ឆ្លើយតប​នឹង​ចំនួន​ទេសចរណ៍ ពិសេស​ទេសចរ​ចិន​ដែល​នៅតែ​កើន​ឡើងជា​លំដាប់​។​

​លោក​ស្នើឱ្យ​ភាគី​ចិន​ជួយ​ជំរុញ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់ ពី​ខេត្ត​ជឺ​ជាំ​ង​មក​កម្ពុជា​ឱ្យបាន​ឆាប់រហ័ស​ផងដែរ ដើម្បី​ជំរុញ​កំណើន​ទេសចរ​ពី​ខេត្ត​មួយ​នេះ ឱ្យបាន​កាន់តែ​ច្រើនឡើង​។ ចំណុច​នេះ លោក ចាង សឺ​ស្ស៊ី បាន​ឆ្លើយតប​វិញ​ថា ខេត្ត​ជឺ​ជាំ​ង​របស់លោក​ក៏បាន​ខិតខំ​ជំរុញ​ការងារ​នេះដែរ ហើយ​នៅ​កំឡុង​ឆ្នាំ​២០១៩​នេះ ជើងហោះហើរ​ត្រង់​ពី​ខេត្ត​ជឺ​ជាំ​ង​មក​កម្ពុជា នឹងត្រូវ​ដំណើរការ​ឡើងជា​ផ្លូវការ​។​

​ចំពោះ​ឱកាស​វិនិយោគ និង​សំណើ​ទាំង​អម្បាលម៉ាន​របស់​ភាគី​កម្ពុជា គណៈប្រតិភូ​របស់លោក ចាង នឹង​ពាំ​នាំយកទៅ​ជម្រាបជូន​រដ្ឋាភិបាល​ចិន និង​បន្ត​ពិភាក្សា​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជួយ​ដល់​មិត្ត​កម្ពុជា​៕B/